ព្រះ​ហា​ក្សត្រ​: ចាំបាច់​ត្រូវតែ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​

756
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ទៅកាន់​សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ទាំង​៦២​រូប ឲ្យ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់ ត្រូវ​ធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិមនុស្ស ដើម្បី​បង្កើតឡើង​នូវ​ភាពសុខដុមរមនា​យូរអង្វែង​នៅក្នុង​សង្គមជាតិ និង​ចាំបាច់​ត្រូវតែ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ព្រះ​មហាក្សត្រ មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល និង​សមាជិក​ សមាជិកាព្រឹទ្ធសភាថតរូប​ជាអនុស្សាវរីយ៍ នៃពិធីបើកប្រជុំដំបូង នៃព្រឹទ្ធសភានីតិកាលទី៤ (រូប៖ គន្ធា)

​ព្រះរាជ​សុន្ទរកថា​របស់​ព្រះមហាក្សត្រ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​សម័យប្រជុំ​លើកដំបូង នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ នេះ នៅ​វិមាន​ព្រឹទ្ធសភា​។​

​ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ទៀតថា ព្រឹទ្ធសភា នីតិកាល​ទី​៤ ត្រូវខិតខំ​រួមចំណែក​ជំរុញ​ឲ្យ​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈកា​ល និង​សហវិមជ្ឈកា​ល​នៅ​កម្ពុជា​កាន់​តែមាន​សន្ទុះ​រីកចំរើន​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ការគ្រប់គ្រង​សេដ្ឋកិច្ចសង្គម វប្បធម៌​របស់​ជាតិ​ប្រព្រឹត្ត​ទៅដោយ​សមធម៌ មាន​តម្លាភាព និង​គណនេយ្យភាព ក្នុង​ក្របខណ្ឌ​អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ​ពិតប្រាកដ​។​

​ព្រះមហាក្សត្រ​បាន​មានបន្ទូល​បញ្ជាក់ថា “​ព្រឹទ្ធសភា​ត្រូវ​ធានា​ការពារ​នៅ​យុត្តិធម៌ និង​គោរព​សិទ្ធិមនុស្ស ដើម្បី​បង្កើតឡើង​នៅ​ភាពសុខដុមរមនា​យូរអង្វែង​នៅក្នុង​សង្គមជាតិ​យើង​។ …​យើងទាំងអស់គ្នា​ជា​កូនចៅ​ជំនាន់​ក្រោយ​ចាំបាច់​ត្រូវតែ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង ឲ្យ​ឈានឡើង​ដោយ​ឆាប់រហ័ស និង​ដើរ​ទាន់​ប្រទេស​នានា​នៅលើ​សកលលោក​”​។​

​សូមជម្រាបថា ព្រឹទ្ធសភា នីតិកាល​ទី​៤ បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា នេះ ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចប្រជុំ​លើកដំបូង​នៃ​ព្រឹទ្ធសភា នឹងមាន​ការជ្រើសរើស​ប្រធាន អនុប្រធាន​ទីមួយ និង​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា​។

​សម័យប្រជុំ​ដំបូង ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ ព្រឹទ្ធបុរស​ម្នាក់​ដែលមាន​វ័យចាស់​ជាងគេ គឺ​លោក​ម៉ុម ជឹម​ហ៊ុយ ត្រូវ​ជ្រើសតាំង​ដឹកនាំ​សម័យប្រជុំ​លើកដំបូង​នេះ ដើម្បី​ការរៀបចំ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ទាំង​២ របស់​ព្រឹទ្ធសភា​។ ក្រោយ​ការជ្រើសរើស​រួច នៅវេលា​រសៀល​ថ្ងៃ​ដដែល សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប​នឹងត្រូវ​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង​។ សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប គឺ​រួមមាន សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៨​រូប ដែល​បាន​ជាប់ឆ្នោត​តាមរយៈ​ការជ្រើសតាំង​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ពីររូប​ជ្រើសតាំង​ដែល​ដោយ​រដ្ឋសភា និង​២​រូប​ទៀត​ដែល​តែងតាំង​ដោយ​ព្រះមហាក្សត្រ​៕ ល​

សមាជិក សមាជិកា ព្រឹទ្ធសសភាពទាំង​៦២រូប ថតរូប​អនុស្សាវរីយ៍ (រូប៖ គន្ធា)