ព្រះសង្ឃ​មួយអង្គ​នៅ​វត្ត​តា​នៃ ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរ​បួស​ធ្ងន់​

671
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​វត្ត​តា​នៃ បាន​រងរបួស​ធ្ងន់​ក្នុង​ឧ​ប្បវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ខណៈ​ព្រះអង្គ ជិះ​ម៉ូតូ​វិល​ចូល​វត្ត​វិញ​បន្ទាប់ពី​មាន​ពលរដ្ឋ​និមន្ត​ឲ្យ​មក​សូត្រមន្ត​។ ករណីនេះ កើតឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ត្រង់​ផ្លូវបំបែក​ចូលទៅ​ផ្លូវ​កែវផុស ស្ថិត​ក្នុងភូមិ​/​ឃុំ​តា​នៃ ស្រុក​ព្រៃនប់ កាលពី​រសៀល ថ្ងៃទី​២៤​ខែ​កក្ដ​ដា​ឆ្នាំ​២០១៨ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា ព្រះសង្ឃ​រងគ្រោះ​ព្រះនាម មុយ ហ៊ាង ព្រះជន្ម​៦០​ព្រះវស្សា ជា​គ្រូសូត្រស្តាំ​គង់នៅ​វត្ត​តា​នៃ ឃុំ​តា​នៃ​ស្រុក​ព្រៃនប់ ទទួលរង​របួសធ្ងន់​ដោ យ​សារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​ដឹកទំនិញ​ធុន​ធំ និង​ម៉ូតូ ក្នុងនោះ​បុរស​អ្នកបើកបរ​ម៉ូតូ​ដែល​ដឹក​ព្រះសង្ឃ​រងគ្រោះ​ក៏​រងរបួស​ស្រាល​ផងដែរ​។

​សមត្ថកិច្ច​ឲ្យ​ដឹងថា ហេតុការណ៍​នេះ កើតឡើង​ពេល​បើកបរ​បញ្ច្រាសទិស​គ្នា និង​កើតឡើង​ក្នុងពេលដែល​ភាគី​ខាង​រថយន្ត​ផ្លាកលេខ​ព្រះសីហនុ 3A 7577 កំពុង​បត់​ឆ្វេង​ឆ្លងផ្លូវ​។ ក្រោយ​ហេតុការណ៍​នេះ ព្រះសង្ឃ​រងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​។​

​លោក អ៊ុក សាវឿន មេឃុំ​តា​នៃ​បាន​ប្រាប់ថា រូបលោក​ផ្ទាល់​និង​ក្រុមការងារ​បាន​នាំយក​ថវិកា​ខ្លះ ទៅ​ជួយ​ដល់​ការព្យាបាល​ផងដែរ ក្នុងនោះ លោក​មេឃុំ​ជួយឧបត្ថម្ភ​១០​ម៉ឺន​រៀល និង​ក្រុមការងារ​ជួយឧបត្ថម្ភ​ចំនួន​៣០​ម៉ឺន​រៀល​៕