ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង​ចុះសួរសុខទុក្ខ​នាំយក​ស្បៀងអាហារ​និង​ថវិកា​ឧបត្ថម្ភ​ដល់​កងទ័ព​ខេត្ត

391
ចែករម្លែក
  • 14
    Shares

ដោយ​៖​សុខុម​/​ស្ទឹងត្រែង​៖​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​នៅក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង ទទួលបាន​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ពី​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្វាយ ញ៉​ន ជា​មេបញ្ជាការ​សឹក​រង​ខេត្ត​បាន​ទទួលយក​អំណោយ​ទាំងនោះ រួមមាន​៖ អង្ករ​នាងមិញ ២០​បេ ស្មើនឹង​១​ពាន់​គីឡូក្រាម មី​ម៉ា​ម៉ា ៥​កេស​ធំ ទឹកបរិសុទ្ធ ២០០​យួរ និង​ថវិកា ចំនួន​២​លាន​រៀល នោះ​ផង​ទៀត​ដើម្បី​ប្រគល់​បន្ត​ដល់​កងទ័ព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្វាយ​ញ៉​ន​បាន​មានប្រសាសន៍​ស្វាគមន៍​នូវ​ដំណើរ​ចុះសាកសួរ​សុខទុក្ខ​ដល់​កងទ័ព របស់​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​ខេត្ត​នាពេលនេះ ក្នុងន័យ​ពង្រឹង​កិច្ច​ទំនាក់ រវាង​អង្គភាព​កងទ័ព និង​ស្ថាប័ន​តុលាការខេត្ត ឲ្យ​កាន់តែ​ខិតចូល​មករក​ភាពស្និទ្ធស្នាល និង​រឹតចំណង​សាមគ្គី​ភាពរឹងមាំ តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ ពិសេស តាម​គោលការណ៍ រាជរដ្ឋាភិបាល​។

​លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា ការចូល​កាន់កាប់​រប​ស់ទា​ហាន​ឡាវ នៅក្នុង​បូរណភាព​ទឹកដី​កម្ពុជា នៃ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិតនៅក្នុង​តំបន់ នៃ​ភូមិសាស្ត្រ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ត្រូវបាន​ដោះស្រាយ​បញ្ចប់​ជម្លោះ ដោយ​ភាគី​ឡាវ​យល់ព្រម​ដក​កងទ័ព ចូលទៅក្នុង​ទឹកដី​ឡាវ​វិញ ក្រោម​កិច្ចព្រមព្រៀង រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ​។

​លោក​ថា ក្រោយពី​ការដក​កងទ័ព​ឡាវ​នោះ​រួច គឺមាន​កម្លាំង​សកម្មភាព​ខាង​ឡាវ ជ្រៀតចូល​ម្តងម្កាល ដូចជា​ស៊ើបការណ៍​ប្រដាប់អាវុធ​រុញ​ប្រជាជន​ឲ្យ​មករ​ស៊ី​ធ្វើការ​នៅក្នុង​តំបន់​ដែល​ធ្លាប់​ប្រឈមមុខ​ដាក់គ្នា ក្រៅពីនោះ​ឡាវ​បាន​បង្ហោះ​ត្រូ​ន​ស៊ើបការណ៍​ចូល​ដី​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៨​កន្លងមក​មាន​រហូត​ដល់​ទៅ​ជាង​៥០​លើក​ហើយ​ភាគី​យោធា​កម្ពុជា​បានធ្វើ​លិខិតតវ៉ា​ជាមួយ​ភាគី​ឡាវ​ជា​បន្តបន្ទាប់​។

​ក្រៅពីនោះ​កម្លាំងយោធា​ក៏បាន​ចូលរួម​សហ​ការណ៍​បង្ក្រាប​បទល្មើស​ឆ្លងដែន​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​បានជា​ច្រើន​ករណី​ផង​ទៀត​ដើម្បី​រក្សា​ការពារ​បាន​នូវ​សន្តិសុខ​ព្រំដែន​ធ្វើ​ឲ្យ​ព្រំដែន​មួយ​ដែល​ធ្លាប់​តែមាន​ភាពស្មុគស្មាញ មកជា​ព្រំដែន​មាន​សន្តិសុខ សុ​វត្តិភាព និង​កិច្ចសហប្រតិបត្តិការ​ណ៍ យ៉ាង​ល្អប្រសើរ ស្រម​តាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល​៕S/