ព្រះអង្គម្ចាស់​ហារី ៖ “​ខ្ញុំ​នឹងមិន​ឱ្យគេ​សម្លុត​ឱ្យ​លេង​ក្នុង​ល្បែង ដែល​សម្លាប់​មាតា​ខ្ញុំ​ឡើយ​”

306
ចែករម្លែក

ព្រះអង្គម្ចាស់​ហារី​របស់​អង់គ្លេស​បាន​មានបន្ទូលថា​ការចងចាំ​នៃ​ការ​សោយ​ទិវង្គត​របស់​មាតា​ទ្រង់​កាលពី​ជាង​ពីរ​ទសវត្សរ៍​មុន​គឺ​នៅ​ស្រស់ៗ​នៅឡើយ ហើយ​ទ្រង់​នឹងមិន​ឱ្យគេ​សម្លុត​ឱ្យ​លេង​ក្នុង​ល្បែង​នេះ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ទ្រង់​ជឿថា​ជា​អ្នក​សម្លាប់​មាតា​របស់​ទ្រង់​នោះ​។​

​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា ដែល​បាន​ក្លាយជា​ស្ត្រី​ដែល​គេ​តាម​ថតរូប​ច្រើនជាងគេ​បំផុត​នៅលើ​ភពផែនដី​បន្ទាប់ពី​ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​គ្រួសារ​រាជវង្ស​អង់គ្លេស បាន​សោយ​ទិវង្គត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ១៩៩៧ បន្ទាប់ពី​ពួក​អ្នក​ថតរូប​ដេញតាម​ព្រះទីនាំង​របស់​ទ្រង់​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស​។​

​កាលពី​ដើមខែ​នេះ មហេសី​របស់​ព្រះអង្គម្ចាស់​ហារី ព្រះ​នាង​មេ​ហ្គា​ន ម៉ា​កិល បានចាប់ផ្តើម​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​សារព័ត៌មាន​ដើម្បី​ឆ្លើយតប​នឹង​អ្វីដែល​ពួក​ទ្រង់​ទាំងពីរ​ពណ៌នា​ថា​ជា “​ការ​សម្លុត​” ដោយ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​។​

​នៅ​គ្រានោះ ព្រះអង្គម្ចាស់​ហារី​បាន​មានបន្ទូលថា ការប្រព្រឹត្ត​ដាក់​ព្រះ​នាង​ម៉ា​កិល​ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​វិធីសាស្ត្រ​របស់​ពួកគេ​ធ្វើ​ចំពោះ​មាតា​របស់​ទ្រង់​។​

​ព្រះអង្គម្ចាស់​ហារី​បាន​ប្រាប់​ទៅ​ទូរទស្សន៍ ITV ក្នុង​បទសម្ភាសន៍​ដែល​ថត​អំឡុង​ដំណើរ​យាង​ទស្សនកិច្ច​នៅ​ទ្វីបអាហ្វ្រិក​កាលពី​ដើមខែ​នេះ និង ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី ២០ តុលា ថា “​អ្វី​គ្រប់យ៉ាង​ដែល​ទ្រង់ (​ម៉ា​កិល​) បាន​ឆ្លងកាត់​និង​អ្វីដែល​បាន​កើតឡើង​ចំពោះ​ទ្រង់​គឺ​ស្រស់ៗ​ពេក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​រៀងរាល់ថ្ងៃ ហើយ​នោះ​មិនមែន​មកពី​ខ្ញុំ​កើតរោគ​ខ្លាច​ហួសហេតុ​នោះទេ​។ នោះ​គឺ​ដោយសារ​ខ្ញុំ​មិន​ចង់ឱ្យ​រឿង​អតីត​កើតឡើង​ម្តងទៀត​”៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន ម៉ា​កិល