ព្រះសង្ឃ​ចាកចេញ​ពី​វត្ត​ទៅ​គង់នៅ​ទី​ផ្សេង​ដោយសារ​ទឹក​លិច​វត្ត តើ​ដាច់​វស្សា ឬ ទេ ?

2236
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ នៅក្នុង​កិច្ច​បវរ​ណា ( កិច្ច​ដែល​ព្រះសង្ឃ​ក្នុង​វត្ត​ប្រកាសប្រាប់​គ្នា​ជា​ផ្លូវការ ) ចូល​វស្សា ព្រះសង្ឃ​គ្រប់​វត្ត​ទាំងអស់ បានកំណត់​នឹង​គ្នា​ថា​យក​ទីវ​ត្ត ឬ ទី​អាវាស ណាមួយ​សម្រាប់​គង់​ចាំ​វស្សា អស់​រយៈពេល ៣ ខែ គត់ ដោយ​កំណត់​ច្បាស់លាស់​ជាក់លាក់ អំពី​បរិវេណ នៃ ទីវ​ត្ត ឬ ទី​អាវាស​ទាំងនោះ​ពី​ទីណា​ដល់​ទីណា ។

​តាមរយៈ​ការកំណត់​ជាក់លាក់​នោះ ក្នុង​រយៈពេល ៣ ខែ នៃ ការចូល​វស្សា នោះ​ព្រះសង្ឃ​គ្រប់​អង្គ​ទាំងអស់ ដែល​គង់​ចាំ​វស្សា​ក្នុង​អារាម ឬ ទី​វត្ត​នោះ មិន​និមន្ត​ចេញទៅ​ស្នាក់​នៅក្រៅ​បរិវេណ​វត្ត ដែល​បានកំណត់​នោះ ឱ្យ​កន្លង​រាត្រី​ឡើយ ពោលគឺ និមន្ត​ចេញទៅ​ក្រៅ​វត្ត​នៅថ្ងៃនេះ ត្រូវតែ​និមន្ត​ត្រឡប់​ចូលក្នុង​បរិវេណ វត្ត​នោះ​វិញ ឱ្យបាន​មុន​ព្រះអាទិត្យ​រះ​ឡើង​នៅ​ថ្ងៃស្អែក ( លើកលែង​បានតែ​បាន​លើក​សត្តា​ហៈ គឺ​បានប្រកាស​ប្រាប់​សង្ឃ​ក្នុង​វត្ត​ជាមុន ) ។ ចំពោះ​ព្រះសង្ឃ​អង្គណា គង់នៅ​ក្រៅ​វត្ត​ឱ្យ​កន្លង​រាត្រី ដូចដែល​បានលើកឡើង​ខាងលើ តាម​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ កំណត់ ភិក្ខុ​រូបនោះ ថា​ជា​អ្នក​បាន​ដាច់​វស្សា ។​

​តាម​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ​នៅពេល​ភិក្ខុ​រូប​ណា​បាន​ដាច់​វស្សា ហើយ ភិក្ខុ​រូបនោះ អាច​នឹងត្រូវ​អាបត្តិ ( មាន​កំហុស ឬ មានទោស ) មួយចំនួន​តាម​ស្ថានភាព​ជាក់ស្តែង ។ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​មួយ​នោះ គឺ​ភិក្ខុ​រូបនោះ មិនមាន​សិទ្ធិ​ទទួល​អនុមោទនា ឬ ក្រាល​គ្រង​កឋិនទាន​បានឡើយ ។ ភិក្ខុ​អង្គណា​មិន​បានទទួល​អនុមោទនា​កឋិនទាន ភិក្ខុ​អង្គ​នោះ ក៏​មិន​បានទទួល​អានិសង្ស​កឋិន​ដែរ ពោលគឺ​មិនមាន​អ្វី​ជា​របាំង​ការពារ​ខ្លួន ធ្វើឱ្យ​ភិក្ខុ​រូបនោះ ងាយ​នឹងត្រូវ​អាបត្តិ គឺ​ងាយ​នឹងធ្វើ​ឱ្យមាន​កំហុស​ជាង​ភិក្ខុ​ដែល​បានទទួល​កឋិន ដោយសារ​ភិក្ខុ​ដែល​បានទទួល​អនុមោទនា ឬ ក្រាល​គ្រង​កឋិន មាន​អានិសង្ស​កឋិន​ការពារ ។​

