ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប ត្រូវបាន​កោះហៅ​ឱ្យមក​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​

660
ចែករម្លែក

គណៈកម្មាធិការប្រឆាំងអំពើពុករលូយម៉ាឡេស៊ី បានកោះហៅលោកស្រី រ៉ូស្មាស ម៉ាន់ស័រ(Rosmah Mansor) ភរិ យារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ឱ្យមកការិយាល័យប្រឆាំងអំពើពុករលួយរបស់ខ្លួននៅទីក្រុងPutrajaya នៅថ្ងៃពុធទី២៦ខែកញ្ញា។ លោកស្រី ត្រូវបានស្នើឱ្យមានវត្ត នៅម៉ោង១០ព្រឹកដើម្បីជួយដល់ការស៊ើបអង្កេត។

មានការរំពឹងទុកថា លោកស្រី រ៉ូស្មាស ម៉ាន់ស័រ អាចនឹងត្រូវបានចោទប្រកាន់នាពេលឆាប់ៗនេះ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាលោកស្រីអាចនឹងប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌជាង២០ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការលាងលុយ។

កាលពីថ្ងៃចន្ទ ប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយ បាននិយាយថា អង្គភាពប្រឆាំងអំពើពុករលួយនេះ បានបញ្ចប់ការស៊ើបអង្កេតលើ លោកស្រី រ៉ូស្មាស ម៉ាន់ស័រ ហើយបានបញ្ជូនរបាយការណ៍របស់ខ្លួននេះទៅអគ្គរដ្ឋអាជ្ញាដើម្បីចាត់វិធានការថែមទៀត។

ក្នុងការជួបជាមួយគណៈកម្មាធិការប្រឆាំងអំពើពុករលួយនៅពីថ្ងៃពុធ លោកស្រី រ៉ូស្មាស ម៉ាន់ស័រ នឹងក្លាយជាអ្នកដែលត្រូវបានកោះហៅជាលើកទី២ដែលទាក់ទងនឹងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុករលួយនេះចំពោះការផ្ទេរមូលនិធិគួរឱ្យសង្ស័យទៅក្នុងគណនីធនាគាររបស់ លោក ណាជីប រ៉ាហ្សាក់។ លោកស្រី ត្រូវបានកោះហៅកាល ពីខែមិថុនាដើម្បីផ្តល់សេចក្តីថ្លែងការណ៍របស់លោកស្រី។

លោក ណាជីប រ៉ាហ្សាក់ ប្រឈមមុខនឹងការចោទប្រកាន់ជាង៣០ករណីអំពីការលាងលុយ ការរំលោភអំណាច និងការរំលោភបំពានការជឿទុកចិត្តដែលជាបទលើព្រហ្មទណ្ឌខណៈដែលក្រុមអាជ្ញាធរបង្កើនការស៊ើបអង្កេតរបស់ខ្លួនទៅលើគម្រោងអភិវឌ្ឍមូលនិធិរដ្ឋ1MDB និងក្រុមហ៊ុន SRC International ។

លោក ណាជីប រ៉ាហ្សាក់ ដែលកំពុងបង់ប្រាក់ធានាខ្លួននៅក្រៅឃុំបានបដិសេធការចោទប្រកាន់ទាំងអស់នេះ៕

លោកស្រី រ៉ូស្មាស ម៉ាន់ស័រ មកដល់ការិយាល័យប្រឆាំងអំពើពុករលួយនៅទីក្រុងPutrajayaកាលពីថ្ងៃទីថខែមិថុនា ឆ្នាំ២០១៨