ព្រះអង្គម្ចាស់ហារីមានបន្ទូលថាមិនចង់បញ្ចប់តួនាទីរាជវង្សទេ និងកំពុងសោកសៅខ្លាំង

163
ចែករម្លែក

ព្រះអង្គម្ចាស់ហារីរបស់ចក្រភពអង់គ្លេសបានមានបន្ទូលកាលពីថ្ងៃអាទិត្យ ទី១៩ មករាថាទ្រង់មានការសោកសៅជាខ្លាំងដែលទ្រង់ត្រូវចាកចេញពីរាជកិច្ចរបស់ទ្រង់ បន្ទាប់ពីបានយល់ព្រមជាមួយមហាក្សត្រិយ៍អេលីហ្សាបេតថា ទ្រង់និងព្រះនាងមេហ្គាននឹងចុះចេញពីតួនាទីផ្លូវការដើម្បីស្វែងរកអនាគតឯករាជ្យ។

វាំងបាក់ឃីងហែមនិងម្ចាស់ក្សត្រិយ៍បានប្រកាសកាលពីថ្ងៃសៅរ៍ទី១៨មករាថា ព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គាននឹងលែងប្រើគោរមងារ “រាជវង្ស” របស់ពួកទ្រង់ ឬក៏ទទួលយកមូលនិធិសាធារណៈណាមួយតទៅទៀតហើយ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់វិបត្តិដែលទ្រង់ទាំងពីរបានបង្កឡើងដោយប្រកាសថាពួកទ្រង់ចង់កាត់បន្ថយមុខងាររបស់ខ្លួន ហើយចំណាយពេលច្រើនឡើងនៅអាម៉េរិកខាងជើង ខណៈបន្តធ្វើជាញាតិវង្សសកម្មដដែល។

នៅក្នុងសុន្ទរកថាមួយទៅកាន់កម្មវិធីរបស់អង្គការសប្បុរសធម៌ Sentebale ព្រះអង្គម្ចាស់ហារី ដែលមានទឹកមុខស្រងូតស្រងាត់ បានមានបន្ទូលថា លទ្ធផលចុងក្រោយមិនមែនជាអ្វីដែលទ្រង់ចង់បានទេ។

ព្រះអង្គម្ចាស់ហារី ដែលស្ថិតនៅជួរទី ៦ ក្នុងរាជបល្ល័ង្ក បានមានបន្ទូលថា “ក្តីសង្ឃឹមរបស់យើងគឺត្រូវបន្តបម្រើព្រះមហាក្សត្រិយ៍ មាតុភូមិ និង សមាគមយោធារបស់ខ្ញុំ ដោយគ្មានថវិកាសាធារណៈ។ គួរឱ្យស្តាយរឿងនោះមិនអាចទៅរួចទេ”។

“ខ្ញុំទទួលស្គាល់រឿងនេះមិនអាចផ្លាស់ប្តូរថាតើខ្ញុំជានរណាឬតើខ្ញុំប្តេជ្ញាចិត្តកម្រិតណាបានឡើយ ប៉ុន្តែខ្ញុំសង្ឃឹមថាវានឹងជួយអ្នកឱ្យយល់ពីអ្វីដែលវាបានកើតឡើង ដែលខ្ញុំនឹងដកថយពីអ្វីដែលខ្ញុំធ្លាប់បានដឹងដើម្បីឆ្ពោះទៅរកអ្វីដែលខ្ញុំសង្ឃឹមថាអាចជាជីវិតដែលមានសន្តិភាពជាងនេះ”។

ក្រោមការព្រមព្រៀង ហារីនឹងនៅតែជាព្រះអង្គម្ចាស់ហើយគូស្វាមីភរិយាទាំងពីរព្រះអង្គនឹងរក្សាងារ “Duke និង Duchess of Sussex” ដដែល ខណៈដែលពួកទ្រង់ចាប់ផ្តើមជីវិតថ្មីរវាងអាម៉េរិកខាងជើងនិងអង់គ្លេស ប៉ុន្តែពួកទ្រង់នឹងមិនអាចចូលរួមក្នុងពិធីណាមួយឬដំណើរទស្សនកិច្ចរបស់រាជវង្សនាពេលអនាគតបានឡើយ។

ព្រះអង្គម្ចាស់ហារីបានមានបន្ទូលថា “វានាំឱ្យខ្ញុំសោកសៅយ៉ាងខ្លាំងដែលរឿងរ៉ាវបានឈានមកដល់ចំណុចនេះ”៕ ដោយ៖ កញ្ញាដាលីស

ហារីនិងមេហ្គាននឹងមិនអាចចូលរួមក្នុងពិធីណាមួយឬដំណើរទស្សនកិច្ចរបស់រាជវង្សនាពេលអនាគតបានឡើយ