ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្ត​សង្កែ ស្ថិតនៅភូមិតាជោ ឃុំសង្កែ ​ស្រុករំដួល ខេត្តស្វាយរៀងត្រូវបាន​ធ្វើពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

78
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តសង្កែ ស្ថិតនៅភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ១៥០០នាក់។

លោក អភិបាលខេត្តបានថ្លែងនូវការកោតសរសើរនិងអំណរព្រះគុណ ចំពោះព្រះតេជគុណព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ជាពិសេសឧបាសក នួន សំអ៊ាន និង ក្រុមគ្រួសារ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមកសាងនូវទីអារាមព្រះវិហារ និង សមិទ្ធផលផ្សេងៗទៀត នៅក្នុងវត្តសង្កែ ដោយបានចំណាយថវិកាសាងសង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រមាណជា ៣២៨.៧៥០ដុល្លារ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

លោកអភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារ ឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាព កាន់តែខ្ពស់នៅក្នុងការចូលរួមចំណែកកសាងសមិទ្ធផល នានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្ដែងសមិទ្ធផលជាច្រើនដែលបានកើតឡើងនៅក្នុង បរិវេណវត្តសង្កែយើងនេះ គឺទទួលបានពីការ ចូលរួមវិភាគទាន ដែលជាសិល្បៈនៃការចែករំលែករបស់ សប្បុរសជន និងពុទ្ធបរិស័ទ។ ភ្ជាប់ជាមួយនឹងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារ និងសមិទ្ធផលនានានៅពេលនេះលោកសូមអំពាវនាវនូវបញ្ហាសំខាន់ៗមួយចំនួន ៖

១.សូមបងប្អូនប្រជាពលរដ្ឋទាំងព្រះសង្ឃនិងគ្រហស្ថ ចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះ ថ្នាក់នៃការសេពគ្រឿងញៀន។

២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា

ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ។

៣.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាននូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

៤.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាន នៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង។

៥.អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវខិតខំថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ តាមរយៈគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

៦.ទន្ទឹមនេះ ចំពោះករណីជំងឺឆ្លងជាសាកល ដូចជាជំងឺ ខូវីដ ១៩ ដែលមានប្រភពពីប្រទេសចិន និងជំងឺផ្ដាសសាយបក្សីដែលកំពុងផ្ទុះឡើងនៅប្រទេសវៀតណាម សូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តវិធានការបង្ការ ទប់ស្កាត់ឲ្យ បានម៉ឺងម៉ាត់ម៉ត់ចត់ និងផ្សព្វផ្សាយពីវិធានការការពារឲ្យបានផុលផុស ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ មានការប្រុងប្រយ័ត្ន រក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ មុននិងបរិភោគ ឬបន្ទាប់ពីប៉ះពាល់ជាមួយ សត្វបក្សី និងចម្អិតអាហារឲ្យបានឆ្អិនល្អ។

ក្នុងឱកាសនោះលោកអភិបាលខេត្តបាននាំមកនូវអំណោយផ្តល់ជូនយាយជី តាជី៨០នាក់ ក្នុងម្នាក់ៗក្រណាត់ ស ១ដុំ ថវិកា ១០.០០០៛,ជូនក្រុមប្រឹក្សាឃុំសង្កែ និងឃុំជ្រុងពពេល ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៥០.០០០៛,ជូនចាស់ជរា និងអ្នកងាយរងគ្រោះ ១០០នាក់ ក្នុងម្នាក់ៗក្រមា ១ ថវិកា ១០.០០០៛,ជូនលោកគ្រូ អ្នកគ្រូ ៣០នាក់ ក្នុងម្នាក់ៗ សៀវភៅ ៥ក្បាល ប៊ិក ៥ដើម ថវិកា ៥០.០០០៛,ជូនសិស្សានុសិស្ស យុវជន​ស.ស.យ.កយុវជនកាកបាទក្រហម ១៥០នាក់ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិក ២ដើម ថវិកា ១០.០០០៛,ជូនក្រុមគ្រូពេទ្យ ៣នាក់ ក្នុងម្នាក់ៗ ថវិកា ៥០.០០០៛, ជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ១.០០០នាក់ ក្នុងម្នាក់ៗ សារុង ១,ជូនសាលាស្រុករំដួល ១.០០០.០០០៛

ជូនអធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងផ្នែកសឹករងស្រុក ក្នុង ១អង្គភាព ៥០០.០០០៛,ជូនប្រជាការពារភូមិ ៥០០.០០០៛,ប្រគេនបច្ច័យតាមរោងទិសទាំង ៨រោងទិសនីមួយៗ ២០០.០០០៛, ប្រគេនបច្ច័យទិសសីមាឥន្ទ្រកិល ៥០០.០០០៛ , ប្រគេនបច្ច័យចូលបុណ្យ សម្រាប់កសាងវត្តសង្កែ ៥.០០០.០០០៛ ផងដែរ៕/B