ព្រះ​ចៅ​អធិរាជ​ថ្មី ណា​រូ​ហ៊ី​តូ ឡើង​គ្រង​រាជបល្ល័ង្ក​ គ្រី​សាន់​ថេ​មុន បន្ត​ពី​បិតា​ទ្រង់

588
ចែករម្លែក

​នៅ​ថ្ងៃ​ពុធ​ទី ១ ឧសភា​នេះ ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន ណា​រូ​ហ៊ី​តូ (Naruhito) នឹង​ចូល​កាន់កាប់​បល្ល័ង្ក​គ្រី​សាន់​ថេ​មុន (Chrysanthemum) ជា​ផ្លូវការ​ក្រោយពី​ការដាក់រាជ្យ​ជា​ប្រវត្តិសាស្ត្រ​របស់​បិតា​ទ្រង់​ពី​រាជាធិបតេយ្យ​វ័យ​ចំណាស់​បំផុត​នៅលើ​ពិភពលោក ដែល​ឈានចូល​យុគសម័យ​អធិរាជ​ថ្មី​មួយ​។​

​ព្រះអង្គម្ចាស់​ព្រះជន្ម ៥៩ វស្សា​អង្គ​នេះ​នឹងត្រូវ​ឧទ្ទេសនាម​ជាមួយ​ព្រះ​ខ័​នអធិរាជ​ដ៏​ពិសិដ្ឋ និងមកុដ ព្រមទាំង​ត្រា​របស់​រដ្ឋ នៅឯ​ពិធី​ដ៏​ឱឡារិក​មួយ​នៅក្នុង​បន្ទប់​ដើម​ស្រល់​នៅក្នុង​ព្រះបរមរាជវាំង​នៅ​ម៉ោង ១០:៣០ នាទី​ព្រឹក​។​

​ទ្រង់​បាន​ក្លាយជា​អធិរាជ​ជា​ផ្លូវការ​កាលពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​អង្គារ​ទី​៣០​មេសា​មកម្ល៉េះ ប៉ុន្តែ​នឹង​បង្ហើយ​ពិធី​ឡើង​គ្រងរាជ្យ​ផ្លូវការ​ក្នុង​ពិធី​បែប​សាសនា​រយៈពេល ១០ នាទី ដែល​ហាមប្រាម​ចំពោះ​ញាតិវង្ស​ភេទ​ស្រី សូម្បីតែ​ភរិយា​របស់​ទ្រង់ ម៉ាសា​កូ (Masako) ក៏​មិនអាច​ចូលរួម​បានដែរ​។​

​ក្រោយមកទៀត ព្រះ​ចៅ​អធិរាជ​ណា​រូ​ហ៊ី​តូ​នឹង​ថ្លែង​ព្រះរាជឱង្ការ​ទៅកាន់​ប្រទេស​នេះ​ជា​លើកដំបូង​ក្នុងនាម​ជា​ព្រះ​ចៅ​អធិរាជ​ទី ១២៦ របស់​ជប៉ុន​។​

​ទ្រង់​ក៏​នឹង​បង្ហាញ​ព្រះកាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​ផងដែរ នៅពេល​ទ្រង់​ថ្លែង​ព្រះរាជសារ​ទៅកាន់​ប្រជាជន​ជប៉ុន​ម្តងទៀត​។​

​ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ធំ​នឹងត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃទី ២២ តុលា នៅពេល​ទ្រង់​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ក្នុង​រាជធានី​ដើម្បី​ទទួល​ការអបអរសាទរ​ពី​សំណាក់​មេដឹកនាំ​ពិភពលោក​​​និង​សែ​រាជវង្ស​។​

​ការស្វាគមន៍​ទស្សនកិច្ច​ជា​លើកដំបូង​ពី​ប្រមុខរដ្ឋ​បរទេស​របស់​ទ្រង់ នឹង​ជា​លោក​ប្រធានាធិបតី​អាម៉េរិក​ ដូ​ណា​ល់ ត្រាំ ដែល​គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ជួប​ព្រះ​ចៅ​អធិរាជ​ថ្មី​នៅ​ចុងខែ​ឧសភា​។​

​ព្រះ​ចៅ​អធិរាជ​ណា​រូ​ហ៊ី​តូ ដែល​ទទួល​ការអប់រំ​នៅ​សាកលវិទ្យាល័យ​អក់​ស្វត ប្រឈម​នឹង​សកម្មភាព​រក្សា​តុល្យភាព​ដ៏​ផុយស្រួយ​នៃ​ការបន្ត​កេរដំណែល​ពី​បិតា​ទ្រង់​ក្នុង​ការនាំយក​រាជាធិបតេយ្យ​ទៅជិត​ប្រជាជន ខណៈ​លើកកម្ពស់​ប្រពៃណី​រាប់​សតវត្ស​នៃ​បល្ល័ង្ក​គ្រី​សាន់​ថេ​មុន​។​

​ដូច​បិតា​ដ៏​មាន​ប្រជាប្រិយភាព​របស់​ទ្រង់ អាគី​ហ៊ី​តូ ដែរ ព្រះ​ចៅ​អធិរាជ​ថ្មី​នេះ​ត្រូវបាន​ព្រមាន​ពី​ការចងចាំ​នូវ​សង្គ្រាមលោកលើកទី​២ “​ឱ្យបាន​ត្រឹមត្រូវ​” ដោយ​កុំ​ធ្វើឱ្យ​អន់​ដល់​យោធានិយម​នៅ​ដើម​សតវត្ស​ទី ២០ របស់​ជប៉ុន​។​

​ហើយ​ទ្រង់​បាន​មានបន្ទូល​ពី​តម្រូវការ​ក្នុងការ​ធ្វើ​ទំនើបកម្ម​ក្នុង​រាជវង្ស ដោយ​សន្យា​ជាពិសេស​ដើម្បី​ការពារ​ព្រះ​មហេសី​របស់​ទ្រង់ ម៉ាសា​កូ “​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​” ខណៈដែល​ព្រះ​មហេសី​ជួប​ការលំបាក​ជាមួយនឹង​ភាព​តានតឹង​ពី​សម្ពាធ​នៃ​ជីវិត​នៅក្នុង​ព្រះបរមរាជវាំង​៕ ដោយ៖ កញ្ញាដាលីស/Ha

ព្រះ​ចៅ​អធិរាជ​ណា​រូ​ហ៊ី​តូ​នឹង​ឡើង​ស្នង​រាជបល្ល័ង្ក​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ម៉ោង ១០:៣០ នាទី​ព្រឹក