ព្រះ​ស្វាមី​របស់​ស្តេច​អង់គ្លេស​ជួប​គ្រោះថ្នាក់​រថយន្ត តែ​មិន​រងរបួស​

431
ចែករម្លែក

​ស្វាមី​របស់​មហាក្សត្រិយានី អេ​លីហ្សា​បេ​តទី​២ ព្រះអង្គម្ចាស់ ហ្វី​លី​ប ព្រះជន្ម​៩៧​វស្សា បាន​ងើប​ចេញពី​រថយន្ត​ដោយ​គ្មាន​រងរបួស​ក្រោយ​រថយន្ត​មួយ​ដែល​ព្រះអង្គ​បើក​​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត​មួយទៀត​ដែល​បណ្តាលអោយ​មនុស្ស​២​នាក់​រងរបួស​ស្រាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​មករា​,​នេះ​បើតាម​ការប្រកាស​របស់​​ព្រះបរមរាជវាំង បាក់​ឃី​ង​ហ៊ែ​ម​។​

​អ្នកនាំពាក្យ​ព្រះបរមរាជវាំង​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា ព្រះអង្គម្ចាស់​បាន​កំពុងបើក​រថយន្ត​នៅ​ជិត​ភូមិ​គ្រិះ​Sandringham Estate​របស់​ស្តេច នៅពេល​​ការបុក​ទង្គិច​កើតឡើង តែ​បាន​បដិសេធ​មិន​បញ្ជាក់​លើ​របាយការណ៍​ដែលថា រថយន្ត​របស់​ព្រះអង្គ​បាន​ក្រឡាប់​ផ្ងារ​។​

​សេចក្តីថ្លែងការណ៍​ថា​«​ព្រះអង្គម្ចាស់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត​មួយទៀត​កាលពី​រសៀល តែ​មិន​ត្រូវរបួស​ទេ​។​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ជិត​ភូមិ​​គ្រិះ​Sandringham Estate​។​ប៉ូលិស​មូលដ្ឋាន​បាន​ទៅដល់​កន្លែងកើតហេតុ​»​។​

​ប៉ូលិស​បាន​បន្ថែមថា​គ្រោះថ្នាក់​នេះ​ពាក់ព័ន្ធ​រថយន្ត Landrover និង Kia ហើយ​ស្ត្រី​អ្នកបើករថយន្ត​Kia និង​អ្នកដំណើរ​ម្នាក់ទៀត​របួសស្រាល និង​បាន​ចេញពី​មន្ទីរពេទ្យ​​ក្រោយ​បញ្ជូនទៅ​ព្យាបាល​មួយ​ភ្លែត រីឯ​អ្នកបើករថយន្ត​Landrover មិន​រងរបួស​ទេ​។​

​សារព័ត៌មាន​BBC​បាន​រាយការណ៍​ថា រថយន្ត​របស់​ព្រះអង្គម្ចាស់​បាន​ក្រឡាប់​ផ្អៀង​ទៅ​ម្ខាង​ក្រោយ​បុក​ជាមួយ​រថយន្ត​មួយទៀត​។​សាក្សី​បាន​ប្រាប់​សារព័ត៌មាន​ថា ពួក​​គេ​បាន​ជួយ​យក​ព្រះអង្គ​ចេញពី​រថយន្ត​ហើយ​ព្រះអង្គម្ចាស់​នៅ​ដឹង​ស្មារតី​ធម្មតា តែ​តក់​ស្ល​ត់​ខ្លាំង​៕​ដោយ​៖​វាសនា​

ហ្វី​លី​ប បាន​ចូលនិវត្តន៍​ពី​ជីវិត​សាធារណៈ​នៅ​ឆ្នាំ​២០១៧​។​ទោះជា​វ័យ​៩៧​ឆ្នាំ ព្រះអង្គ​ត្រូវបាន​គេ​ប្រទះឃើញ​កាន់ចង្កូត​បញ្ជា​រថយន្ត​ជាច្រើនលើក