ព្រះវិហារ​ថ្មី និងសមិទ្ធិផល​នានាក្នុង​ទីវ​ត្ត​ព្រះ​ក្រាលស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់

361
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​ព្រះវិហារ​ថ្មី និងសមិទ្ធិផល​នានា ក្នុង​ទីវ​ត្ត​ព្រះ​ក្រាល ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ត្រូវបានធ្វើ​ពិធី​សម្ពោធ និង កាត់​ឬ​សីមា ដាក់​ឲ្យ​ប្រើប្រាស់​ពុទ្ធា​ន​ញ្ញាត ថ្ងៃទី​២១ ខែ មីនា ឆ្នាំ​២០១៩។​

លោក​អភិបាល​ស្តីទី​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា ដើមឡើយ​វត្ត​ព្រះ​កាល​នេះ ជាទី​អាស្រម ហើយ​បច្ចុប្បន្ននេះ វត្ត​ព្រះ​ក្រាល មាន​ព្រះសង្ឃ​១២​អង្គ ជា​ភិក្ខុ ហើយ​ព្រះវិហារ​នេះ​បាន​ដំណើការ​សាងសង់​នៅ​ដើមឆ្នាំ​២០១៧ ដោយ​ព្រះចៅអធិការ​វត្ត ព្រះនាម ប្រាក់ សៃ ដឹកនាំ​កសាង រួមទាំង​សម​ទ្ធិ​ផល​នានា​ក្នុង​វត្ត អស់​ទឹកប្រាក់​សរុប ២៥២​ពាន់​៥០០​ដុល្លា ដោយ​កម្លាំង​សាមគ្គី​របស់​សប្បុរសជន និងពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផងដែរ។

លោក ទៀ សីហា ​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ការបាត់បង់​ព្រៃឈើ ធ្វើ​យើង​បាត់បង់​នូវ​ប្រភពទឹក​ក្រោម​ដី លើដី ព្រមទាំង​ធ្វើ​បរិស្ថាន​ធម្មជាតិ និង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​នៅលើ​ភពផែនដី ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ ទឹកជំនន់ និងគ្រោះ​រាំង ស្ងួត​ជាដើម។

លោក​ក៏បាន​លើក​ផងដែរ​ថា នាពេល​ខាងមុខនេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅតាម​តំបន់​មួយចំនួន នឹង​ជួប​នូវ​ការ​កង្វះ ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារម្ភ​ផងដែរ ដោយ​លោក​ក៌​បាន​ជម្រាប់​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើ​ការខ្វែង​រក​ទី​ប្រភពទឹក និងថែរក្សា​ឲ្យ​បាន ក្នុង​ការធានា​ផ្គត់ផ្គង់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រើបាស់​ប្រចាំថ្ងៃ ។

លោក ទៀ សីហា ក៏បាន​គូសបញ្ជាក់ថា ដើម្បីរក្សា​ឲ្យ​បាន​នូវ​សោ​ភណ្ឌ​ភាព​ធម្មជាតិ​នៅលើ ខ្នងភ្នំ​គូលែន ដែលជា​ទីកន្លែង​ទីសក្ការៈ​បូជារ​បស់បង​ប្អូន​ពុទ្ធបរិស័ទ​ខ្មែរ​យើង ក៏ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត សូម​បងប្អូន​ពុក​ម៉ែ​ដែល​អាស្រ័យ​ផល​ដោយ​ធនធានធម្មជាតិ​នៅ​ខ្នងភ្នំ​គូលែន​នេះ សូម​បងប្អូន​ប្រជា ពលរដ្ឋ ចូលរួម​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន និង អាជ្ញាធរ សមត្ថកិច្ច ក្នុងការ​ថែរក្សា​នូវ​ធន​ធានធម្មជាតិ​តំបន់ភ្នំ​គូលែន ឲ្យ​មាន​ដូច​ពី​សម័យ បុរាណកាល គឺ​ធ្វើ​ការដាំដុះ​ឡើង​វិញ កូនឈើ​ទាំងឡាយ ព្រមទាំង​ធ្វើការ​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​បាន​នូវ​គង់វង្ស​សម្រាប់​​កូនចៅ​ជំនាន់​ក្រោយ ហើយក៏​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​បងប្អូន​ពី​វិស័យ​ទេសចរណ៍​ទៀតផង ។

ម្យ៉ាងទៀត​សូម​បងប្អូន​កុំ​ស្តាប់​នូវ​ការ​ជម្រុញ របស់​ក្រុម​ឈ្មួយ​ខិល​ខួច ឲ្យ​បងប្អូន​ធ្លាក់ចូល​ទៅក្នុង​បទល្មើស ការកាប់​ទន្ទ្រាន​ដីព្រៃ​ឈើ នៅលើ​ខ្នងភ្នំ​គូលែន​នេះ។

លោក អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ត្រី​រាជការ និង ក្រុមការងារ​ខេត្ត សប្បុរសជន​ជិត​ឆ្ងាយ ព្រមទាំង​ព្រះសង្ឃ​នៅ​វត្ត​ព្រះ​ក្រាល ដែលមាន​ស​ន្ធា​ជ្រះថ្លា សហការ​កសាង​សមិទ្ធផល​ដែល​កំពុង​ត្រូវបាន​សម្ពោធ​នាពេលនេះ​។

លោក​ក៏បាន​នាំ​ការ​នឹករលឹក​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ព្រះសង្ឃ និង​សប្បុរសជន ក្នុង​ពិធី​ទាំងមូល​ផងដែរ ។

លោក ទៀ សីហា ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា កត្តា​សន្តិភាព ជា​កត្តា​សំខាន់​ណាស់​នាំមក​នូវ​ស្ថិរភាព​នយោបាយ​និង​ការអភិវឌ្ឍន៍​ពិតៗ ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ ។

ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​ព្រះ​ក្រាល​នេះដែរ លោក​បាន​មានប្រសាសន៍ថា សមិទ្ធផល​ទាំងនេះ​កើតឡើង​ដោយ​គុណបុណ្យ​ថ្ងៃជ័យ​ជំនះ​៧​មករា ១៩៧៩ ក្រោម​ការដឹកនាំ​របស់​សម្តេច​ទាំងបី បន្ទាប់ពី​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុលពត ហើយ​ថ្ងៃ​៧​មករា​នេះ ក៏​ជា​ថ្ងៃកំណើត​ទី​២​របស់​យើងទាំងអស់គ្នា ជា​ថ្ងៃ​ដែល​យើង​មានជីវិត​រស់​ឡើងវិញ ធ្វើ​ឲ្យប្រទេស​កម្ពុជា​ទាំងមូល​បាន​រួច​ផុតពី​សង្គ្រាមរ៉ាំរ៉ៃ ក្រោម​គោលនយោបាយ ឈ្នះៗ របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ម្យ៉ាងទៀត​នៅក្នុង​ភូមិសាស្ត្រ​ខ្នងភ្នំ​គូលែន​នេះ ក្នុង​ទស្សវត្ស​ឆ្នាំ​៨០ និង៩០ជា​សមរភូមិ​ក្តៅ​បំផុត តែ​បច្ចុប្បន្ន​បានធ្វើ​ឲ្យ​ប្រែក្លាយ​ពី​តំបន់​ប្រយុទ្ធ ឲ្យ​មានការ​អភិវឌ្ឍន៍​ទាំង​វិស័យ​ពុទ្ធចក្រ និង អាណាចក្រ​ទៀតផង៕B/