ភាគហ៊ុន​ក្រុមហ៊ុន Wanda ធ្លាក់ចុះ​ប្រឹប ពេល​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ប្រធាន​ក្រុមហ៊ុន​ជាប់ឃុំ​

841
ចែករម្លែក

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​សណ្ឋាគារ ដែល​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ពហុ​ផលិតផល Wanda ចិន​បាន​ធ្លាក់ចុះ​ជិត ១០ ភាគរយ​នៅ​ហុងកុង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា បើទោះជា​ក្រុមហ៊ុន​នេះ​ច្រានចោល​ថា​របាយការណ៍​នោះ​មិន​ពិត​ទេ ដែលថា ប្រធាន​លោក វ៉ាង ជៀន​លីន (Wang Jianlin) ត្រូវបាន​រារាំង​មិនឱ្យ​ចាកចេញ​ពី​ប្រទេស និង​ឃុំខ្លួន​អស់​រយៈពេល​ជាច្រើន​ម៉ោង​។​

​ក្រុមហ៊ុន Wanda និង​ក្រុមហ៊ុន​ដទៃទៀត​របស់​ចិន​ដែល​បាន​វិនិយោគទុន​រាប់ពាន់​លាន​ដុល្លារ​នៅក្រៅ​ប្រទេស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​ស្ថិតក្រោម​ការត្រួតពិនិត្យ​ជា​ផ្លូវការ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នៅពេលដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផ្អាក​ការហូរ​ចេញ​មូលធន​និង​បំណុល​ដ៏​ច្រើន​សម្បើម​។​

​វេ​ប​សាយ​ចចាមអារ៉ាម Bowen Press បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​វ៉ាង​ដែលជា​បុរស​មាន​បំផុត​ម្នាក់​របស់​ចិន​ត្រូវបាន​គេ​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​ធាន​ជីន​កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​គាត់​ចង់​ហោះ​ទៅកាន់​ទីក្រុង​ឡុង​ដ៍​។​

​វេ​ប​សាយ​នេះ​លើកឡើងថា គាត់​ត្រូវបាន​គេ​ដោះលែង​បន្ទាប់ពី​ប៉ុន្មាន​ម៉ោង ប៉ុន្តែ​និយាយថា​គាត់​មិនអាច​ចាក​ចេញពី​ប្រទេស​ចិន​បានទេ​។​

​ក្រុមហ៊ុន Wanda Group បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​នេះ ដោយ​លើកឡើងថា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ “​បុគ្គល​មួយចំនួន​ដែលមាន​ចេតនា​មិនល្អ បាន​បង្កើត​និង​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​ជាច្រើន​” អំពី​ការ​រឹតបន្តឹង​ដែល​គេ​ដាក់​មកលើ​លោក​វ៉ាង​។ ក្រុមហ៊ុន Wanda បញ្ជាក់​យ៉ាងច្បាស់​ថា​ពាក្យ​ចចាមអារ៉ាម​ទាំងអស់នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ហើយ​មាន​ចេតនា​មិនល្អ​នៅ​ពីក្រោយ​វា​”​។​

​ប៉ុន្តែ​ភាគហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ហុងកុង​របស់​ក្រុមហ៊ុន Wanda Hotel Development Co បាន​ធ្លាក់ចុះ​រហូតដល់ ៩,៦២ ភាគរយ​កាលពី​ថ្ងៃ​ចន្ទ​។​

​ក្រោយមក​ពួកគេ​បាន​មើលឃើញ​ភាគហ៊ុន​ឡើង​ចុះ​ច្រើនដង​ពេញ​មួយ​ព្រឹក ហើយ​បាន​ធ្លាក់ចុះ​ជាង ៦ ភាគរយ​គិត​ត្រឹម​ពាក់កណ្តាល​រសៀល​ថ្ងៃ​ចន្ទ​នេះ​។​

​ក្រុមហ៊ុន Wanda បាន​ពង្រីក​ខ្លួន​ចម្រុះ​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំនេះ ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ពាណិជ្ជកម្ម​ទៅជា​ក្រុមហ៊ុន​កម្សាន្ត សួនឧទ្យាន ក្រុមកីឡា​និង​វិស័យ​ផ្សេងៗ​ទៀត ហើយ​ឥឡូវនេះ​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ប្រឈម​នឹង​ការលំបាក​ក្នុងការ​សងបំណុល​។​

​កាលពី​ខែកក្កដា​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា​ខ្លួន​បាន​លក់​សណ្ឋាគារ​ចំនួន ៧៧ និង​អចលនទ្រព្យ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅក្នុង​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​ដែលមាន​តម្លៃ ៩,៣ ពាន់​លាន​ដុល្លារ​ទៅ​ក្រុមហ៊ុន​អចលនទ្រព្យ R & F Properties ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ក្វាង​ចូ​វ​។​

​របាយការណ៍​ថ្មីៗ​នេះ​បាន​និយាយថា​ប្រទេស​ចិន​មាន​ផែនការ​រឹតត្បិត​ក្រុមហ៊ុន Wanda ដោយ​កាត់បន្ថយ​ប្រាក់កម្ចី​ថ្មី​និង អនុម័ត​ច្បាប់​សម្រាប់​កិច្ចព្រមព្រៀង​នានា ដោយ​ដាក់ពិន័យ​ក្រុមហ៊ុន​នេះ​ចំពោះ​ការរំលោភ​លើ​ការ​រឹតបន្តឹង​របស់​ចិន​ទៅលើ​ការវិនិយោគ​ក្រៅប្រទេស​៕ ដោយ៖ កញ្ញាដាលីស

លោក​វ៉ាង ជៀន​លីន ប្រធាន​ក្រុមហ៊ុន Wanda