ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត​យាង​មកដល់​អា​ហ្ស​ង់​ទីន ខណៈ​ភាព​តានតឹង​ក្នុងជំនួប​កំពូល G20 កំពុងពុះ​កញ្ជ្រោល​

482
ចែករម្លែក

​ពួក​មេដឹកនាំ​ពិភពលោក​បានចាប់ផ្តើម​មកដល់​ប្រទេស​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​ពុធ​ទី​២៨​វិច្ឆិកា​នៅមុន​កិច្ចប្រជុំ​កំពូល G20 ដែល​ធ្វើឡើង​ចំពេល​មានការ​ព្រមាន​កាន់តែខ្លាំង​ឡើងៗ​អំពី​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ពី​ការគំរាមកំហែង​វាយ​ពន្ធ​ពាណិជ្ជកម្ម​របស់​អាមេរិក​។​

​សង្គ្រាម​ពាណិជ្ជកម្ម​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជាមួយ​ប្រទេស​ចិន​គឺជា​ប្រធានបទ​លេចធ្លោ​នៅឯ​ជំនួប​កំពូល​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​ចំណុច​សំខាន់​មួយទៀត​គឺ​របៀប​ដែល​មេដឹកនាំ​ទាំងនោះ​ដោះស្រាយ​ជាមួយនឹង​វត្តមាន​របស់​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់​។​

​មេដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​អង្គ​នេះ​បាន​យាង​មកដល់​ទឹកដី​អា​ហ្ស​ង់​ទីន​ដើម្បី​សម្រាល​កំហឹង​អន្តរជាតិ​ជុំវិញ​ករណី​ឃាតកម្ម​កាលពី​ខែ​មុន​លើ​អ្នកកាសែត ចា​ម៉ា​ល់ ខា​សូក​ជី​។​

​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េ​ត​ហាក់ដូចជា​រួចខ្លួន​ពី​ការដាក់​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ផ​ម​ផេ​វ បាន​និយាយថា លោក​មិន​បានឃើញ​ភស្តុតាង “​ដោយផ្ទាល់​” ផ្សាភ្ជាប់​ព្រះអង្គម្ចាស់​ទៅនឹង​ការធ្វើឃាត​លោក​ខា​សូក​ជី​នៅ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ប្រទេស​តួ​ក​គី​នោះទេ​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន នឹង​ពិភាក្សា​អំពី​ការសម្លាប់​លោក​ខា​សូក​ជី នៅពេល​គាត់​ជួប​ទ្រង់​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល ប៉ុន្តែ​គោលបំណង​ចម្បង​គឺ​ការអភិវឌ្ឍ​ទំនាក់ទំនង​រុស្ស៊ី​-​អា​រ៉ា​ប៊ី​សា​អូឌីត​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់លោក​ពូ​ទីន គឺ​លោក យូ​រី អ៊ូ​សា​កូវ​។​

​លោកពូ​ទីន​នឹង​ជា​មេដឹកនាំ​មួយរូប​ដែល​ជួប​ជាមួយ​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត ដែល​គេ​រំពឹង​ផងដែរ​ថា​នឹងធ្វើ​កិច្ចចរចា​ជាមួយ​លោក​ប្រធានាធិបតី​តួ​ក​គី រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន និង​អគ្គលេខាធិការ​អ​.​ស​.​ប លោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស​។ កិច្ចប្រជុំ​មួយ​ជាមួយ​លោក​ត្រាំ​មិន​ត្រូវបាន​ច្រានចោល​ដោយ​សេត​វិមាន​ទេ​។​

​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ក៏​កំពុង​រង់ចាំ​ព្រះអង្គម្ចាស់​នេះ​ផងដែរ​ដោយបាន​ជំរុញ​រដ្ឋអាជ្ញា​អា​ហ្ស​ង់​ទីន​ឱ្យធ្វើ​ការចោទប្រកាន់​ទ្រង់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជុំវិញ​សកម្មភាព​កង​យោធា​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅក្នុង​ប្រទេស​យេ​ម៉ែន​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ យាង​មកដល់​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​ពុធ