ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត នឹងកើតមានម្តងទៀតនៅសប្ដាហ៍ក្រោយ

2606
ចែករម្លែក
អ្នកទេសចរ​ផ្តិតរូបភាព​​ព្រះអាទិត្យ​រះ​នៅអង្គរវត្តកាលពីពេលកន្លងទៅ (រូបភាព ៖ ឆាយានាថ)

(ភ្នំពេញ) ​៖ ​ក្រសួង​ទេសចរណ៍​ នៅថ្ងៃទី១៣ ខែមីនា បានចេញសេចក្ដីជូន​ដំណឹង​ថា​ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត​ អាច​នឹង​កើនឡើង​នៅ​ចន្លោះ​ថ្ងៃ​២០​ ដល់​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅ​ចន្លោះ​ថ្ងៃទី ២០ ដល់​ថ្ងៃទី​២២ មីនា គឺជា​ថ្ងៃ​ដែល​នឹងមាន​ព្រឹត្តិការណ៍​ព្រះ​អា​ទ្យិ​ត​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត ឬ​បាតុភូត EQUINOX កើតឡើង ពី​ម៉ោង៥ទៀបភ្លឺ ដល់​ម៉ោង​៧​ព្រឹក​។ ដើម្បីចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ព្រះ​អា​ទ្យិ​ត​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ​នេះ ក្រសួងទេសចរណ៍ បានប្រកាស​ពី​កម្មវិធី​ប្រកួតប្រជែង​ថតរូប Selfie ជា​លើក​ទី​៣ ក្រោម​ប្រធានបទ «Selfie អង្គរ​អច្ឆរិយៈ​»​។​

ក្រសួងក៏បានប្រកាសដែរថា ការប្រកួតប្រជែង​ថតរូប «Selfie អង្គរ​អច្ឆរិយៈ​»​នេះ នឹង​ចាប់ផ្ដើម​នៅ​ចន្លោះ​ថ្ងៃទី ២០ ដល់​ថ្ងៃទី​២២ មីនា ដែលជា​ថ្ងៃ​កើតឡើង​នូវ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា ឬ EQUINOX ពី​ម៉ោង ៥​ទៀបភ្លឺ ដល់​ម៉ោង​៧​ព្រឹក​។ កម្មវិធី​ប្រកួតប្រជែង​ថតរូប​នេះ  រៀបចំឡើង ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។

ក្រសួងទេសចរណ៍ នឹង​ជ្រើសរើស​រូបថត​ដែលមាន​អ្នកគាំទ្រ​ច្រើនជាងគេ ដើម្បី​ទទួល​ថវិកា​១​លាន​រៀល សម្រាប់ ជ័យលាភី​លេខ​១ ថវិកា​៨០​ម៉ឺន​រៀល សម្រាប់​លេខ​២ និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល សម្រាប់​ជ័យលាភី​លេខ​៣ រួមទាំង​លិខិត​សរសើរ​ម្នា​ក់មួយ​ផងដែរ​។

សូមបញ្ជាក់ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត កើតឡើង​ចំនួន ២​ដង​ជា​រៀងរាល់ឆ្នាំ លើក​ទី​១ ក្នុង​ខែមីនា និង​លើក​ទី​២ ក្នុង​ខែកញ្ញា​៕ B/ ដោយ ៖ ឆាយានាថ-វិបុល

សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍
#