ព្រះវិហារ​៖ អ្នកជំនាញ​ខាង​កសិកម្ម​សុំឱ្យ​កសិករ​ងាក​មក​ដាំ​បន្លែ​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​

638

ព្រះវិហារ​៖ ប្រធាន​មន្ទីរ កសិកម្ម​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឱ្យ ប្រជាកសិករ​ងាក​មក​ដាំ​បន្លែ​តាម លក្ខណៈ​បច្ចេកទេស​ថ្មី ពីព្រោះ​បន្លែ​អាច ធ្វើបាន​ពេញ​មួយឆ្នាំ​ងាយស្រួល​ដាំ និង​ថែទាំ​ថែម​ទៀតផង​។ បែបនេះ​កសិករ នឹង​ទទួលបាន​ចំណូល​ច្រើន ។​
​ ​
​លោក ពឹង ទ្រី​ដា បានឱ្យដឹងថា ស្រប​ពេលដែល​បន្លែ​គ្រប់​ប្រភេទ​ត្រូវបាន​នាំចូល​មកពី​ប្រទេសជិតខាង ក្នុង​មួយ ថ្ងៃៗ​យ៉ាង​ច្រើ​នោះ ធ្វើឱ្យ​អ្នក​ទិញយក មក​បរិភោគ​មានការ​គិត​មុន នឹង​សម្រេច ចិត្ត​ទិញយក​មក ហូបចុក​។ ការគិត​របស់ ពលរដ្ឋ មុននឹង​ទិញ​បន្លែ​ដែល លក់​នៅ តាម​ទីផ្សារ​នានា​យកទៅ បរិភោគ​នោះ ពួកគាត់​ខ្លាច​ប៉ះពាល់​ដល់ សុខភាព​ក្រុម គ្រួសារ​ដោយសារ​បន្លែ​នាំចូល​ទាំងនោះ មាន​សារ​ជាតិគីមី​ច្រើន​។ ក៏ប៉ុន្តែ​បើ បន្លែ​ដែល​កសិករ​យើង​ដាំ​ក្នុងស្រុក​គឺ ពលរដ្ឋ​ខ្មែរ​យើង​ទិញ​ដោយ​មិនបាច់​គិតពិចារណា​នោះទេ ហើយ​បច្ចុប្បន្ន​បន្លែ ដែល​ដាំ​ដុះ ក្នុងស្រុក​លក់ដាច់​ខ្លាំង​ជាង បន្លែ ដែល​នាំចូល​ពី​ប្រទេសជិតខាង ។

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បានឱ្យដឹង​ក្នុងឱកាស ដែល​រួមជាមួយ ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ការដាំ​បន្លែ តាមបែប​បច្ចេកទេស​ថ្មី របស់​ប្រជា កសិករ​នៅ​ភូមិ​ស្ថាពរ សង្កាត់​ប៉ាល ហាល​ក្រុង​ព្រះវិហារ​ថា បន្លែ​ដែល ប្រជាកសិករ​ដាំ​តាមបែប​បច្ចេកទេស​ថ្មី គឺជា​បន្លែ​ដែល​គ្មាន​សារជាតិ​គីមី ដោយ ប្រើ​ថង់កៅស៊ូ​គ្របពីលើ និង​បាន​សន្សំ សំចៃ​ទឹក​ស្រោចស្រព​បាន​ច្រើន​។ ពួក គាត់​អាច​ដាំ​ដុះ​ពេញ​មួយឆ្នាំ ដោយ​ទទួល ទិន្នផល​ខ្ពស់ និង​បង្កើន​ប្រាក់ចំណូល លើកស្ទួយ​ជីវភាព​ក្រុមគ្រួសារ​ពួកគាត់​។​
​ ​
​កត្តា​នេះ​លោក​ប្រធាន​មន្ទីរ បាន​អំពាវនាវ​ឱ្យ​កសិករ​យើង ដែល ដាំ​ដុះ​បន្លែ​តាមបែប​លក្ខណៈ​បុរាណ ងាក​មក​ដាំ​ដុះ​បន្លែ​តាម​លក្ខណៈ​បច្ចេក​- ទេស​ថ្មី​វិញ​។ ព្រោះ​យើង​អាចធ្វើ​បាន ពេញ​មួយឆ្នាំ និង​ងាយស្រួល ថែទាំ​ព្រម ទាំង​ទទួល​ប្រាក់ចំណូល​ខ្ពស់​ទៀតផង ។​
​ ​
​លោក​ពឹង ទ្រី​ដា​ក៏បាន​សំណូម ពរ​ឱ្យ​ប្រជាកសិករ​យើង​ត្រូវ​ដាំ​ដុះ​បន្លែ ដោយ​ឈរលើ​ភាពស្មោះត្រង់​មិនមែន បន្លែ​ដែល​យើង​ដាំ​បាន​មាន​គេ​បញ្ជា ទិញ​ច្រើន ហើយ​បែរជា​យើង​ប្រើ​ជីគីមី ឱ្យ​ឆាប់​បាន​ផល​នោះ​វា​មិនល្អ​ទេ ។​
​ ​
​កសិករ​ម្នាក់​ឈ្មោះ ហេង គង់ និង​ភរិយា​ឈ្មោះ សំ ដៀ​ត ដែលជា កសិករ​គំរូ​បាន​រៀបរាប់ថា កាលពីមុន គាត់​ដាំ​ដុះ​បន្លែ​តាម​លក្ខណៈ​បុរាណ ដូច​កសិករ​ផ្សេងៗ​ទៀត​នៅក្នុង​ភូមិ​ដែរ​។ តែ​ដោយមាន​ការយកចិត្ត ទុកដាក់​ពី មន្ត្រី​កសិកម្ម​ដែល​តែងតែ​ចុះមក​បង្រៀន ពី​របៀប​ដាំ​ដុះ​បន្លែ​តាមបែប​លក្ខណៈ​បច្ចេកទេស​ថ្មី គាត់​ក៏មាន​ការចាប់អារម្មណ៍ ហើយក៏​អនុវត្តន៍​តាមតែ​ម្តង​។
​ ​
​រហូតមកដល់​ពេលនេះ​គាត់ យល់ច្បាស់​ព្រមទាំង​ធ្វើការ​វិភាគ​ថ្លឹង ថ្លែង​គិតថា​ការដាំដុះ​បន្លែ​តាម​លក្ខណៈ បុរាណ​មានការ​ពិបាក​ថែទាំ​ជាង​ការ ដាំ​ដុះ​បន្លែ​តាមបែប​បច្ចេកទេស​ថ្មី​ឆ្ងាយ ណាស់​។ សព្វថ្ងៃនេះ​ពួក គាត់​មានការ សប្បាយចិត្ត​ណាស់ ដោយសារ​មាន ឈ្មួញ​បញ្ជា​ទិញ​បន្លែ​ពួកគាត់​យកទៅលក់​នៅលើ​ទីផ្សារ មាន​ចំនួន​កើនឡើង ៕ ដោយ​៖ សៅ វ៉ាន់ឌី​