ព្រះរាជ​សកម្មភាព​សង្ខេប​របស់​ព្រះបាទ​សម្តេចព្រះ ន​រោ​ត្ត សីហនុ ដើម្បី ឯករាជ្យ​ជាតិខ្មែរ​

172
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: ឆ្នាំ ២០១៩ នេះ គឺជា​ខួប​លើក​ទី ៦៦ ឆ្នាំ នៃ ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិ​ច្ឆ​កា ២០១៩ ហើយ​ខាងក្រោម​នេះ គឺជា​ព្រះរាជ​សកម្មភាព​ខ្លះៗ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នោ​រោ​ត្ត​ម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះរាជ​បេសកកម្ម​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ ដើម្បី ទា​ទារ​ឯករាជភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ពី​អាណានិគម បារាំង​។​

ព្រះរាជ​សកម្មភាព​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាក្សត្រ​ខ្មែរ ដើម្បី ទាមទារ​ឯករាជ្យ​ពី​បារាំង (រូបៈ ឯកសារ)​

​ដោយ​ក្តីបារម្ភ​អំពី​ការឈ្លានពាន​ពី​ប្រទេសជិតខាង ព្រះបាទ​អង្គ ឌួង បានស្នើ​សុំឱ្យ​បារាំង ចូលមក​ការពារ​ខ្មែរ ប៉ុន្តែ​រហូតដល់​ឆ្នាំ ១៨៦៣ ដែល​ស្ថិតនៅក្នុង​រជ្ជកាល ព្រះបាទ នរោត្តម ទើប បារាំង ចូលមក​ធ្វើ​អាណាព្យាបាល​ប្រទេស​ខ្មែរ ដែល​ក្នុងនោះ បានសេចក្តីថា បារាំង​ជា​អ្នកការពារ​ខ្មែរ​កុំឱ្យ​ត្រូវបាន​ប្រទេស​ជិត​ដណ្តើមយក​។

​ប៉ុន្តែ​ក្រោយមក បារាំង ដាក់​គំនាប​មក​ខ្មែរ ទាំង​ព្រះរាជា មន្ត្រីរាជការ និង ប្រជារាស្ត្រ បង្កើតបានជា​ភា​ក្តៅក្រហាយ​ច្រើន​ទៅៗ រហូត​មាន​ចលនា​ជាច្រើន​ប្រឆាំង បារាំង និង ទាមទារ​រក​ឯករាជ​ភាព​របស់​ខ្មែរ​ពី បារាំង ដែល​ប្រការ​នោះ នាំឱ្យមាន​អសន្តិសុខ​ទូទាំង​ផ្ទៃ​ប្រទេស និង មានការ​ប​ង្ក្រា​ម​ពី បារាំង យ៉ាង​ឈឺចាប់​។​

ព្រះរាជ​សកម្មភាព​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាក្សត្រ​ខ្មែរ ដើម្បី ទាមទារ​ឯករាជ្យ​ពី​បារាំង (រូបៈ ឯកសារ)​

ព្រះរាជ​បេសកកម្ម​ការទូត​
​ដោយ​យល់ថា ការទាមទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​ឲ្យ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំងពេក ព្រះមហា​ក្ស​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ចាប់ផ្តើម​ងាក​ទៅ​តស៊ូ​តាមផ្លូវ​ទូត ដើម្បី ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។ ទីបំផុត​ក៏មាន​ការចុះហត្ថលេខា​មួយ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ ដោយ​បារាំង​បានទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​កម្ពុ​ជា ។ ប៉ុន្តែ​ជាក់ស្តែង បារាំង នៅតែ​គ្រប់គ្រង​ដដែល​។ ដោយហេតុ​នោះ នៅ​ថ្ងៃទី​១៥ ខែ មិថុនា ឆ្នាំ ១៩៥២ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថា ព្រះអង្គ​នឹង​ដណ្តើមយក​ឯករាជ្យ​ទាំងស្រុង ជូន​មាតុភូមិ​ក្នុង​រយៈពេល​៣​ឆ្នាំ​យ៉ាងយូរបំផុត​។​

​ថ្ងៃទី​៩ កុម្ភៈ ឆ្នាំ​១៩៥៣ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ទៅ​ប្រទេស​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ ប៉ុន្តែ បារាំង មិន​អើពើ​ឡើយ​។ ដោយហេតុ​នោះ​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៥៣ ព្រះអង្គ បាន​យាង​ចាក​ចេញពី​ប្រទេស​បារាំង ឆ្ពោះទៅ​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ការគាំទ្រ​ឯករាជ្យ​របស់​កម្ពុជា​។​

​ថ្ងៃទី​១៩ មេសា ឆ្នាំ​១៩៥៣ ព្រះអង្គ​បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ដែល ត្រូវបាន​ចុះផ្សាយ​ដោយ​កាសែត ញូវយ៉ក​ថែម របស់​អាមេរិក​ថា “​ប្រសិនបើ​បារាំង​មិន​ព្រម​ប្រគល់​ឯករាជភាព ឱ្យ កម្ពុជា ទេនោះ នឹងមាន​គ្រោះថ្នាក់​មួយ​យ៉ាង​ប្រាកដ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោក​ឡើង​ប្រឆាំងនឹង​បារាំង ហើយ​ពួកគេ​នឹង​ងាក​ទៅរក​ចលនា​វៀត​មិញ ដែល​ដឹកនាំ​ដោយ​កុ​ម្មុយ​និ​ស្ត​“​។​

