ភរិយានិងសាច់ញាតិរបស់សពទុយ​ ស្រស់ ពលរដ្ឋអ្នកបំផុសចលនា​រំលោភដីធ្លីថាមិនប្តឹងផ្តល់ តែសុំ​​ជួយដោះស្រាយជិវភាពនិងអនាគត​កូនស្រី

205
ចែករម្លែក

ដោយ:ប.ជ័យ / បន្ទាយមានជ័យ ៖ ភរិយានិងសាច់ញាតិរបស់សពទុយ ស្រស់ ពលរដ្ឋមេខ្លោងម្នាក់ ជាអ្នកបំផុសចលនារំលោភដីធ្លីកម្មសិទ្ធិរដ្ឋនិងកម្មសិទ្ធិឯកជនថា ខ្លួនមិនប្តឹងផ្តល់រកយុត្តិធម៌អ្វីទៀតទេ តែសុំសប្បុរសជន មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជួយរក​លុយសងលុយដែលខ្លួនជំពាក់បំណុលធនាគារនិងម្ចាស់បំណុលឯកជនចំនួនជាង​១៥.០០០ដុល្លាសរអាឯណោះវិញ។ ក៏ជួយដោះស្រាយជិវភាពនិងជួយផ្គត់ផ្គង់ការរៀនសូត្រ រកអនាគតដល់កូនស្រីទោលរបស់ខ្លួនផងដែរ។

អ្នកស្រីប៊ុយ គីមឡាក់ អាយុ៣៥ឆ្នាំ ជាភរិយា ,កូនស្រី , អ្នកស្រីទុយ ហាច អាយុ៥៣ឆ្នាំ ជាបងស្រី(រស់នៅភូមិជ្រៃឃំុចង្ហារស្រុកអូរជ្រៅ) លោកទុយ ហាប់ អាយុ៥៥ឆ្នាំជាបងប្រុសបង្កើត(រស់នៅភូមិ-សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ)នៃសពលោកទុយ ស្រស់ អាយុ​៣៤ឆ្នាំបានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១២ខែមករាឆ្នាំ២០២០ថា ៖ ការស្លាប់របស់លោកទុយ ស្រស់ ជាការបាត់បង់ស្វាមី ឱពុកនិងសាច់ញាតិជាតិស្រឡាញ់ ដ៏គួរអោយសោកស្តាយហើយ ។

មុនស្លាប់ ទុយ ស្រស់ ធ្លាប់មានជម្ងឺប្រចាំកាយ អាក្ការៈឆាប់ស្លុតភ័យដែរ តែមិនធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់ឡើយ។

ចំពោះការមានស្នាមជាំលើកន្លែងមួយចំនួនលើខ្លួនសព អ្នកស្រី លោកថា ពួកខ្លួនក៏មិនបាននៅក្នុងហេតុការណ៍ មិនបានឃើញ ក៏មិនហ៊ានថា មិនហ៊ានចោទប្រកាន់សមត្ថកិច្ចឬនរណាដែរ ។ រឿងនេះក៏បានអហោសកម្ម ធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជូនគាត់ហើយ ហើយក្នុងចិត្ត ក្នុងអារម្មណ៍ក៏មិនបានគិតឬធ្វើតាមនរណាក្នុងការប្តឹងផ្តល់វែកញែករកខុសត្រូវ រកយុត្តិធម៌អីដែរ ។

អ្នកស្រី លោកនិងឱពុកនៃសព ក៏រឹតតែមិនចង់អោយអ្នកក្រៅគ្រួសារទៅបង្ខិតបង្ខំ បង្គាប់អ្នកស្រី លោកដើម្បីប្តឹងផ្តល់ឬដេញដោលរឿងនេះ ឬអ្នកផ្សេងដើរតួជាអ្នកប្តឹងជំនួសភរិយានិងសាច់ញាតិដើម្បីកេងប្រយោជន៍ណាផ្សេងដែរ ពោលគឺសូមទុកសពស្វាមី ប្អូនប្រុសរបស់អ្នកស្រី លោកអោយព្រលឹងគាត់បានស្ងប់ផងចុះ។

