ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០១៩​នេះ​ ធ្វើ​នៅ​ខេត្តតាកែវ​

302
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ ៖ តាម​ការឲ្យដឹងពី​ក្រសួងទេសចរណ៍​បាន​ជូនដំណឹង​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ទី​ព្រះ​ស្រែ (​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ​) ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ថ្ងៃ​ពុធ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​នាឱកាស​ដ៏​មហោឡារិក​នោះ នឹងមាន​រៀបចំ​តាំងពិព័រណ៍ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុងស្រុក​ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​បុណ្យប្រពៃណី​នេះ​ជា​ឱកាស​ដ៏​វិសេស​វិសាល​​ក្នុងការ​បង្ហាញ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ឈ្វេងយល់​កាន់តែច្បាស់​អំពី​វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​របស់​ខ្មែរ​ដែលមាន​តាំងពី​បុរាណកាល​មក។ ពិសេស ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែលជា​ពិធី​ប្រព្រឹត្ត​ឡើងជា​មង្គល ឧទ្ទិស​ដល់​ការចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចម្ការ​របស់​ប្រជាកសិករ និង​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យ​បង្អុរ​ទឹកភ្លៀង​បរិបូរ​ណ៍​តាម​រដូវ​កាល បម្រើ​ឲ្យ​វិស័យ​កសិកម្ម​គ្រប់​ប្រភេទ ទទួលបាន​ភោគផល​ខ្ពស់​។

​ជាមួយគ្នានេះ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ស្តង់​ពិព័រណ៍​រូបភាព​ដើម្បី​បង្ហាញ​ពី​ការរីក​ចម្រើននៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែលមាន​កំណើន​ជា​លំដាប់ ក៏ដូចជា​ការតាំង​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍ ពិសេសផលិតផល​ក​សិ​ទេសចរណ៍ សម្រាប់​ជូន​ទេសចរ​ជាតិ និង​អន្តរជាតិទស្សនា ក្នុង​គោលបំណង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍ “​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ ” និង​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ ” ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

​អាស្រ័យហេតុនេះ សូម​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប និង​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​។​ គួរ​បញ្ជាក់ថា​ កាលពី​ឆ្នាំ២០១៨ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ធ្វើ​នៅ​ទី​រួម​ខេត្តស្វាយរៀង៕B/Ha