ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំនេះ នឹងមាន​ទូកង​ប្រមាណ ២៧០​ចូលរួម​

386

(​ភ្នំពេញ​)៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៧​នេះ នឹង​ប្រព្រឹត្តទៅ​៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៥​កើត និង​១​រោច ខែ​ក​ក្តិ​ក ត្រូវ​នឹង​ថ្ងៃទី​២-៣ និង​ថ្ងៃទី​៤ ខែវិច្ឆិកា​។ រហូតដល់​ថ្ងៃទី​១១​តុលា​នេះ មាន​ទូកង​ប្រមាណ ២៧០​គ្រឿង និង​កីឡាករ​ជាង ១៤.០០០ នាក់​ត្រៀម​ចូលរួម​ប្រឡងប្រណាំង នៅមុខ​ព្រះបរមរាជវាំង​។ ចំនួន​ទូក ២៧០​គ្រឿង​នេះ បាន​កើន​ជាង ២០ ទូក​បើ​ធៀប​នឹង​​ឆ្នាំ​២០១៦​។ នេះ​បើតាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ម៉េ​ត មាស​ភក្តី បន្តថា ទីតាំង​ចំណត​ទូកង និង​កន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ​ទូក​មួង ទូក​ចែវ​គឺ​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ខណ្ឌ​​ជ្រោយចង្វារ របស់​ក្រុមហ៊ុន​OCIC និង​នៅ​អតីត​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​។ ចំណែកឯ​ទីតាំង​ប្រគុំ​តន្ត្រី​កម្សាន្ត និង​ស្តង់​លក់ទំនិញ មាន ៤​ទីតាំង​ធំៗ រួមមាន​៖ ទី​១-​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ទី​២-​នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី ទី​៣-​នៅ​រមណីយដ្ឋាន​វត្តភ្នំ និង​ទី​៤-​នៅ​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត​។

​លោក ម៉េ​ត មាស​ភក្តី ក៏បាន​បញ្ជាក់​ពី​វិធានការ​រឹតបន្តឹង​សន្តិសុខ និង​សណ្តាប់ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ដែល​អាជ្ញាធរ​សមត្ថ​​កិច្ច បាន​ចាត់វិធានការ​មាំមួន​ជាង​ឆ្នាំមុនៗ ព្រោះ​អាជ្ញាធរ​សមត្ថកិច្ច រំពឹងថា​នឹងមាន​កំណើន​ភ្ញៀវទេសចរ មក​កម្សាន្ត​ច្រើន​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាស កំណត់​យក​ទីតាំង​រមណីយដ្ឋាន​វត្ត​ភ្នំ​ដើម្បី​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​​គ្រឿងញៀន​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៧​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ពិសេស​នៅ​ស្ពាន​ជ្រោយចង្វារ ដែល​ពេលនេះ ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវបាន​ដំណើរការ​ការដ្ឋាន​​ជួសជុល​ហើយ​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​គ្រោង​នឹង​សាងសង់​ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេសាប នៅ​ម្តុំ​ឃាំង​សាំង​សូគីម៉ិច ក្នុង​ខណ្ឌឫស្សីកែវ​។ ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេសាប នឹងត្រូវ​ប្រារព្ធ​ពិធីបើកការដ្ឋាន​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​​សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ខាងមុខនេះ​។​
​ ​
​ជាមួយគ្នា​នោះ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ឆ្នាំ​២០១៧ ខាងមុខនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា លោក​អភិបាល បាន​ណែនាំ​ឱ្យមាន​ការប្រជុំ​ត្រួតពិនិត្យ​ការងារ​លម្អិត ដើម្បី​រក្សាបាន​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចូលរួម​លំហែ​កម្សាន្ត​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា អាជ្ញាធរ​សមត្ថកិច្ច បាន​ត្រៀម​រៀបចំ​កម្លាំងប្រដាប់អាវុធ​ការពារ​សន្តិសុខ​ថែរក្សា​សណ្តាប់ធ្នាប់ ជុំវិញ​បរិវេណ​ប្រារព្ធ​ព្រះរាជ​ពិធី​ប្រណាំងទូក នៅ​មាត់ទន្លេ មុខ​ព្រះបរមរាជវាំង​ការងារ​គ្រប់គ្រង​​សម្រួល​ប្រព័ន្ធ​ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ ព្រមទាំង​ព​ន្លឿ​ន​ការតុបតែង​លម្អ​សួនច្បារ តម្លើង​អំពូល​ភ្លើង​ដើម្បី​លើក​​កម្ពស់​សោ​ភណ្ឌ​ភាព​ជុំវិញ​ទីក្រុង និង​តំបន់​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​៕​ដោយ​៖ ម៉េង​ឆៃ​/sn