ទោះយ៉ាង ភរិយានៃសពបានអរគុណដល់ការឈឺឆ្អាល ការយកចិត្តទុកដាក់និងរំលែកទុក្ខចំពោះមរណភាពរបស់លោកទុយ ស្រស់ ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងនោះខាងខេត្តក៏បានចាត់មន្ត្រីអោយចូលរួមបុណ្យសពដូចបុណ្យមន្ត្រីនិងពលរដ្ឋដទៃដែរ គឺទាំងបុណ្យពេលស្លាប់ ទាំងបុណ្យ៧ថ្ងៃ ហើយចូលបច្ច័យជាង១០លានរៀលផង ក៏ដូចជាសន្យាជួយទំនុកបម្រុងអោយកូនស្រីទោលឈ្មោះស្រស់ វលក្ខណ៍អាយុ១៤ឆ្នាំ រៀនថ្នាក់ិ៩A អនុវិទ្យាល័យជ្រៃ បានចូលរៀនបន្ររហូតមានអនាគតល្អ។

ចំពោះមុខ អ្នកស្រីបានសំណូមពរដល់អ្នកសប្បុរស ពិសេសមន្ត្រីមេត្តាជួយរំលែកការលំបាកក្នុងជីវភាពនិងសងបំណុលជំពាក់ធនាគារនិងឈ្មួញម្ចាស់បំណុលក្នុងទឹកប្រាក់ជាង១៥.០០០ដុល្លាសរអា ដែលគ្រួសារអ្នកស្រីជំពាក់ដោយសារខ្ចីមករកសុីខាតក្នុងរបរកាប់អុសដុតធ្យូង រកសុីទិញមាន់លក់ ការចំណាយក្នុងគ្រួសារនិងព្យាបាលជម្ងឺកាលប្តីនៅរស់។

លោកអាន វណ្ណៈ អភិបាលរងស្រុកអូរជ្រៅ លោក ហឿន យ៉ុក មេឃុំចង្ហារបានប្រាប់កាសែតរស្មីកម្ពុជាថា សំណូមពរនេះ អស់លោកនឹងយកមកធ្វើរបាយការណ៍ជូនថ្នាក់លើនិងអំពាវនាវសប្បុរសជនជួយ ។

សូមរំលឹកថា យោងលទ្ធផលធ្វើការពិនិត្យ កោសល្យវិច្ច័យរបស់ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងពន្ធនាការ ក៏ដូចមន្ទិរពេទ្យខេត្ត ហើយត្រូវបានបំភ្លឺក្នុងប្រកាសព៍ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី៦ខែមករាឆ្នាំ២០២០ ស្តីិពីករណីស្លាប់់ប្រជាពលរដ្ឋឈ្មោះទុយ ស្រស់ ភេទប្រុសឆ្នាំអាយុ៣៤ឆ្នាំ បច្ចុប្បន្នទីលំនៅភូមិជ្រៃឃុំចង្ហារស្រុកអូរជ្រៅអោយដឹងថា ៖ ទុយ ស្រស់ មានសភាពមិនប្រក្រតីសុខភាពមិនល្អនិងញៀនស្រាដាច់ផង ។

មុនពេលស្លាប់ មន្ត្រីពន្ធនាគារនុរក្ស ក្រុមគ្រួសារនិងគ្រូពេទ្យនៅមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីបានប្រឹងប្រែងយកចិត្តទុកដាក់អស់លទ្ធភាព ប៉ុន្តែ មិនអាចសង្គ្រោះបាន ។

