ភរិយា​លោក សួន សេរី​រដ្ឋា រក​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក​ឲ្យ​ជួយ​សម្រួល​លើ​ការចោទប្រកាន់​ស្វាមី​

409

(​ភ្នំពេញ​) ៖ ភរិយា​របស់លោក សួន សេរី​រដ្ឋា ដែលជា​អ្នកនយោបាយ​ខ្មែរ​មាន​សញ្ជាតិ​អាមេរិកាំង​បានស្នើ​ឲ្យ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​នឹង​ការចាប់ខ្លួន និង​ការចោទប្រកាន់​ស្វាមី​របស់​អ្នកស្រី​ដោយសារ​ការ​បង្ហោះ​សារ​រិះ​​គន់​កងទ័ព​លើ​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
​ ​
​អ្នកស្រី ណៃ ចរិយា អាយុ​៣០​ឆ្នាំ ភរិយា​របស់លោក សួន សេរី​រដ្ឋា បាន​ថ្លែងប្រាប់​វិទ្យុ​ក្រៅ​ស្រុក​មួយ​ថា​អ្នកស្រី​បាន​ជួប​ជាមួយ​មន្ត្រី​ស្ថានទូត​​អាមេរិក នៅ​ព្រឹក​ថ្ងៃ​អង្គារ ហើយ​បានស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ការចាប់ខ្លួន​ស្វាមី​របស់​អ្នកនាង ៖ “…​បង​ចង់​ឲ្យ​គេ​ជួយ​អន្តរាគមន៍​ជួយ ព្រោះ​គាត់​មាន​សញ្ជាតិ​អាមេរិក​ដែរ​…​អញ្ចឹង​បង​គ្រាន់តែ​ចង់​ឲ្យ​គេ​ជួយ​និយាយ​ជាមួយ​រដ្ឋាភិបាល​យើង តែ​ប៉ុណ្ណឹង​ឯង​…”​។​
​ ​
​ជាមួយគ្នានេះ អ្នកស្រី​បានចាត់ទុក​ការ​បង្ហោះ​សារ​របស់​ស្វាមី​អ្នកនាង មិន​ធ្ងន់ធ្ងរ ដូច​ការចោទប្រកាន់​នោះទេ​។​អ្នកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល​​ពិចារណា​ឡើងវិញ និង​ជួយ​សម្រួល​ករណីនេះ​។​

​ទោះជា​យ៉ាងណា ករណី​របស់លោក​លោក សួន សេរី​រដ្ឋា ស្ថិតក្នុង​ដៃ​តុលាការ​ទាំងស្រុង​ដោយ​មិនអាច​មាន​អន្តរាគមន៍​មុន​ការកាត់ទោស​​បានទេ​ក្រោយពី​ត្រូវបាន​ចោទប្រកាន់​បី​បទល្មើស​ព្រហ្មទណ្ឌ រួមមាន ៖១-​បទ ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា ៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​,២-​បទ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ​ ​និង​៣-​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រោយ​ចោទប្រកាន់ តុលាការ​សំរេច​បើកសវនាការ​នៅ​ថ្ងៃទី​២៤ ខែសីហា​ឆ្នាំ​២០១៧​ខាងមុខនេះ​។​
​ ​
​សូមបញ្ជាក់ថា លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ដោយ​រដ្ឋាភិបាល​ចាត់​​ទុក​សារ​របស់លោក ដែល​ហៅ​«​មេទ័ព​ចោរ​» ជាការ​ប្រមាថ​និង​ញុះញុង​កងទ័ព​មិន​អោយស្តាប់​បញ្ជា​៕​ដោយ​៖​វិបុល​/sn