ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​វុ​ឌ បើក​ផលិតកម្ម​និង​ត្រៀម​ផលិត​រឿង​ដំបូង​ចំណាយ​ជាង​មួយ​សែន​ដុល្លារ​

810

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​វុ​ឌ បានប្រកាស​ក្នុង​ពិធី​ក្រុង​ពាលី​បើក​នូវ​ផលិតកម្ម​ថ្មី​របស់លោក​មានឈ្មោះ​ថា “​គុជ​មរកត​” ហើយ​ត្រៀម​ផលិត​រឿង​ដំបូង​ចំណាយ​ជាង​១០​ម៉ឺន​ដុល្លារ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​។

​អង្គ​ម្ចាស់ សិរី​វុ​ឌ ជា​តួ​សម្តែង​ដែល​មហាជន​ស្គាល់​ជា​តួ​កាច​ស្ទើរ​គ្រប់​រឿង​នោះ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា ថ្ងៃ​សម្ពោធ​ប្រកាស​បើក​ផលិតកម្ម​ថ្មី​របស់លោក ក៏​ជា​ថ្ងៃ​ដែល​ធ្វើ​ពិធី​ក្រុង​ពាលី​រឿង​ដំបូង​ផងដែរ​គឺ​រឿង “​ម្ចាស់​ព្រៃ​” ហើយ​រឿងនេះ​គឺ​ភរិយា​របស់​អង្គ​ម្ចាស់​ផ្ទាល់​ជា​អ្នកនិពន្ធ​រួមគ្នា​។ សាច់​រឿងនេះ ក្នុង​គោលបំណង​ចង់​ថែរក្សា​អភិរក្ស​វប្បធម៌​សិល្បៈ មន្តអាគម អ​បិ​យ​ជំនឿ ក្បាច់គុណ​បុរាណ​ខ្មែរ​ពី​តាំង​ដើម​។ រឿង​ដែលជា​ស្នាដៃ​ដំបូង​របស់​អង្គ​ម្ចាស់​នេះ ត្រូវបាន​ក្រុមការងារ​របស់​ផលិតកម្ម និង​អង្គ​ម្ចាស់​ផ្ទាល់​ធ្វើការ​ស​ម្រឹត​សម្រាំង និង​ធ្វើការ​ពិនិត្យ​លើ​ឈុត​ឆាក​សម្តែង​ល្អជា​ច្រើន ទើប​ផលិតកម្ម​សម្រេច​ទាំង​ទីតាំង​ថត ពេលវេលា និង​តួ​សម្តែង​។​

​ជា​អ្នកដឹកនាំ​រឿង​ផង ជា​គ្រូសិល្បៈ​ផង អង្គ​ម្ចាស់ សិរី​វុ​ឌ បាន​បញ្ជាក់ថា សម្រាប់​រឿង “​ម្ចាស់​ព្រៃ​” លើកដំបូង​របស់​អង្គ​ម្ចាស់​មួយ​នេះ នឹង​ចំណាយ​ច្រើន​ក្នុង​ការផលិត ដើម្បី​ឆ្លើយតប​ស្តង់ដារ និង​កម្រិត​បច្ចេកទេស​ឱ្យ​ល្អ សម្រាប់​អ្នកទស្សនា​មិន​ខកបំណង ដោយ​ត្រៀម​ចំណាយ​ប្រមាណ​ជាង​មួយ​សែន​ម៉ឺន​ដុល្លារ​។ សម្រាប់​រឿង “​ម្ចាស់​ព្រៃ​” អង្គ​ម្ចាស់​បាន​សាងសង់​ទីតាំង​ថត​ផ្ទាល់​អង្គ​ម្ចាស់​បាន​ទិញ​ផ្ទៃដី​ជាង​១០​ហិកតា ក្នុង​ខេត្តពោធិ៍សាត់ រៀបចំ​ជា​ព្រៃ និង​ស្ទី​ឌី​យោ​ថត ឱ្យ​ថត​រឿងនេះ​ដូច​ពិតៗ បុរាណ​ចំ​បុរាណ ព្រៃ​ចំ​ព្រៃ ដែល​ធ្វើយ៉ាងណា​ផលិត​រឿងនេះ ឱ្យ​ល្អមើល​និង​ឱ្យ​ដូច​ស្ទង់​ដា​បរទេស​ថែមទៀត​។​

​សូមបញ្ជាក់ថា រឿង “​ម្ចាស់​ព្រៃ​” ត្រូវបាន​ផលិតកម្ម “​គុជ​មរកត​” ជ្រើស​រើសយក​តួ​សម្តែង​ជាច្រើន​នាក់ ដែល​ក្នុងនោះ រួម​រើស​តួ​សម្តែង​បរទេស​ស្បែក​ខ្មៅ​ស្បែ​កស មក​លាយ​ជាមួយ​ខ្មែរ ឱ្យ​ល្អមើល​ក្នុង​ឈុត​ឆាក វាយ​តុំ​គ្នា​។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​វុ​ឌ ត្រូវបាន​មហាជន​ស្គាល់​ខ្លាំង​រឿង​ល្បីៗ ដែល​លោក​បាន​សម្តែង​តួ​កាច​សាហាវ ជនពាល ដូចជា​រឿង “Jailbreak” និង “​ស្បែក​គង់​” ហើយ​អង្គ​ម្ចាស់​ក៏​ពូកែ​ជា​តួ​ជា​ព្រះសង្ឃ ឬ​តួ​ព្រឹទ្ធាចារ្យ​ផងដែរ​៕