​រយៈពេល​ប្រមាណ​ជា ១ ខែ មុននេះ នៅ​ទូទាំងប្រទេស​កម្ពុជា បាន​រងគ្រោះ​ទឹកជំនន់​ស្ទើរតែ​គ្រប់​រាជធានី​ខេត្ត ចំពេល​ដែល​ព្រះសង្ឃ​កំពុង​គង់​ចាំ​វស្សា ឬ ពេល​ចូល​វស្សា ហើយ​ទឹកជំនន់ ក៏បាន​ជន់​ពន្លិច​វត្ត​អារាម​ជាច្រើន​ណាស់ដែរ ហើយ​វត្ត​ខ្លះ​ព្រះសង្ឃ​អាច​បន្ត​គង់នៅ​ក្នុង​វត្ត​បាន ចំណែក​វត្ត​ខ្លះ​រងទឹក​ជំនន់​ខ្លាំង ព្រះសង្ឃ មិនអាច​បន្ត​គង់នៅ​ក្នុង​វត្ត​ទាំងនោះ​បានឡើយ ក៏បាន​ធ្វើ​បម្លាស់​ទី ពោលគឺ​និមន្ត​ចាក​ចេញពី​វត្ត​ដែល​បាន​បវរ​ណា​ចូល​វស្សា ទៅ​គង់នៅ​ទីកន្លែង​ផ្សេង​ដែលមាន​សុវត្ថិភាព គឺជា​ទី​ដែល​ស្ថិត​នៅក្រៅ​បរិវេណ​វត្ត​ដែល​លោក​បានកំណត់​កាលពីពេល​បវរ​ណា​ចូល​វស្សា ។

​ព្រោះ​សង្ឃ​ដែល​បាន​និមន្ត​ចាកចេញ​ពី​វត្ត​ទៅ​គង់នៅ​ទី​ផ្សេង​នោះ ក៏​មិនមែន​បាន​និមន្ត​ត្រឡប់​ចូលទៅ​គង់នៅ​ក្នុង​វត្ត​នោះ​វិញ មុន​អរុណរះ​ឡើយ គឺ​គង់នៅ​ជាច្រើន​យប់​ច្រើន​ថ្ងៃ ដែល​បានសេចក្តីថា ព្រះសង្ឃ​ទាំងនោះ បានធ្វើឱ្យ​កន្លង​រាត្រី នៅក្រៅ​វត្ត ។ ប្រការនេះ បានធ្វើឱ្យ​អ្នកខ្លះ​បង្កើតជា​សំណួរ​ថា ” តើ​ព្រះសង្ឃ​ទាំងអស់នោះ បាន​ឈ្មោះថា ជា​អ្នក​ដាច់​វស្សា​ដែរ ឬ អត់ ” ?

​ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ និង ជា​ព្រះចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង បាន​ឆ្លើយ​យ៉ាងខ្លី​ថា ” ព្រះ​ភិក្ខុសង្ឃ​ទាំងអស់នោះ មិនបាន​ឈ្មោះថា​ជា​អ្នក​បានធ្វើ​ឱ្យដាច់​ព្រះវស្សា​ឡើយ ” ។​

​ព្រះមហា​សមណៈ​ខេ​មរ​បញ្ញវន្ត​សង្ឃ​អង្គ​នេះ បាន​ពន្យល់ថា ក្នុងករណី​មាន​ប្រធាន​ស័ក ឬ គ្រោះ​មិនល្អ ដូចជា​ទឹក​ជំ​ន់ អគ្គិភ័យ ចោរកម្ម អសន្តិសុខ ឬ អន្តរាយ​ណាមួយ កើតឡើង​ចំពោះ​វត្ត​ណាមួយ ព្រះសង្ឃ​គ្រប់​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​នោះ ត្រូវមាន​ការព្រមព្រៀង​គ្នា លើក​សីមា​វត្ត ( ទី ឬ បរិវេណ ដែល​បានកំណត់​សម្រាប់​គង់​ចាំ​វស្សា ) ទៅ​គង់​ចាំ​វស្សា​នៅទីណា​មួយ​ផ្សេង​ដែលមាន​សុវត្ថិភាព​សិន ។ លុះ​ដល់ទី​វត្ត​នោះ វិលត្រឡប់​ទៅរក​ភាពប្រក្រតី ឬ មាន​ភាព​សាន្តត្រាណ​វិញ ពោលគឺ​អន្តរាយ​បាន​កន្លងផុតទៅ ទើប​ព្រះសង្ឃ​និមន្ត​ត្រឡប់​ទៅ​គង់​ក្នុង​វត្ត​នោះ​វិញ​ជា​ប្រក្រតី ។ មូល​ល​ដ្ឋា​ន​ដែល​អះអាងថា ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ មិនបាន​ឈ្មោះថា​ដាច់​វស្សា​នោះ គឺ​ដោយហេតុថា ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ មាន​ភាព​ឯកច្ឆន្ទ សង្ឃ​បាន​ព្រមព្រៀងគ្នា សង្ឃ​រក្សាបាន​នូវ​ភាព​ស្រុះស្រួល​គ្នា មិន​បែ​បាក់​សាមគ្គី​គ្នា ។​

​អ្វី​ជា​អត្ថ​ន័​សំខាន់​បង្កប់​ក្នុង​កិច្ច​ចូល​វស្សា ?

