ភស្តុតាង​មាន​ជាក់ស្តែង មិនអាច​ច្រ​ឡំ​បានទេ​!

362
ចែករម្លែក

កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​បី ឈ្មោះ ហេង ហាប់ អាយុ ២៤​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក និង​ត្រូវជា កូនប្រុស​ប្រធាន​នាយកដ្ឋាន​ទៀតផង​បាន​ចូលទៅ​ដក​លុយ​នៅ​ហាង​វី​ង យីហោ “​រស្មី​សាមគ្គី​” ស្ថិតនៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ កាមេ​រ៉ា​សុវត្ថិភាពបង្ហាញថា ប៉ូលិស​រូបនោះ បាន​បន្លំ​លួច​យក អាយ​ផេ​ត​(iPad) មួយគ្រឿង​ទៅ​បាត់​។​

​ក្រោយពេល​ម្ចាស់​ហាង បង្ហោះ​វិ​ដេ​អូ​នោះ ក៏ត្រូវ​ប៉ូលិស ហេង ហាប់ ឲ្យ​ម្តាយ​ទាក់ទង យក iPad​ដែល​ខ្លួន​លួច​យក​នោះទៅ​ប្រគល់​ឲ្យ​ម្ចាស់​ហាង​វី​ង​វិញ ហើយក៏​សម្រុះសម្រួល បញ្ចប់រឿង​ដោយ​មិន​មានការ​ប្តឹងផ្តល់​អ្វី​ទេ​។ ក៏ប៉ុន្តែ​រឿងនេះ​ល្បី​ពេញ​បណ្តាញសង្គមហ្វេ​ស​ប៊ុ​ក ដោយមាន​អ្នកស៊ែរ រាប់ពាន់នាក់​ព្រមទាំង​អ្នក​បញ្ចេញមតិ​យ៉ាងច្រើន​។​

​នៅ​ថ្ងៃទី​៣០ ខែឧសភា​ដដែល ប៉ូលិស​បាន​ហៅ​ប៉ូលិស​ស័ក្តិ​បី ហេង ហាប់ មក​សួរនាំ ហើយក៏​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ក្រោយ​ធ្វើ​កិច្ចសន្យា និង​មាន​អ្នកធានា​។ ក្នុងនោះ អ្នកនាំពាក្យ​នគរបាលជាតិ​ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយបញ្ជាក់ថា ប៉ូលិស ហេង ហាប់ យក iPaid នោះ មាន​បញ្ហា​សតិអារម្មណ៍​ ហើយ​គ្រាន់​ជាការយក​ច្រ​ឡំ​ប៉ុណ្ណោះ ព្រោះ​នៅពេល​ប៉ូលិស​នោះ ទៅផ្ទះ​វី​ង​ដក​លុយ គឺ​រូបគេ​ជិះឡាន Range Rover​។​

​យ៉ាងណាក៏ដោយ ដោយសារ​មានការ​រិះគន់ និង​ប្រតិកម្ម​ជា​បន្ដបន្ទាប់​នៅលើ​បណ្ដាញសង្គម Facebook នៅ​ថ្ងៃទី​៣ ខែមិថុនា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច កសាង​សំណុំរឿង និង​បញ្ជូន​មន្ដ្រីនគរបាល ពាក់​ស័ក្ដិ​បី ដែល​លួច iPad នោះ ទៅកាន់​តុលាការ​ចាត់វិធានការ​តាមផ្លូវច្បាប់​។​

​ភ្លាមៗ នៅ​រសៀល​ថ្ងៃទី​៣ ខែមិថុនា សំណុំរឿង​មន្ដ្រីនគរបាល​ស័ក្ដិ​បី ឈ្មោះ ហេង ហាប់ បម្រើការ​នៅ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក ដែល​លួច iPad មួយគ្រឿង នៅ​ហាង​វេរ​លុយ​វី​ង ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ដ​នីតិវិធីទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​ករណី​របស់​មន្ត្រីប៉ូលិស​លួច iPad នេះ គឺមាន​ភស្តុតាង​ច្បាស់លាស់ វីដេ​អូកា​មេ​រ៉ា​សុវត្ថិភាព ដែល​បង្ហាញ​ច្បាស់លាស់​ថា មន្ត្រីប៉ូលិស​នោះ ពិត​ជាមាន​ចេតនា លួច​យក iPad ដោយ​មិនមែន​ជាការ​ច្រ​ឡំ​ដៃ​យក​របស់គេ​នោះទេ​។​
​ ​
​បើសិនជា​លួច​យក​របស់គេ​ហើយ មាន​ទាំង​ភស្តុតាង​ហើយ បែរជា​ធ្វើលិខិត​បំភ្លឺ​សុំទោស រួចខ្លួន តើ​មហាជន​យល់​យ៉ាងណា​? ព្រោះថា ខ្លួន​ជា​ប៉ូលិស​អ្នកអនុវត្តន៍​ច្បាប់​ បែរជា​លួចរបស់គេ​ដូច្នេះ​? ហើយ​ឆ្លើយថាមាន​បញ្ហា​សតិអារម្មណ៍ និង​ច្រ​ឡំ​ដៃ​យក​របស់គេ​។ ស្តាប់ទៅ​ដូចជា​មិន​សមសោះ​។​
​ ​
ដំណោះស្រាយ​ល្អ ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​បានប្រកាស​រួចហើយ មានតែ​បញ្ជូន​ឲ្យ​ច្បាប់​ចាត់ការ​តាម​នីតិវិធី ព្រោះ​ច្បាប់​ត្រូវបាន​អនុវត្ត​ន៍លើ​ពលរដ្ឋ​ខ្មែរគ្រប់រូប ដោយ​ស្មើភាព​គ្នា​។ ប៉ូលិស​នោះ ត្រូវ​ទទួលទោស​តាមច្បាប់ ពីបទ​លួច និង​គួរតែបណ្តេញ​ចេញពី​ជួរ​ប៉ូលិស ហើយ​បើ​ឪពុក ដែលជា​ប្រធាន​នាយកដ្ឋាន​ចេញមុខ​ការពារកូន ក៏​គួរតែ​បក​ស័ក្តិ​ឪពុក​នោះ​ថែមទៀត ដើម្បី​ទុកជា​មេរៀន​សម្រាប់​កងកម្លាំងសមត្ថកិច្ច​ដទៃទៀត​។​
​ ​
ផ្ទុយទៅវិញ បើសិនជា​កងកម្លាំង និង​ថ្នាក់ដឹកនាំ​នៅតែ​ការពារ​ប៉ូលិស​ខិលខូច​នោះ​កេរ្តិ៍ឈ្មោះ​សមត្ថកិច្ចក៏​ធ្លាក់ចុះ ហើយ​ច្បាប់​ស្រុក​យើង​ក៏​ទទួលរង​នូវ​ការរិះគន់​កាន់​តែខ្លាំងពី​មហាជន​ជាមិនខាន​។ ប៉ូលិស​ខិលខូច មិនមាន​ច្រើន​ឯណា​? ហេតុដូច្នេះ គួរតែ​ថ្នាក់ដឹកនាំចាត់វិធានការតាម​អភិក្រម​ទី​៥​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​វះកាត់​៕ ដោយ​: ម៉េង​ឆៃ​/Ha