ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប នាំយក​ម្ហូបអាហារ នំចំណី និង​ថវិកា​ខ្លះៗ​ទៅជូន​អង្គភាព​កងទ័ព​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ

208
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ កាលពី​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា​ឆ្នាំ​២០១៩ បន្ទាប់ពី​បញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ ព្រះសង្ឃ​និង​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដឹកនាំ​ដោយ​ព្រះគ្រូ​វិជ័យ​រង្សី ឡា​ច លាង សាសន​ធ​រោ ព្រះគ្រូ​អនុ​ក្រុង​សៀមរាប និង ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ទេព​ពោធិ៍​វង្ស ហៅ​វត្ត​ថ្មី រួមជាមួយ​ព្រះគ្រូ​ចៅអធិការ​បណ្តា​វត្ត​មួយចំនួន និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប បាន​ប្រមូល​និង​នាំយក​ម្ហូបអាហារ នំអន្សម គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​ថវិកា​មួយចំនួន​ទៅជូន​ដល់​អង្គភាព​ទ័ព​កំពុង​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក្នុងស្រុក​អន្លុងវែង និង​ស្រុក​ត្រពាំង​ប្រាសាទ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ព្រះគ្រូ​វិជ័យ​រង្សី ឡា​ច លាង បាន​មាន​សង្ឃដីកា​រថា ថវិកា​ដែល​ទទួលបាន​ពី​ការចូល​រួម​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ ត្រូវបាន​ឧបត្ថម្ភ​ជូន​ទីបញ្ជាការ​កងការពា​រ​ព្រំដែន​គោក​លេខ​៤០៣ ចំនួន​២​លាន​រៀល , ជូនទៅ​កងអនុសេនាធំ​លេខ​២ ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ​ថវិកា​១​លាន​រៀល , ជូនទៅ​កងទ័ព​ឈរជើង​នៅ​ចំណុច​ភូមិ​ផ្ទោល ស្ថិតក្នុង​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ថវិកា ៣០០​ដុល្លារ​អាមេរិក ហើយ​អង្គភាព​ទ័ព​ទាំងបី​នេះ ក៏បាន​ទទួល​បន្ថែម​នូវ​គ្រឿង​បរិភោគ​ជាច្រើន​ទៀត រួមមាន នំអន្សម ទឹកត្រី ទឹក​ស៊ី​អី​វ ត្រីខកំប៉ុង ទឹកក្រូច ទឹក​សុ​ទ្ឋ និង​បានការ​ចែកជូន​ដោយផ្ទាល់​នូវ​ថវិកា​ផ្ទាល់ខ្លួន​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​រួម​ដំណើរ​ដល់​យោធិន​ម្នាក់ៗ​ថែមទៀត​ផងដែរ ។​

ព្រះ​តេជគុណ បាន​មាន​សង្ឃដីកា​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប សហការ​មូលមតិ​គ្នា​នាំយក​គ្រឿងឧបភោគ បរិភោគ​យកទៅ​ជូន​ដល់​កងទ័ព និង​អង្គភាព​ទ័ព​កំពុង​បំពេញភារកិច្ច​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា ថៃ ដែល​សកម្មភាព​នេះ សម្តែង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​ដល់​កងទ័ព ពី​សំណាក់​ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជួរ​ក្រោយ និង​មិនដែល​ភ្លេច​សោះឡើយ​ពី​ការលំបាក និង​ការលះបង់​កម្លាំងកាយ​ចិត្ត​របស់​វីរៈ​កងទ័ព​ខ្មែរ ដែល​កំពុង​បំពេញភារកិច្ច​ក្នុង​បុព្វហេតុ​ការពារ និង​កសាង​មាតុប្រទេស​កម្ពុជា​ឡើយ​។​

ព្រះ​តេជគុណ បាន​មាន​សង្ឃដីកា​បន្ថែមថា គ្រឿងឧបភោគ​បរិភោគ និង​នំ​ទាំងនេះ គែ​បានមកពី​ការ​កៀរគរ​ចូលរួម​ពី​តាម​បណ្តា​វត្ត​នានា​ក្នុង​ក្រុង​សៀមរាប ដែល​ទទួលបាន​ពី​ការ​ប្រគេន​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំ​បិ​ណ្យ ដោយ​វត្ត​ខ្លះ​បាន​បែងចែក​យកទៅ​ជូន​ដល់​អ្នកទោស​នៅក្នុង​ព​ន្ឋ​នាគារ​ខេត្ត នៅ​មន្ទីរពេទ្យ និង​ខ្លះទៀត ចែករំលែក​ទៅ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​ការពារ​ក្នុង​មូលដ្ឋាន​ក្បែរ​វត្ត ដែល​ពួកគាត់​បាន​ជួយ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព ជូន​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ៕B/