ព្រះ​មន្ត្រី​សង្ឃ​ចំនួន​៥​ព្រះអង្គ​ឡើងជា​ទីប្រឹក្សា​សម្តេចព្រះ​មហាសង្ឃរាជ​

963
ចែករម្លែក

ដោយ​: ស៊ា ថាំង / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា សេដ្ឋកិច្ច ជាតិ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ស្រោចស្រព​សុគន្ធវារី ប្រគេន ព្រះ​មន្ត្រី​សង្ឃ​ចំនួន ៥​ព្រះអង្គ​ដែល​បាន​ឡើងជា​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ទីប្រឹក្សា​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ចូលរួម​ពិធី​ឆ្លងកុដិ​មួយ​ខ្នង ស្មើនឹង ១០​បន្ទប់ នៅក្នុង​ទី​អារាម វត្ត​មង្គល​មាន​លក្ខណ៍ ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​ពិធី​នេះ មាន ព្រះរាជ​វត្តមាន និង​ព្រះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេចព្រះ​មហាសុមេធាធិបតី​កិ​ត្ដិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក សម្តេច​ឧ​ត្ត​ម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈា សមាជិក​ថេរ​សភា​សង្ឃ​ជាន់ខ្ពស់ និង​ព្រះ​មង្គល​បញ្ញា សៅរ៍ តារា​វី ព្រះចៅអធិការ​វត្ត​មង្គល​មាន​លក្ខណ៍​ព្រម​ទាំំ​ង​មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន សិស្សានុសិស្ស និង ពុទ្ធសាសនិក សរុប​ប្រមាណ ១ ១០០​នាក់​។

​លោក​បណ្ឌិត គាត ឈន់ បាន​សម្តែង​នូវ​អំណរ​សាទរ​ដ៏ ក្លៀវក្លា​ចំពោះ​ព្រះ​មន្ត្រី​សង្ឃ​ទាំង ៥​ព្រះអង្គ រួមមាន ព្រះ​ពា​កុល​ធម្ម ខឹម សុ​ផុន​, ព្រះ​សុទ្ធ​វិចិន្តា ពេជ្រ គឹម​មុនី​, ព្រះ​ធម្ម​បា​លោ មឿ​ន តក់​, ព្រះ​ភិក្ខុ​បញ្ញា​សិរី កែវ កក្កដា​, និង ព្រះ​មង្គល​បញ្ញា សៅរ៍ តារា​វី ដែល​ត្រូវបានតែងតាំង​ជា​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ទីប្រឹក្សា​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ឱកាស​នេះដែរ កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចការ សម្តេច​តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​លើកកម្ពស់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ស្រម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការរីកចម្រើន​នៃ​ពុទ្ធចក្រ ជា​កញ្ចក់​ឆ្លុះ​នូវ​ការរីកចម្រើន និង​ភាព​អំណោយផល​នៃ​អាណាចក្រ ដែល​ចក្រ​ទាំងពីរ​ត្រូវ​ដើរ​ទន្ទឹមគ្នា​។ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​វៃ​ឈ្លាស របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី តែង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នានា ទាំង​ក្នុង​ពុទ្ធចក្រ ទាំង​ក្នុង​អាណាចក្រ មាន​ជាអាទិ៍ វត្ត​អារាម ព្រះវិហារ កុដិ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធ​អគ្គិសនី ផ្លូវ ជាដើម​។ សមិទ្ធផល​ទាំងនេះ ឆ្លើយតប​ទៅនឹង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ដែល​ផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជា​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។

​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុងការ​បំពាក់​មេដាយ​ជូន​ព្រះ​មន្ត្រី​សង្ឃ និង​សប្បុរសជន​ចំនួន ២១​នាក់ ដើម្បី​ជា​កិច្ច​តបស្នង​ចំពោះ​សទ្ធា​ជ្រះថ្លា ចូលរួម​កសាង​សមិទ្ធផល​នៅក្នុង​វត្ត​អារាម​នេះ ដើម្បី​ទុកជា​គុណប្រយោជន៍​សម្រាប់​ជាទី​សក្ការៈបូជា និង​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ​នៃ​ពុទ្ធសាសនា​។

​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ និង​លោកស្រី ឡាយ នារី បាន​ប្រគេន​បច្ច័យ​កសាង​វត្ត ៦០ លាន​រៀល និង បាន ពាំ​នាំនូវ​ទេយ្យទាន​និង ថវិកា​មួយចំនួន ប្រគេន​សម្តេច ប្រគេន​ព្រះសង្ឃ ជូន​សីលវន្ត សីលវន្តី , ជូន​លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យ​ព្រៃ​ដកពរ និង សាលាបឋមសិក្សា សុខ អាន មង្គល​មាន​លក្ខណ៍ ជូន​សិស្ស​អនុវិទ្យាល័យ​ព្រៃ​ដកពរ និង ជូន​សិស្សសាលា​បឋមសិក្សា ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន និង​ចំណាយ​ផ្សេងៗ សរុប​ថវិកា​ទាំងអស់ ៩៧ ៦៥០ ០០០ រៀល​៕