ព្រះសង្ឃ​អន្តរជាតិ​១០០០​អង្គ មកពី​១៨​ប្រទេស ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌសីមា​វត្ត​ខ្មែរ​លុម្ពិនី នៅ​នេ​ប៉ាល់​

960

(​ភ្នំពេញ)៖ពិធី​បញ្ចុះ​ខណ្ឌសីមា វត្ត​ខ្មែរ​លុម្ពិនី (​ជាទី​ប្រសូត​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ គឺជា ពុទ្ធ​សា្ថ​នទី​១) ដែល​ស្ថិតនៅ​ខាងជើង​ប្រទេស​នេ​ប៉ាល់ ដោយមាន​ព្រះសង្ឃ​អន្តរជាតិចំនួន​១០០០​អង្គមកពី​១៨​ប្រទេសចូលរួមដើម្បី​ប្រមូល​បច្ច័យ​ទៅ​កសាង​បង្ហើយ​ព្រះវិហារ​ពិធី​នេះ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខ ក្រោម​អធិបតីភាព​លោក ហ៊ុន ណេង សមាជិក​រដ្ឋសភា និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះមហា​បញ្ញារ​ក្ខិ​តោ តែម ម៉ាច ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មា​ហ​សង្ឃ​រាជាធិបតី និង​ជា​ប្រធាន​ដឹកនាំ​គណៈ​ធម្ម​យាត្រា បាន​មាន​ដីកា​ថា បុណ្យ​បញ្ចុះ​ខណ្ឌសីមា ជា​បុណ្យ​ដ៏​កម្រ ឬ​ជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធសាសនា​ព្រោះថា បុណ្យ​នេះ​ធ្វើបាន​តែម្តង​សម្រាប់​វត្ត​និ​មួយៗ និង​មាន​ផល្លានិសង្ស​រក​ប្រមាណ​មិនបាន​។ នេះ​ជាហេតុ​ការណ៍​ដ៏​អស្ចារ្យ និង​កត់ត្រា​ក្នុង​ប្រ​វត្ត​សាស្ត្រ​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​របស់​យើង ដែលមាន​ព្រះសង្ឃ​ជាតិ និង​អន្តរជាតិ និមន្ត និង​អញ្ជើញ​ចូលរួម​បុណ្យ​នេះ ប្រមា​១៨​ប្រទេស​ដូចជា ប្រទេស​កម្ពុជា (​ជា​ម្ចាស់​កម្មវិធី​) ថៃ វៀតណាម ឡាវ ភូមា បង់​ក្លា​ដែ​ស អាល្លឺម៉ង់ ព្រះសង្ឃ​អាសា​ម ប៊ូរ​តាន់ សឹង្ហ​បុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ស្រីលង្ការ ឥណ្ឌា នេ​ប៉ាល់ ទី​បេ ចិន កូរ៉េ ជាដើម​។​

​ព្រះមហា​បញ្ញារ​ក្ខិ​តោ តែម ម៉ាច បាន​មាន​ដីកា​បន្តថា ពិធី​បញ្ចុះ​ខណ្ឌសីមា វត្ត​ខ្មែរ​លុម្ពិនី នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦-២៧-២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ​។ ហើយ​ព្រះអង្គ​នឹង​ដឹកនាំ​គណៈ​ធម្ម​យាត្រា​ទៅ​វត្ត​ខ្មែរ​លុម្ពិនី នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​និមន្ត​ទៅ​ចូលរួម​កម្មវិធី​បញ្ចុះ​ខណ្ឌសីមា​។​

​ជាមួយគ្នានេះ ព្រះអង្គ​បានធ្វើការ​អំពាវនាវ​ដ​ល​ល់​ពុទ្ធបរិស័ទ​ទាំងអស់ ដើម្បី​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​វត្ត​ខ្មែរ​លុម្ពិនី ពីព្រោះ​វត្ត​នេះ​ជាវ​ត្ត​ខ្មែរ​ដែល​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខាងត្បូង​ប្រទេស​នេ​ប៉ាល់​។​
​ ​
សូមជម្រាបថា វត្ត​ទាំង​៨ របស់​ខ្មែរ នៅ​ដែនដី​ពុទ្ធភូមិ ឥណ្ឌា និង​នេ​ប៉ាល់ មានដូចជាៈ ១.​វត្ត​ខ្មែរ​លុម្ពិនី (​កន្លែង​ព្រះពុទ្ធ​ទ្រង់​ប្រសូត​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វង្សា​ចំនួន​៥​អង្គ​។ ២.​វត្ត​ខ្មែរ​ពុទ្ធ​គ​យា (​កន្លែង​ព្រះ​ពុទ្ធអង្គ​ទ្រង់​ត្រាស់ដឹង​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វង្សា​ចំនួន​៣៨​អង្គ​។ ៣.​វត្ត​ខ្មែរ​សារ​នាថ ក្រុង​ពារាណសី (​កន្លែង​ព្រះ​ពុទ្ធអង្គ​ទ្រង់​សម្តែង​ធម្មចក្ក​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វង្សា​ចំនួន​៥​អង្គ​។ ៤.​វត្ត​ខ្មែរ​ឧ​រុ​វេ​ល​និគម (​កន្លែង​ព្រះ​ពុទ្ធអង្គ​ទ្រង់​សម្តែង​បាដិហារ្យ​ចំនួន​៣៥០០​បាដិហារ្យ និង​សម្តែង​អាទិ​ត្ត​បរិយាយ​សូត្រ​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វង្សា​ចំនួន​៥​អង្គ​។ ៥.​វត្ត​ខ្មែរ​សុវណ្ណ​ភូមិ​ក្រុង​រាជគ្រឹះ (​កន្លែង​ព្រះ​ពុទ្ធអង្គ​ទ្រង់​សម្ដែង​ឱវាទ​បាដិមោក្ខ និង​អានា​ប​ដិ​មោក្ខ​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វង្សា​ចំនួន​៤​អង្គ​។ ៦.​វត្ត​ខ្មែរ​វេសាលី (​កន្លែង​ព្រះ​ពុទ្ធអង្គ​ទ្រង់​សម្ដែង​រតនៈ​សូត្រ​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វង្សា​ចំនួន​៥​អង្គ​។ ៧.​វត្ត​ខ្មែរ​សាវត្ថី (​កន្លែង​ព្រះ​ពុទ្ធអង្គ​ទ្រង់​គង់នៅ​អស់​រយៈពេល​ដ៏​យូរ ២៥​វង្សា​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វង្សា​ចំនួន​៤​អង្គ។ ៨.​វត្ត​ខ្មែរ​កុសិនារា (​កន្លែង​ព្រះ​ពុទ្ធអង្គ​ទ្រង់​យាង​ចូល​បរិ​និ​ពា​ន្វ​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វង្សា​ចំនួន​៦​អង្គ​៕​ដោយៈ មុនី​រ័ត្ន​/sn

  • (​រូប​កណ្តាល​) ព្រះមហា​បញ្ញារ​ក្ខិ​តោ តែម ម៉ាច​

​វត្ត​ខ្មែរ​លុម្ពិនី នៅ​ខាងត្បូង​ប្រទេស​នេ​ប៉ាល់​