ព្រះមហា​ក្សត្រិយានី​ថៃ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​

749
ចែករម្លែក

​ព្រះមហា​ក្សត្រិយានី​ថៃ សិរី​គីត ព្រះជន្ម ៨៦ វស្សា​កំពុង​គង់​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ​នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​បាងកក​។ នេះ​បើ​យោងតាម​ការិយាល័យ​គ្រួសារ​រាជវង្ស​ថ្លែង​អំពី​សុខភាព​របស់​ទ្រង់​ដ៏​កម្រ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០ សីហា​។​

​ព្រះមហា​ក្ស​តិ​យា​នី​សិរី​គីត ដែលជា​អគ្គមហេសី​របស់​ព្រះមហាក្សត្រ​ភូមិបុល អាឌុលយ៉ាដេត ដែល​សុគត​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់ពី​គ្រងរាជ្យ​បល្ល័ង្ក​៧​ទសវត្សរ៍ គឺជា​មាតា​របស់​ស្ដេច​បច្ចុប្បន្ន មហា វិ​ជ្ជ​រ៉ា​ឡុងកន ព្រះជន្ម ៦៦ វស្សា​។​

​ព្រះមហា​ក្សត្រិយានី​កម្រ​ឃើញ​ជា​សាធារណៈ​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប៉ុន្តែ​កាលពី​សប្តាហ៍​មុន ព្រះបរមរាជវាំង​បានចេញ​រូបថត​របស់​ទ្រង់​ដើម្បី​ប្រារព្ធ​ខួប​គម្រប់​៨៦​វស្សា​របស់​ទ្រង់​កាលពី​ថ្ងៃទី ១២ សីហា​។ ព្រះមហា​ក្សត្រិយ៍​ត្រូវបាន​ថត​ឃើញ​នៅ​ជាមួយ​បុត្រាបុត្រី​របស់​ទ្រង់ រួមទាំង​ព្រះមហាក្សត្រ​វិ​ជ្ជ​រ៉ា​ឡុងកន​។​

​ការិយាល័យ​គ្រួសារ​រាជវង្ស​បានឱ្យដឹងថា ព្រះមហា​ក្សត្រិយ៍​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ជូឡាឡុងកន​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​សីហា បន្ទាប់ពី​គ្រុនក្តៅ​ខ្លាំង​និង​ក្អក​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា ស្ថានភាព​របស់​ព្រះមហា​ក្សត្រិយ៍​បាន​ប្រសើរ​ឡើងវិញ​ហើយ ប៉ុន្តែ​ទ្រង់​នឹង​បន្ត​គង់នៅ​មន្ទីរពេទ្យ​ក្រោម​ការឃ្លាំមើល​៕ ដោយ៖ កញ្ញាដាលីស

ព្រះមហា​ក្សត្រិយានី​ថៃ សិរី​គីត