ព្រះ​អនុគណ​ស្រុក​ចន្ទ្រា រួមជាមួយ ព្រះគ្រូ​ចៅអធិការ​ទាំង ១៦ វត្ត ក្នុងស្រុក​ចន្ទ្រា មាន​ព្រះទ័យ​ចូលរួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា

127
ចែករម្លែក

ដោយ:វ៉ៃកូ/​ស្វាយរៀង ៖​ ​ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​គ្រោះ មហន្តរាយ​ដែល​បង្ករ ដោយសារ​គ្រោះធម្មជាតិ​ផ្សេងៗ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ព្រះ​វិមល​ចន្ទ្រា ម៉ៅ សា​វី ព្រះ​អនុគណ​ស្រុក​ចន្ទ្រា រួមជាមួយ ព្រះគ្រូ​ចៅអធិការ​ទាំង ១៦ វត្ត ក្នុងស្រុក​ចន្ទ្រា មាន​ព្រះទ័យ​ចូលរួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា បាន​យក​បច្ច័យ​ចំនួន ៥០០,០០០ រៀល អង្ករ ១,០០០ គ​.​ក្រ បា​ឡុង ១៥ ឈុត មី ១៥ កេស ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ ត្រីខ ១០ យួរ ទៅ​ប្រគល់​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា ដើម្បី​ទុក​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​នៅពេល​មាន​គ្រោះមហន្តរាយ។

​ព្រះ​វិមល​ចន្ទ្រា ម៉ៅ សា​វី បាន​មាន​ថេរ​ដីកា​គាំទ្រ​រាល់​សកម្មភាព​មនុស្សធម៌​របស់​សាខា អនុសាខា ជាពិសេស​កាកបាទក្រហម​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​ភាពត្រឹមត្រូវ​នៃ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ការខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពី​ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុ​ល ឬ​និន្នាការ​នយោបាយ​ឡើយ ទើប​ថ្ងៃនេះ ព្រះអង្គ​មាននូវ​ទេយ្យទាន​បន្តិច​បន្តួច​ដែល​បានមកពី​សទ្ធា​ជ្រះថ្លា​របស់​បងប្អូន​ជា​ពុទ្ធបរិស័ទ ប្រគល់ជូន​អនុសាខា​ស្រុក ដើម្បី​រួមចំណែក​ជួយ​សម្រាល​នូវ​រាល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។

​មានប្រសាសន៍​ក្នុង​ពិធី​ទទួល​ទេយ្យទាន​នាឱកាស​នោះ លោក ថន ថា​វុ​ទ្ធា ប្រធាន​កិត្តិយស អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ប្រគេន​ចំពោះ ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ ឧបាសក ឧបាសិកា ដែលមាន​ព្រះទ័យ និង​ទឹក​ចិត្តបាន​យក បច្ច័យ និង​សម្ភារៈ​ទាំងអស់នេះ​មក​ប្រគល់ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក ដែល​ត្រូវការ​ចាំបាច់​ក្នុងការ ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ។

​លោក​ប្រធាន កិត្តិយស​អនុសាខា​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ និង​សេចក្តី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ពី​សំណាក់​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ប្រគេន​ចំពោះ​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ​តែងតែ ផ្សារភ្ជាប់​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​សាខា​អនុសាខា​ក្នុងការ​រួមចំណែក ជួយ​រំលែក​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។

​លោក បាន​ជម្រាប​ប្រគេន​អំពី​សកម្មភាព​មនុស្សធម៌​របស់​សាខា អនុសាខា ជាពិសេស​កាកបាទក្រហម​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​ភាពឈ្លាសវៃ​នៃ សម្តេច​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រមុខ​ដឹកនាំ គឺ​ទទួលបាន​ការជឿជាក់​គាំទ្រ​ពី​សំណាក់ សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​មនុស្សធម៌​នេះ​មានការ​រីកចម្រើន​លូតលាស់​តាំងពី​ថ្នាក់ជាតិ​រហូតដល់​មូលដ្ឋាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​កាកបាទ​ក្រហមកម្ពុជា​បាន​ដើរតួនាទី​យ៉ាងសកម្ម​ជា​ជំនួយការ​ឲ្យ អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុ​ស្សធ​ម៍​ថែម​ទៀតផង ។

លោក ថន ថា​វុ​ទ្ធា បាន​សន្យាថា​អំណោយ ទាំងអស់នេះ​អនុសាខា​នឹងធ្វើ​ការបែងចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​គ្រប់ៗ​គ្នា​ឲ្យ​បាន​ទាន់ពេលវេលា ឲ្យ​សមស្រប​ទៅនឹង​ព្រះទ័យ​របស់​ព្រះ​អង្គជា​ម្ចាស់ ទេយ្យទាន៕B/

#