ភរិយា​របស់​កីឡាករ​បា​រ៉ែ​ន សុំ​នាយករដ្ឋមន្ត្រី​ថៃ​ឱ្យ​ដោះលែង​ប្តី​របស់ខ្លួន​

323
ចែករម្លែក

​ភរិយា​របស់លោក Hakeem Al Araibi កីឡាករ​បាល់ទាត់​បា​រ៉ែ​ន ដែល​កំពុង​ជាប់ឃុំ​នៅ​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​មករា​បាន​សុំ​នាយករដ្ឋមន្ត្រី​ថៃ​ឱ្យ​ធានាថា គាត់​នឹងមិន​ត្រូវ​​បានធ្វើ​បត្យាប័ន​ទៅ​ប្រទេស​កំណើត​របស់គាត់​វិញ​ទេ ដោយ​និយាយថា​គាត់​ប្រឈម​នឹង​ការធ្វើ​បាប​នៅ​ទីនោះ និង​គាត់​គួរតែ​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅសុំ​សិទ្ធិ​ជ្រក​​កោន​នៅ​ប្រទេស​អូស្ត្រាលី​។​

​ភរិយា​របស់លោក Hakeem Al Araibi បាន​សរសេរ​នៅក្នុង​លិខិត​ចំហ​មួយ​ទៅកាន់​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ថា “​បើសិន​គាត់​ត្រឡប់​ទៅវិញ​​នោះ គាត់​នឹង​ប្រឈម​នឹង​ការជាប់គុក ការធ្វើ​ទារុណកម្ម​និង​ការស្លាប់ ។ សូមជួយ​ស្វាមី​របស់ខ្ញុំ​។ ខ្ញុំ​មិន​ចង់​បាត់បង់​គាត់​ទេ​” ។​

​លោកស្រី​បាន​និយាយថា ” ខ្ញុំ​ភ័យខ្លាច​ថា​សេចក្តីសម្រេច​ចុងក្រោយ​ក្នុងការ​បញ្ជូន​គាត់​ចេញ​នឹង​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុននេះ​”​។​

​លោក​Hakeem Al Araibi ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​បា​រ៉ែ​ន​កាលពី​ឆ្នាំ​២០១៤​និង​ត្រូវ​បានផ្តល់​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី​នោះ ត្រូវបាន​ចាប់​​ខ្លួន​នៅ​ទីក្រុង​បាងកក​កាលពី​ខែវិច្ឆិកា​តាម​ដីកាចាប់ខ្លួន​របស់​ប៉ូលិស​អន្តរជាតិ តាម​ការស្នើ​របស់​ប្រទេស​បា​រ៉ែ​ន​។​

​លោក Hakeem Al Araibi ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​ពីបទ​បំផ្លិចបំផ្លាញ​ស្ថានីយ៍​ប៉ូលិស​មួយ​នៅ​ប្រទេស​បា​រ៉ែ​ន​ហើយ​ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​១០​ឆ្នាំ​ដោយ​កំបាំងមុខ​។​គាត់​បាន​បដិសេធថា​មិនបាន​ធ្វើ​ខុស​ដោយ​និយាយថា​គាត់​បាន​កំពុង​លេង​នៅក្នុង​ការប្រកួត​កីឡាបាល់ទាត់​តាម​ទូរទស្សន៍​មួយ​នៅពេលដែល​​មានការ​បំផ្លិចបំផ្លាញ​ដែល​ត្រូវបាន​ចោទប្រកាន់​នោះ​។​

​ក្រុម​សិទ្ធិមនុស្ស​និយាយថា​ក្រុម​អាជ្ញាធរ​បា​រ៉ែ​ន​តាម​ធ្វើបាប​លោក Hakeem Al Araibi ដោយសារ​សកម្មភាព​ន​យោ​បាយ​របស់​បងប្រុស​របស់គាត់​អំឡុង​ការបះបោរ​​នៅ​និ​ទាឃ​រដូវ​អារ៉ាប់​កាលពី​ឆ្នាំ​២០១១​។ ទោះជា​យ៉ាងណា ក្រុម​អាជ្ញាធរ​បា​រ៉ែ​ន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​លោក Hakeem Al Araibi និង ភរិយា​យ​របស់គាត់ បានធ្វើ​ដំណើរ​ពី​ប្រទេស​អូស្ត្រាលី​ទៅ​ប្រទេស​ថៃ​សម្រាប់​ដំណើរ​កម្សាន្ត​ក្រោយពី​ការរៀប​ការ ហើយ​ត្រូវបាន​ចាប់ខ្លួន​​និង​ឃុំខ្លួន​នៅ​ប្រទេស​ថៃ​។​

​ក្រុមមន្ត្រី​ថៃ​មិនអាច​ទាក់ទង​បាន​សម្រាប់​ការធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃ​ពុធ​ប៉ុន្តែ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​​ថា​ករណី​របស់លោក Hakeem Al Araibi ជា​បញ្ហា​សម្រាប់​តុលាការ​នៃ​ប្រទេស​ថៃ​៕ដោយ៖សុខា/sn

សន្តិសុខ​គុក នាំខ្លួន លោក Hakeem Al Araibi ចេញពី​តុលាការ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០១៨