ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត ចោទប្រកាន់​អ៊ីរ៉ង់​ថា​វាយប្រហារ​នាវា​ដឹក​ប្រេង​

332
ចែករម្លែក

​យោង​តាម​បទសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅ​ថ្ងៃអាទិត្យ ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត Mohammed bin Salman​បាន​ចោទប្រកាន់​គូសត្រូវ​អ៊ីរ៉ង់​ថា​បាន​​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​នៅក្នុង​ផ្លូវ​ដឹកជញ្ជូន​ក្នុង​ឈូង​សមុទ្រ និង​ថា​ព្រះ​អង្គ​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ប្រឈម​ដោះស្រាយ​ការ​គំរាម​ណាមួយ​ចំពោះ​ព្រះរាជាណាចក្រ​របស់​ទ្រង់​។​

ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត Mohammed bin Salman

​នាវា​ដឹក​ប្រេង​២​បាន​រង​ការផ្ទុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់ ដែល​ជា​ការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​លើក​ទី​២​ក្នុង​រយៈពេល​មួយ​ខែ​នៅក្នុង​ផ្លូវ​ដឹកជញ្ជូន​តាម​នា​​វា​ដ៏​យុទ្ធសាស្ត្រ​មួយ​នេះ​ចំពេល​មាន​ភាព​តានតឹង​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់ ដែលនាំអោយ​មាន​ការភ័យខ្លាច​អំពី​ការផ្ទុះ​ជម្លោះ​ក្នុង​តំបន់​និង​រុញ​ថ្លៃ​ប្រេង​អោយ​ឡើង​ខ្ពស់​។​

​ព្រះអង្គម្ចាស់ Mohammed បាន​ប្រាប់​កាសែត​Asharq al-Awsat​ថា «​យើង​មិន​ចង់បាន​សង្គ្រាម​ណាមួយ​នៅក្នុង​តំបន់​នេះ​ទេ​…​តែ​យើង​ក៏​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ដោះស្រាយ​ជា​​មួយ​ការ​គំរាម​មកលើ​ប្រជាជន​របស់​យើង អធិបតេយ្យភាព​របស់​យើង និង​បូរណភាព​ទឹកដី​របស់​យើង ព្រមទាំង​ផលប្រយោជន៍​ដ៏​សំខាន់​របស់​យើង​។​របប​ដឹកនាំ​អ៊ីរ៉ង់​មិន​គោរព​​វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជា​ភ្ញៀវ​មួយ​រូប​នៅ​ក្រុងតេអេ​រ៉ង់ និង​បាន​ឆ្លើយតប​ចំពោះ​កិច្ចខិតខំ​ការទូត​របស់​លោក​ដោយ​ធ្វើការ​វាយប្រហារ​លើ​នាវា​ដែល​មាន​មួយ​ជា​របស់​​ជប៉ុន​»​។​

​ព្រះអង្គម្ចាស់​ក៏​ចោទប្រកាន់​«​អ៊ីរ៉ង់ និង​កម្លាំង​តំណាង​របស់​ខ្លួន​»​ចំពោះ​ការវាយប្រហារ​នាវា​ដឹក​ប្រេង​ចំនួន​៤​កាលពី​ថ្ងៃ​១២​ឧសភា នៅ​ឈូង​សមុទ្រ​អូ​ម៉ង់ ដដែល​៕​ដោយៈ​វាសនា​