ភរិយា​របស់ ដូ​ណា​ល់ ត្រាំ សុំដក​ទីប្រឹក្សា​សេត​វិមាន​ចេញពី​តំណែង​

848
ចែករម្លែក

លោកស្រីមេឡានៀ ត្រាំ( Melania Trump )ជំទាវទីមួយ ភរិយារបស់ លោក ដូណាល់ ត្រាំ(Donald Trump )​ប្រធានាធិ​បតីអាមេរិកបានអំពាវនាវជាសាធារណៈឱ្យបណ្តេញមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន។

បន្ទាប់ពីសេចក្តីរាយការណ៍ព័ត៌មានបានផ្សាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចចិត្តដកលោកស្រី Mira Ricardel ចេញពីតំណែងជាទីប្រឹក្សារងនៃសន្តិសុខជាតិមកនោះលោកស្រី Stephanie Grisham អ្នកនាំពាក្យរបស់ជំទាវទីមួយនេះ បានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា “វាគឺជាជំហររបស់ការិយាល័យរបស់ជំទាវទីមួយដែល លោកស្រី មិនសមនឹងទទួលបានកិត្តិយសក្នុងការបម្រើនៅក្នុងសេតវិមាននេះទេ “។

នៅមុនសេចក្តីថ្លែងការណ៍នេះ បានចេញនោះ លោកស្រីMira Ricardel ស្ថិតក្នុងចំណោមមន្រ្តីរដ្ឋបាលនិងបុគ្គលផ្សេងទៀតដែលឈរនៅពីក្រោយ លោក Donald Trump នៅក្នុងពិធីសេតវិមានមួយ ដែលប្រារព្ធធ្វើពិធីបុណ្យDiwali ដែលជាពិធីបុណ្យភ្លើងសាសនាហិណ្ឌូ។

កាសែត Wall Street Journal បានរាយាការណ៍ថា បុគ្គលិករបស់ជំទាវទីមួយនិង លោកស្រី Mira Ricardel បានឈ្លោះប្រកែកគ្នាក្នុងអំឡុងការធ្វើដំណើររបស់លោកស្រី Melania Trump ទៅកាន់អាហ្វ្រិកកាលពីខែតុលា អំពីបញ្ហាមួយចំនួនដូចជា កន្លែងអង្គុយនៅលើយន្តហោះ និង​ សំណើប្រើប្រាស់ធនធានរបស់ក្រុមប្រឹក្សាសន្តិសុខជាតិនេះជាដើម។

លោកស្រី Melania Trump ការពារស្វាមីរបស់លោកស្រីយ៉ាងខ្លាំងហើយត្រូវបានគេចាត់ទុកថាជាអ្នកផ្តល់យោបល់ដ៏មានឥទ្ធិពលម្នាក់ ក្នុងចំណោមជំទាវទីមួយច្រើននាក់របស់អាមេរិក។

លោកស្រីMelania Trump ក៏ជាជំទាវទីមួយ ដែលមានបញ្ហាបុគ្គលផ្ទាល់ខ្លួនច្រើនបំផុតក្នុងចំណោមជំទាវទីមួយច្រើននាក់របស់អាមេរិកដែលបានធ្វើសេចក្តីប្រកាសជាសាធារណៈអំពីការមិនសប្បាយចិត្តរបស់លោកស្រីប្រឆាំងមន្ត្រីជាន់ខ្ពស់ ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានABCក្នុងអំឡុងពេលដំណើរធ្វើទស្សនកិច្ចនេះកាលពីខែមុននោះ លោកស្រីMelania Trump បាននិយាយថា មានមនុស្សនៅសេតវិមាន ដែលលោកស្រីនិង ប្រធានាធិបតី មិនអាចទុកចិត្តបាន។ លោកស្រី បានបដិសេធមិនប្រាប់ឈ្មោះនរណាម្នាក់ទេ ប៉ុន្តែបាននិយាយថាលោកស្រីបានអនុញ្ញាតឱ្យលោក Donald Trump ដឹងថាពួកគេជានរណា និងថាមនុស្សមួយចំនួននោះមិនគួរធ្វើការនៅទីនោះតទៅទៀតទេ។

នៅពេលដែល ត្រូវបានសួរថាតើមានមនុស្សមួយចំនួនដែលមិនទុកចិត្ត នៅធ្វើការនៅសេតវិមាននៅឡើយនោះលោកស្រីMelania Trump បានឆ្លើយថា ” ចា ” ៕ដោយ៖សុខា/SN

លោកស្រី Mira Ricardel (រូបកណ្តាលខាងស្តាំ) ឈរមើល នៅពេលដែល លោក Donald Trump មកដល់សម្រាប់ពិធីបុណ្យDiwali