ព្រះរាជ​អំណោយ​របស់​ស​ម្តេច​ព្រះមហាក្សត្រី​ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​និង​ស្ត្រី​ទើប​សម្រាលកូន​១២០​គ្រួសារ​

186
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​នៅ​ថ្ងៃ​សុក្រ​៥​រោជ​ខែអស្សុជ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​.២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៩​នេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ចាត់​ឱ្យ​ក្រុមការងារ​នាំយក​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី​នរោត្តម​មុនិនាថ​សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​។​

ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុ​ជារួម​ជាមួយនឹង​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ផ្តល់ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​ស្ត្រី​ទើប​សម្រាលកូន​ដែលមាន​ជីវភាព​លំបាក ចំនួន​១២០​គ្រួសារ​រស់នៅ​ភូមិ​ខ្សាច់​ស​ឃុំ​ក្រាំង​ល្វា​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង ។

​ក្នុងនាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​លោកស្រី​ម៉ែន​នារី​សោ​ភ័គ​អគ្គលេខាធិការរង​ទី​១​បាន​បាន​ពាំនាំ​នូវ​ព្រះរាជបន្ទូល​របស់ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក អាណិត ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​តែងតែ​គិតគូរ​ពី​ការរស់នៅ​របស់​ប្រជានុរាស្ត្រ ដែល ជា​កូន ជា​ចៅ ចៅទួត របស់​ព្រះអង្គ ។

​ជាមួយនឹង​ការគិតគូរ​នេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ក្នុងនាម​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ​ក៏​សូម​ផ្តាំ​ផ្ញើជូន​ប្រជាពលរដ្ឋ​ទាំងអស់​ជាពិសេស​បងប្អូន​ក្មួយៗ​ជា​ស្ត្រី​មាន​ផ្ទៃពោះ​។​អ្នក​ដែល​ទើប​សម្រាលកូន​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់​។​អនុវត្តតាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ត្រូវ​សម្រាលកូន នៅ​មណ្ឌល​សុខភាព​ដើម្បី​សុវត្ថិភាព​និង​ទប់ស្កាត់​ការចម្លង​ជំងឺ​នានា​។ ជាមួយគ្នានេះ​សូម​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​យ៉ាងហោចណាស់​ឱ្យបាន​៦​ខែ​ដំបូង​និង​ផ្តល់​អាហារូបត្ថម្ភ​ឱ្យបាន​គ្រប់គ្រាន់​។

​បន្ថែម​ពីនេះ​លោកស្រី​អគ្គលេខាធិការរង​ទី​១​ក៏បាន​ពាំនាំ​នូវ​សេចក្តីអំពាវនាវ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បន្ត​ខិតខំ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដោយ​ក្តី​រីករាយ និង​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព​ការពារ​«​ជាតិ​សាសនា​ព្រះមហាក្សត្រ​»​ដែលជា​បាវចនា​ជាតិ​ដ៏​រុងរឿង ហើយ​ជៀសវាង​រាល់​ការឃោសនា​អគតិ​នានា​ដែល​បំផ្លាញ​សុភមង្គល ភាពសម្បូរ​សប្បាយ រុងរឿង​របស់​ប្រជាជន និង​ប្រទេសជាតិ​យើង​។

​សូមបញ្ជាក់ថា​គ្រួសារ​និ​មួយៗ​ទទួលបាន​សាប៊ូដុំ​៣​ដុំ​និង​សាប៊ូទឹក​បោក​ខោអាវ​១​ដប​ជា​ព្រះរាជ​អំណោយ របស់ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រមទាំង អង្ករ ៣០​គីឡូក្រាម មី​យើង ១​កេស ត្រីខ ១០​កំប៉ុង និង​ឃី​ត (​មុង ភួយ សារុង ក្រមា អាវយឺត ) ១​ឃី​ត ជា​អំណោយ​របស់ កាកបាទក្រហមកម្ពុជា ៕S/​