​ចូល​វស្សា មិនមែនជា​បុណ្យ​ទេ ប៉ុន្តែ​គឺជា​កិច្ច​ដ៏​សំខាន់ និង ចាំបាច់​បំផុត​មួយ​ក្នុង​ព្រះពុទ្ធសាសនា ហើយ​កិច្ច​នេះ​ត្រូវបាន​បញ្ញត្តិ​ជាង ២.៥០០ ឆ្នាំ​មកហើយ និង ត្រូវបាន​អនុវត្ត​ជា​រៀងរាល់ឆ្នាំ​យ៉ាង​ទៀងទាត់ តាំងពី​សម័យ​ពុទ្ធកាល​រហូតមកដល់​បច្ចុប្បន្ន ។ ចូល​វស្សា ក្នុង​មួយ​ឆ្នាំមាន​ម្តង ដោយមាន​រយៈពេល ៣ ខែ គត់ ចាប់ពី​ថ្ងៃ ១ រោច ខែ អាសាឍ ដល់​ថ្ងៃ ១៥ ខែ អស្សុជ ដែល​ឆ្នាំនេះ ចាប់ពី​ថ្ងៃទី ២៨ ខែ កក្កដា ដល់​ថ្ងៃទី ២៤ ខែ តុលា ។​

​ ​ដូចដែល​ព្រះ​ភិក្ខុ សឿ ហេង លើកឡើង​ខាងលើ​ហើយ​ថា មូល​ហេតុដែល​ព្រះសង្ឃ​ចាក​ចេញពី​វត្ត នៅតែ​មិន​ដាច់​វស្សា ដោយសារ​ព្រះសង្ឃ​ក្នុង​វត្ត​នោះ មាន​ភាពចុះ​សម្រុង​គ្នា មិន​បែ​បាក់​គ្នា ។ អត្ថន័យ ឬ ខ្លឹមសារ ឬ ទស្សនវិជ្ជា​ដ៏​សំខាន់បំផុត​មួយ​ដែល​បង្កប់​នៅក្នុង ” កិច្ច​ចូល​វស្សា គឺ​សាមគ្គីភាព រវាង​ព្រះសង្ឃ និង ព្រះសង្ឃ ក៏ដូចជា​រវាង​ព្រះសង្ឃ និង បរិស័ទ ឬ គ្រហស្ថ​ដែរ ” ។​

​ ​តាម​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ ប្រសិនបើ​ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​ណាមួយ​ជាមួយគ្នា មានទំនាស់​ទាស់ទែង ខ្វែងគំនិត​យោបល់​នឹង​គ្នា​ដែលជា​ការបែកបាក់​សាមគ្គីភាព​នោះ ព្រះសង្ឃ​ក្នុង​វត្ត​នោះ ត្រូវតែ​ដោះស្រាយ​រំងាប់​អធិករណ៍ ឬ ទំនាស់​ទាំងនោះ​ឱ្យបាន តាមបែប​សន្តិវិធី​ដើម្បី​បង្កើត​សាមគ្គីធម៌​ឡើងវិញ​ក្នុង​វត្ត​នោះ ។


​ ​ក្នុងករណី​ព្រះសង្ឃ​គង់​ចាំ​វស្សា​ក្នុង​វត្ត​ណាមួយ មានទំនាស់​ទាស់ទែង​គ្នា រហូត​មិនអាច​ដោះស្រាយ​រំលត់​អធិករណ៍​បានទេ​នោះ ព្រះសង្ឃ​ទាំងអស់​ដែល​គង់នៅ​ក្នុង​វត្ត​នោះ មិនមាន​សិទ្ធិ​ទទួល​អនុមោទនា ឬ ក្រាល​គ្រង​កឋិន​បានឡើយ គឺ​ស្មើនឹង​បានធ្វើ​ឱ្យដាច់​វស្សា​ដែរ ៕ Kh

វត្ត​ជាច្រើន​ត្រូវបាន​ជន​ពន្លិច​នាពេល​កន្លងទៅនេះ ប៉ុន្តែ​ការដែល​ព្រះសង្ឃ​ចាកចេញ​ពី​វត្ត​ដោយ​ករណីបែបនេះ មិនបាន​ឈ្មោះថា​ដាច់​វស្សា​ឡើយ ( រូបៈ ឯកសារ​ )​​