​សេចក្តីថ្លែងការណ៍​នេះ លាន់ឮ​ពាសពេញ​ពិភពលោក ធ្វើឱ្យ​ពួកលោក​ខាងលិច​ជំរុញ​បារាំង ទើប​បារាំង ព្រម​ចរចា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​ឈានដល់​បារាំង​ផ្តល់​សម្បទាន​ខ្លះ​ដល់​កម្ពុជា ។ ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហនុ បាន​យាង​មកកាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣​។​

​ជាថ្មី​ម្តងទៀត នៅក្នុង​ព្រះ​សុន្ទរកថា​មួយ ដែល​ទ្រង់​បាន​ថ្លែង​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ពី​ព្រះទីនាំង ចន្ទច្ឆាយា សម្តេចព្រះ នរោត្តម សីហនុ បាន​សន្យា​យ៉ាង​មហោឡារិក ថា ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើមយក​ឯករាជ្យ​ឱ្យបាន​១០០​ភាគរយ​។​

​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៥៣ សម្តេចព្រះ នរោត្តម សីហនុ បាន​ភៀស​ព្រះកាយ​ទៅ​ប្រទេស​ថៃ ។ ក្រោយមក ទើប​ព្រះអង្គ យាង​ត្រឡប់មក គង់នៅ​តំបន់​ស្វយ័ត​មួយ​ដែល​រួមមាន​ខេត្តសៀមរាប បាត់ដំបង និង​កំពង់ធំ ហើយ​ប្រកាសថា ព្រះអង្គ​នឹង​យាង​ចូល​រាជធានី​វិញ នៅពេលណា​ដែល​បារាំង​ព្រម​ផ្ទេរ​មកឱ្យ​ប្រទេស​កម្ពុជា​វិញ​នូវ​កេតនភណ្ឌ​ចុងក្រោយ​នៃ​ឯករាជ្យ​របស់ខ្លួន ។​
​ដើម្បី​គាំទ្រ​ព្រះរាជ​បូជនីយកិច្ច​នេះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ទ្រង់​បាន​បង្កើត​កងកម្លាំង​ជីវពល និង​នារីក្លាហាន ដែល​ក្រោយមក​មាន​តួនាទី​យ៉ាង​ធំធេង ។​

ព្រះរាជ​សកម្មភាព​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាក្សត្រ​ខ្មែរ ដើម្បី ទាមទារ​ឯករាជ្យ​ពី​បារាំង (រូបៈ ឯកសារ)​

ទទួលបាន​ឯករាជភាព​ទាំងស្រុង​ពី បារាំង​
​ដោយមាន​ការណែនាំ​ពី​ព្រះអង្គ និង​ក្រោម​ការដឹកនាំ​របស់លោក​ប៉ែន នុត ការចរចា​ដែល​ប្រព្រឹត្តទៅ​នៅ​ក្រុងភ្នំពេញ បានសម្រេច​ដោយ​ជោគជ័យ​ទាំងស្រុង នៅត្រឹម​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៥៣ ។​

​ថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ស្តេច​បាន​យាង​ចូលមកក្នុង​រាជធានី​ភ្នំពេញ​វិញ​។

​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ មាន​ធ្វើ​ពិធី​មួយ​នៅមុខ​ព្រះបរមរាជវាំង លោក​ឧ​ត្ត​ម​សេនីយ៍ ឡង់​ក្លាត បានប្រគល់​យ៉ាង​មហោឡារិក​នូវ​អំណាច​បញ្ជាការ​របស់ខ្លួន​ថ្វាយ​ព្រះរាជា ។ គឺ​ពេល​នោះឯង​ហើយ ដែល​ខ្មែរ​ទទួលបាន​ឯករាជភាព​របស់ខ្លួន​ទាំងស្រុង​បន្ទាប់ពី កម្ពុជា ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង អស់​រយៈពេល ៩០​ឆ្នាំ​គត់ ។​

​ប្រជារាស្ត្រ ខ្មែរ​បាន​ថ្វាយ​ព្រះ​ឋានៈ​ចំពោះ​ព្រះអង្គ​ថា ជា​ព្រះបិតា​ឯករាជ្យ​ជាតិ ហើយ​តាម​សំណូមពរ​របស់​តំណាងរាស្ត្រ ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​ពិគ្រោះ​ជាតិ រាជរដ្ឋាភិបាល​បាន​លើក​ព្រះ​អង្គជា​វីរបុរស​ជាតិ ។ ថ្ងៃទី ៩ ខែ វិច្ឆិកា ក៏បាន​ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ ចាប់ពីពេលនោះ​រហូតមក​ដល់​សព្វថ្ងៃ​៕ ល​