ភរិយា​លោ​កច​ច គ្លូ​នី នឹង​ការពារ​អ្នកកាសែត​រ៉​យ​ទ័​រ ដែល​កំពុង​ជាប់គុក​នៅ​មី​យ៉ាន់​ម៉ា​

898
ចែករម្លែក

​មេធាវី​ការពារ​សិទ្ធិមនុស្ស​ជនជាតិ​អង់គ្លេស​កាត់​លី​បង់ លោកស្រី អា​ម៉ា​ល់ គ្លូ​នី (Amal Clooney) ដែលជា​ភរិយា​របស់​តារា​ហូលីវូដ​លំដាប់​កំពូល ច​ច គ្លូ​នី និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​មីនា​ថា លោកស្រី​នឹង​តំណាងឱ្យ​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​២​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងករណី​មួយ​ដែល​ធ្វើឱ្យមាន​កំហឹង​លើ​ពិភពលោក​។​

​អ្នករាយការណ៍​ព័ត៌មាន​ជនជាតិ​មី​យ៉ាន់​ម៉ា លោក វ៉ា ឡូ​ន (Wa Lone) អាយុ ៣១ ឆ្នាំ និង ក្យ សូ​អ៊ូ (Kyaw Soe Oo) អាយុ ២៧ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំមុន ហើយ​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ស្តីពី​ការសម្ងាត់​ផ្លូវការ ដែល​អាច​ជាប់ពន្ធនាគា​រ​រហូតដល់ ១៤ ឆ្នាំ​។​

​ពួកគេ​បាននិងកំពុង​ស៊ើបអង្កេត​ការសម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ និង​អ្នកស្រុក​ជនជាតិដើម​ភាគតិច​មូស្លីម រ៉ូ​ហ៊ីង​យ៉ា គ្មាន​អាវុធ​ក្នុង​ដៃ​ចំនួន ១០ នាក់ នៅក្នុង​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងជើង​មី​យ៉ាន់​ម៉ា ដែល​រង​ការ​ញាំញី​ដោយ​វិបត្តិ​។​

​លោកស្រី​គ្លូ​នី​និយាយថា “​លោក វ៉ា ឡូ​ន និង​លោក ក្យ សូ​អ៊ូ ត្រូវបាន​គេ​កាត់ទោស ដោយ​គ្រាន់តែ​ពួកគេ​រាយការណ៍​ព័ត៌មាន​។ ខ្ញុំ​បាន​ពិនិត្យមើល​សំណុំរឿង ហើយ​វា​ច្បាស់​ណាស់​ថា​អ្នកកាសែត​២​នាក់​គ្មាន​ទោស​ទេ ហើយ​គួរ​ត្រូវបាន​ដោះលែង​ភ្លាមៗ​”​។​

​លោកស្រី​បន្តថា “​ប៉ុន្តែ​ពួកគេ​ត្រូវបាន​គេ​បដិសេធ​មិនឱ្យ​បង់ប្រាក់​ធានា​ក្រៅ​ឃុំ និង​ប្រឈមមុខ​ជាប់ពន្ធនាគា​ររ​យៈ​ពេល ១៤ ឆ្នាំ​។ លទ្ធផល​នៃ​ករណីនេះ​នឹង​ប្រាប់​យើង​យ៉ាងច្រើន​អំពី​ការប្តេជ្ញាចិត្ត​របស់​មី​យ៉ាន់​ម៉ា​ចំពោះ​នីតិរដ្ឋ និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​”​។​

​ការចូលរួម​របស់លោក​ស្រី​គ្លូ​នី​នឹង​បង្កើន​ការយកចិត្តទុកដាក់​ពី​ពិភពលោក​មកលើ​ករណី​ប្រឆាំងនឹង​អ្នកកាសែត​ទាំង​២ ដែល​កំពុង​ជាប់​ឃាំង​នៅក្នុង​គុក​នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន​។​

​លោកស្រី ហ្គា​អ៊ី​ល ហ្គូ​វ ប្រធាន​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​របស់​រ៉​យ​ទ័​របា​ន​និយាយថា “​យើង​នឹង​បន្ត​រក​មធ្យោបាយ​គ្រប់យ៉ាង​ដើម្បី​ធានាឱ្យមាន​ការដោះលែង​អ្នកយកព័ត៌មាន​របស់​យើង​។ ការដែល​បាន​លោកស្រី​គ្លូ​នី​ការពារ​ក្តី គឺ​បាន​ជួយ​ពង្រឹង​ជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​របស់​យើង និង​អនុញ្ញាតឱ្យ​យើង​ពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនោះ​”​។​

​អតីត​ប្រធានាធិបតី​អាមេរិក​លោក ប៊ី​ល គ្លី​ន​តុ​ន និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​អ្នកកាសែត​ទាំង​២ ខណៈដែល​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​សេរីភាព​សារព័ត៌​មាននៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​លោកស្រី​គ្លូ​នី ដែលជា​មេធាវី​គួរឱ្យ​គោរព​ជា​អន្តរជាតិ ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​តារា​ល្បីៗ ជាច្រើន​ផងដែរ ចាប់តាំងពី​លោកស្រី​បាន​រៀបការ​ជាមួយ​តារាភាពយន្ត​អាមេរិក លោក ច​ច គ្លូ​នី ក្នុង​ឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

លោកស្រី អា​ម៉ា​ល់ គ្លូ​នី មេធាវី​ការពារ​សិទ្ធិមនុស្ស ចូលរួម​កិច្ចប្រជុំ​អ​.​ស​.​ប កាលពី​ថ្ងៃទី ២១ កញ្ញា ២០១៧