ទុយ ស្រស់និងជនត្រូវចោទ៤នាក់ទៀត ជាមេខ្លោងដឹកនាំបំផុសចលនាពលរដ្ឋរាប់រយរាប់សិបនាក់បំផុសចលនារំលោភដីធ្លីកម្មសិទ្ធិឯកជននិងរដ្ឋនៅឃុំសឹង្ហស្រុកអួរជ្រៅនិងឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យនាពេលកន្លងមក។ ៥នាក់នោះរួមមាន១-ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ២- ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំចង្ហារ ស្រុក អូរជ្រៅ ។៣-ឈ្មោះ ហឹម គីរី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ។ ៤-ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលខ្ទីង ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ និង៥-ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំចង្ហារស្រុក អូរជ្រៅ ។

៥នាក់នាក់នោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ព្រះរាជអាជ្ញារងនិងចៅក្រមបានចោទប្រកាន់ពីបទប៉ះពាល់កម្មសិទ្ធិឯកជន។រួចចេញដីការឃុំខ្លួនពីថ្ងៃទី៣១ខែធ្នឆ្នាំ២០១៩ រហូតមកនៅពន្ធនារគារខេត្តនៃសំណុំរឿងតែមួយ(ក្នុងដីការបង្គាប់អោយចាប់ខ្លួនលេខ៨៧៣ដចខរបស់សាលាដំបូងខេត្តបន្ទាយមានជ័យចុះថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ ពីបទប៉ះពាល់កម្មសិទ្ធិឯកជន ។

នៅថ្ងៃទី៣ខែមករាឆ្នាំ២០២០ ទុយ ស្រស់ បានស្លាប់ ពេលបញ្ជូនទៅមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។ ឯជនត្រូវចោទ(មេខ្លោង៤នាក់)ទៀតត្រូវបានដោះលែង ។

ភរិយា បងៗនិងឱពុកនៃសពមិនបានប្តឹងផ្តល់រកយុត្តិធម៍ពីការស្លាប់របស់ទុយ ស្រស់ ទេ។ ប៉ុន្តែអ្នកដទៃ បងប្អូនម្នាក់នៃសពដែលអះអាងថា ជាសាក្សីឃើញហេតុការណ៍បានប្តឹង ហើយសំអាងថា ជនរងគ្រោះបានស្លាប់ដោយការការវាយដំ ទាត់បែបទារុណកម្មនៅពេលចាប់ខ្លួននិងសាកសួរ ស្នាក់នៅជាមួយយុវជនទទួលអប់រំ បន្សាបសារធាតុញៀននៅបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ។

ហើយសកម្មជនសិទ្ធិមនុស្សនានាក៏សំអាងថា ឈ្មោះទុយ ស្រស់ បានរងការវាយដំពីសមត្ថកិច្ចទើបបណ្តាលអោយស្លាប់ ហើយថានឹងឈឺឆ្អាលរត់រកមេធាវីដាក់ពាក្យបណ្តឹងរកយុត្តិធម៌ជូនជនរងគ្រោះ បើទោះបីជាភរិយា កូននិងសាច់ញាតិនៃសពថាសុំបញ្ចប់សំណុំរឿងទៅហើយក្តី ។

លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យជាប់បេសសកម្មក្រៅប្រទេស ។ឯមេបញ្ជាការរង លោកវរសេនីយ៍ម៉ែន ភារម្យ ទទួលផែនយុត្តិធម៌ និងលោកវរសេនីយ៍ ស ប៊ុនសឿង ទទួលផែនបទល្មើស ប្រាប់សារព៌ត័មានថា៖ ករណីនេះ សិទ្ធិផ្តល់ព័ត៌មាននៅលើអ្នកនាំពាក្យ ។

ចំណែកលោកឧត្តមសេនីយ៍អេង ហ៊ឺ អ្នកនាំពាក្យកងរាជអវុធហត្ថលើផ្ទៃប្រទេសបានប្រាប់សារព៌ត័មានថា ៖ សមត្ថកិច្ចអ ហមិនបានប្រើអំពើហឹង្សារឬទារុណកម្មលើឈ្មោះទុយ ស្រស់ឡើយ ។តែលោកក៏មិនរារាំងការចង់ប្តឹងផ្តល់របស់អ្នកក្រៅពីភរិយា កូន សាច់ញាតិនៃសពទៅតុលាការដែរ៕B/