ព្រះ​នាង​ម៉ាឡេស៊ី​រៀប​អភិសេក​ជាមួយ​បុរស​ហូ​ឡង់ ដោយ​ខាង​កូនកំលោះ​ប្រគល់​ថ្លៃទឹកដោះ ៥ ដុល្លារ​!

1339
ចែករម្លែក

​បុត្រី​របស់​ស្តេច​ស៊ុ​លត​ង់​ដ៏​មានអំណាច​បំផុត​មួយអង្គ​របស់​ម៉ាឡេស៊ី​បាន​រៀប​អភិសេក​ជា​មួយគូ​ដណ្តឹង​ជនជាតិ​ហូ​ឡង់​កាលពី​ថ្ងៃ​ចន្ទ​ទី ១៤ សីហា​នេះ​នៅក្នុង​ពិធី​មួយ ដែល​ពោរពេញ​ទៅដោយ​ប្រពៃណី​រាប់​សតវត្សរ៍​អំឡុង​ថ្ងៃ​ប្រារព្ធ​ពិធី​រៀបការ​ដ៏​ហ៊ឹកហ៊ាក់​។​

​ព្រះ​នាង តាន់​គូ តាន់ អា​មីណា ស៊ុ​លត​ង់ អ៊ីប្រាហ៊ីម ព្រះជន្ម ៣១ វស្សា ជា​បុត្រី​តែ​អង្គ​គត់​របស់​ស្តេច​ស៊ុ​លត​ង់​នៃ​រដ្ឋ​ចូ​ហ័​រ បាន​ចងភ្ជាប់​អាពាហ៍ពិពាហ៍​ជាមួយ​លោក ដេ​នី​ស មហាម៉ាត់ អាប់​ឌុល​ឡាស់ អាយុ ២៨ ឆ្នាំ បន្ទាប់ពី​ទាក់ទង​ស្រឡាញ់គ្នា​ជាង ៣ ឆ្នាំ​។​

​ជនជាតិ​ហូ​ឡង់​ដែល​បាន​ប្តូរ​ទៅជា​សាសនា​អ៊ីស្លាម​រូបនេះ និង​ព្រះ​នាង​ម្ចាស់​បាន​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​មូស្លីម​នៅឯ​វិមាន Serene Hill ដែលជា​លំនៅដ្ឋាន​របស់​គ្រួសារ​រាជវង្ស​នៅ​ទីក្រុង​ចូ​ហ័​រ បា​រូ (Johor Bahru) ភាគខាងត្បូង​ម៉ាឡេស៊ី​។ ពិធី​ឯកជន​នេះ​ត្រូវបាន​ចូលរួម​ដោយ​ក្រុមគ្រួសារ​ញាតិវង្ស​និង​មិត្តភក្តិ​ជិតស្និទ្ធ​។​

​កូនកំលោះ​បាន​ស្លៀក​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី​ម៉ាឡេស៊ី ហើយ​កូនក្រមុំ​ស្លៀកពាក់​ឈុត​រ៉ូ​ប​ពណ៌​ស​។ យោងតាម​សារព័ត៌មាន​របស់​រាជ​វង្ស​បានឱ្យដឹងថា លោក ដេ​នី​ស បាន​ពាក់ចិញ្ចៀន​អាពាហ៍ពិពាហ៍​នៅលើ​ម្រាមដៃ​របស់​ព្រះ​នាង​តាន់​គូ អា​មីណា នៅក្នុង​បន្ទប់​ពិ​សេសមួយ​នៅក្នុង​ព្រះបរមរាជវាំង​។​

​នៅក្នុង​ការគោរព​តាម​ប្រពៃណី​អាពាហ៍ពិពាហ៍​ដែលមាន​អាយុកាល​រាប់​សតវត្សរ៍​នៅក្នុង​រដ្ឋ​ចូ​ហ័​រ​ភាគខាងត្បូង​ដែលមាន​មូស្លីម​ភាគច្រើន​នេះ គាត់​ក៏បាន​ប្រគល់​ថ្លៃ​ចំណងដៃ​ចំនួន ២២,៥ រីង​ហ្គី​ត (​ប្រហែល ៥ ដុល្លារ​) ហើយ​ប្តី​ប្រពន្ធ​នេះ​បាន​ថើប​ដៃ​ឪពុកម្តាយ​និង​ម្តាយមីង​និង​ឪពុកមា របស់​ពួកគេ​ជាការ​គោរព​ផងដែរ​។​

​ពិធីជប់លៀង​នៅពេល​ល្ងាច​នេះ​នឹង​ជា​ព្រឹត្តិការណ៍​សំខាន់ ដែល​នឹង​រៀបចំ​ជា​លក្ខណៈ​ផ្លូវរដ្ឋ ដោយមាន​ភ្ញៀវ​ចំនួន ១.២០០ នាក់​ចូលរួម​ហើយ​ហ្វូងមនុស្ស​រំពឹងថា​នឹង​បាន​ទស្សនា​ព្រឹត្តិការណ៍​នេះ​នៅលើ​ផ្ទាំង​អេក្រង់​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង​៕ ដោយ៖ កញ្ញាដាលីស

ព្រះ​នាង តាន់​គូ តាន់ អា​មីណា ស៊ុ​លត​ង់ អ៊ីប្រាហ៊ីម និង លោក ដេ​នី​ស មហាម៉ាត់ អាប់​ឌុល​ឡាស់ រៀបការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