ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ជួប​ជាមួយ​លោក​ញឹក ប៊ុនឆៃ អំពី​ការរួបរួម​

4392
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី​ហ្វ៊ុនស៊ិនប៉ិច បាន​ជួបពិភាក្សា​ជាមួយ​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ អំពី​ការបង្រួបបង្រួម​គណបក្ស​រាជានិយម​ទាំងពីរ​ទៅជា​គណបក្ស​តែមួយ ក្រោម​ដំបូង​ហ្វ៊ុនស៊ិនប៉ិច​។ ការជួបគ្នា​រវាង​មេដឹកនាំ​គណបក្ស​ទាំងពីរ​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​លោក​ញឹក ប៊ុនឆៃ ស្ថិតនៅ​ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ថា ការជជែក​គ្នា​ផ្តោតលើ​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃ ផ្លាកសញ្ញា និង​របៀប​នៃ​ការបញ្ចូល​គ្នា ដោយ​មិន​គិត​កូតា​ទេ គឺ​យក​គោលការណ៍​មក​ដាក់​ដោយមាន​ប្រាំ​ចំណុច រួមមានៈ​ទី​១.​ការស្មោះត្រង់​ជាមួយ​គណបក្ស និង​ស្មោះត្រង់​ជាមួយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​។ ទី​២. អ្នកមាន​សមត្ថភាព​ដើម្បី​ដឹកនាំ​។ ទី​៣.​អ្នកមាន​លទ្ធភាព​។ ទី​៤. ប្រជាប្រិយភាព និង​សកម្មភាព និង​ទី​៥. អ្នកមាន​ជំហរ​រួបរួម គឺ​មិន​យក​អ្នក​ដែល​មិនមាន​ជំហរ​រួបរួម​ទេ បើ​យក​មកវា​អាចមាន​បញ្ហា​ទៀត​។​

​លោក​បាន​បញ្ជាក់ថា “​ចំពោះ​ក្បាលម៉ាស៊ីន​ដឹកនាំ ជាគោលការណ៍​បាន​ឯកភាពគ្នា​ថ្វាយ​សម្តេចក្រុមព្រះ គង់​ជា​ព្រះប្រធាន​គណបក្ស​។ ផ្លាកសញ្ញា គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ​មាន​កែ​តិចតួច​បាវចនា សង្ឃឹមថា ការរួបរួម​គ្នា​លើក​នេះ គឺ​នឹងមិន​មានការ​បែកបាក់​គ្នា​ទៀត​ទេ ខិតខំ​រៀបចំ​ក្បាលម៉ាស៊ីន​ឲ្យ​បានល្អ ពង្រឹង​វិន័យ​។ ការធ្វើ​សមាជ​ផ្លូវ​នឹងធ្វើ​ឆាប់ៗ​ខាងមុខនេះ​”​។​

​សូមជម្រាបថា កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ដំណាក់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ ន​រោ​ត្ដម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​រម្លឹក​ទៅកាន់​សមាជិក​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ហើយ​ខ្លាំង តែ​ឡូ​វ​នេះ​បែកបាក់​គ្នា ហេតុនេះ​សូម​សមាជិក​ទាំងអស់គ្នា​រួមគ្នា​ធ្វើការ និង​ជួយ​គ្នា គឺ​គណបក្ស​ហ្វ៊ុន​ស៊ិន​នឹង​ឈ្នះ​ហើយ​។ ហើយ​ជួយ​ធ្វើ​យ៉ាងម៉េច​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​កៅអី​នៅក្នុង​រដ្ឋសភា​។

​ព្រះអង្គម្ចាស់ ន​រោ​ត្ដម ច​ក្រា​វុ​ឌ្ឍ មានបន្ទូល​យ៉ាង​ដូច្នេះ​ថា “​កាល​មុន​យើង​ដូ​វ​ជា​គ្រួសារ​ធំ​មួយ​ចឹ​ង យើង​ខ្លាំង​មែនទែន ឆ្នាំ​១៩៩៣ យើង​ឈ្នះឆ្នោត យើង​ខ្លាំង​មែនទែន ឥឡូវនេះ មិនបាច់​និយាយ​ទេ ព្រោះ​យើង​បែកបាក់​គ្នា ចឹ​ង​បាន​ឥឡូវ​នឹង​ខ្ញុំ​ធ្វើ​ម៉េច​ឲ្យ​គ្រប់គ្នា មក​ធ្វើការ​ទៅមុខ ឲ្យ​តែ​យើង​ឈប់​ឈ្លោះ​គ្នា ទៅមុខ​ជាមួយគ្នា ធ្វើការ​ជាមួយគ្នា ជួយ​គ្នា គឺ​យើង​ឈ្នះ​ហើយ​”​។​

​ព្រះអង្គ​បាន​បន្តថា ព្រះអង្គ​មាន​ព្រះទ័យ​សប្បាយចិត្ត​ណាស់​ដែល​បាន​ជួប​សមាជិក សមាជិកា​តាម​បណ្តា​ខេត្ត​និ​មួយៗ ហើយ​ចំពោះ​ខេត្ត​ណា​មាន​បញ្ហា គឺ​ព្រះអង្គ​នឹង​ឲ្យ​ក្រុមការងារ​ជួយ​ដោះស្រាយ​។ ហើយ​ប៉ុន្មាន​ឆ្នាំ​មកនេះ ព្រះអង្គ​មិនសូវ​រវល់​ទេ បានជា​លើក​នេះ ព្រះអង្គ​សូម​ឲ្យ​ក្រុមការងារ​ជួយ​ខេត្ត​និ​មួយៗ ដើម្បី​ឲ្យ​ទទួលបាន​កៅអី​នៅក្នុង​រដ្ឋសភា​នាពេលខាងមុខ​។ សមាជិក​ទាំងអស់​ត្រូវ​រួបរួមគ្នា​ឡើងវិញ​ដើម្បី​ជាតិ និង​របបរាជានិយម សីហនុ​និយម ខណៈដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មានការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ដោយសារតែ​ការ​បែក បាក់​គ្នា​និង​គិតតែ​ផលប្រយោជន៍​រៀងៗ​ខ្លួន​។ ត្រូវតែ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មានការ​គាំទ្រ និង ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ឡើងវិញ ហើយ​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​ព្រះអង្គ​ព្រះអង្គ​រំពឹងថា គណបក្ស​នេះ​នឹងមាន​សម្លេង​ឡើងវិញ​ផងដែរ នៅក្នុង​រដ្ឋសភា​នាពេល​បោះឆ្នោត​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា ការបង្រួបបង្រួម​រវាង​គណបក្ស​រាជានិយម​ទាំងពីរ​នេះ បាន​កើតឡើង​បន្ទាប់ពី​ជំនួប​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន​បួន​លើក គឺ​នៅ​ថ្ងៃទី​១៣-១៨-២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ដំណាក់​វាល​ស្បូវ​។ ហើយ​លើក​ទី​៤ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ សម្តេចក្រុមព្រះ និង​លោក​ញឹក ប៊ុនឆៃ និង​ជំនួប​ជាច្រើន​ដង​ទៀត​។ ដោយនៅ​ក្នុងជំនួប​សម្តេច​ក្រុមព្រះ​មានគំនិត​ផ្តួចផ្តើម​ឲ្យ​មានការ​បង្រួបបង្រួម​អ្នករាជានិយម និង​អ្នក​សីហនុ​និយម​ឡើងវិញ​៕ ល​