ភាគហ៊ុន​សកលលោក​ខាតបង់​ដល់​ទៅ ១ លាន​លាន​ដុល្លារ ដោយសារតែ​អាមេរិក​និង​កូរ៉េខាងជើង​គំរាម​វាយ​គ្នា​

90

​យោងតាម​ប្រភពព័ត៌មាន​ដេលី​មែ​ល​បានឱ្យដឹងថា ការខូចខាត​ដែល​បានកើត​មាន​លើ​ភាគហ៊ុន​ពិភពលោក​នៅ​សប្តាហ៍​នេះ​ដោយ​សង្គ្រាមពាក្យសម្តី​កាន់តែខ្លាំង​ឡើង​ជុំវិញ​រឿង​ប្រទេស​កូរ៉េខាងជើង គឺមាន​ចំនួន ១ លាន​លាន​ដុល្លារ​។​

​ភាគហ៊ុន​អាមេរិក​និង​អាស៊ី​បាន​ធ្លាក់ចុះ ជាមួយ​អ្នកវិនិយោគ​ជាច្រើន​នាំគ្នា​រត់ទៅរក​ទ្រព្យសកម្ម​ដែលមាន​សុវត្ថិភាព រួមមាន​មាស​និង សញ្ញា​បណ្ណ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​គេ​មើលឃើញថា​ជា​មូល​ប​ត្រ​ហិរញ្ញវត្ថុ​ដែលមាន​សុវត្ថិភាព​បំផុត​មួយ​នៅក្នុង​ពិភពលោក​។​

​ការធ្លាក់ចុះ​ភាគហ៊ុន​នេះ​កើតឡើង​នៅពេលដែល​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បាន​បង្កើន​វោហា​សាស្ត្រ​របស់គាត់ ក្នុងការ​ប្រឈមមុខ​អំពី​កាំជ្រួច​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​។​

​លោក​ត្រាំ​និយាយថា​ការសន្យា​ដំបូង​របស់លោក​ក្នុងការ​បញ្ចេញ “​ភ្លើង​និង​កំហឹង​” ទៅលើ​កូរ៉េខាងជើង​ប្រហែលជា​មិនទាន់​ខ្លាំង​ដៃ​នៅឡើយ​ទេ បន្ទាប់ពី​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​ក្រុង​ព្យុងយ៉ាង​បាន​និយាយ​កាលពីពេល​មុននេះ​ថា ខ្លួន​នឹង​សម្រេច​ផែនការ​មួយ​នៅ​ពាក់កណ្តាល​ខែសីហា​ដើម្បី​បាញ់​មី​ស៊ី​ល​ចំនួន​៤​គ្រាប់​ឱ្យ​ធ្លាក់​នៅក្បែរ​កោះ​ក្វាម​។​

​ភាគហ៊ុន​អាមេរិក​និង​អាស៊ី​បាន​ធ្លាក់ចុះ​តែមួយ​ភ្លែត​ប៉ុណ្ណោះ ជាមួយ​ពួក​វិនិយោគិន​ជំនួស​មកវិញ​បាន​ងាក​ទៅរក​ទ្រព្យសកម្ម​ដែលមាន​លក្ខណៈ​ប្រពៃណី​និង​មាន​សុវត្ថិភាព​ជាង ដូចជា​សញ្ញា​បណ្ណ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ស្ថិត​ក្នុងចំណោម​ទ្រព្យសកម្ម​ដែលមាន​តម្លៃ​និង​មាន​ចំណាត់ថ្នាក់​ល្អ​បំផុត​នៅក្នុង​ពិភពលោក​។​

​វិនិយោគិន​ក៏​ងាក​ទៅរក​ប្រាក់​យ៉េន ហ្វ្រ​ង់​ស្វី​ស និង​មាស ផងដែរ​។​

​ជាមួយនឹង​ភាព​តានតឹង​ដែល​ជំ​រុញឱ្យ​ភាគហ៊ុន​អឺរ៉ុប​ធ្លាក់ចុះ​ដល់​ថ្ងៃទី ៣ និង​ភាគហ៊ុន​នៅ Wall Street របស់​អាមេរិក ត្រៀម​ធ្លាក់ចុះ​ជាថ្មី​ម្តងទៀត​នោះ ភាគហ៊ុន​សកលលោក​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ការធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត​ក្នុង​សប្តាហ៍​នេះ ចាប់តាំងពី​លោក​ត្រាំ​បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ខែវិច្ឆិកា​។​

លោក​ត្រាំ​បានចេញ​ការព្រមាន​ថ្មី​មួយ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​សុក្រ​ទី​១១​សីហា​នៅលើ​ធ្វី​ត​ធើ ថា “​ដំណោះស្រាយ​យោធា​ឥឡូវនេះ​ត្រូវ​បានដាក់​នៅនឹងកន្លែង​ទាំងស្រុង​ហើយ បើសិនណា​កូរ៉េខាងជើង​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​មិន​គិតគូរ​វែងឆ្ងាយ​”​។​

​ទីផ្សារ​នានា​របស់​ជប៉ុន​បាន​បិទ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ប៉ុន្តែ​ប្រាក់​យ៉េន​បាន​ឡើងថ្លៃ​ខ្ពស់បំផុត​ក្នុង​រយៈពេល ៨ សប្តាហ៍​មកនេះ ដែលមាន​តម្លៃ ១០៨,៩១ យ៉េន​ក្នុង​មួយ​ដុល្លារ ក្រៅពី​ការឡើង​ថ្លៃ​ប្រាក់​យ៉េន​ខ្លាំង​បំផុត​រៀងរាល់​សប្តាហ៍​ចាប់តាំងពី​ខែឧសភា​មក​។​

​ប្រាក់​យ៉េន​តែង​ទទួលបាន​អត្ថប្រយោជន៍​អំឡុងពេល​នៃ​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​ឬ​ការធ្លាក់ចុះ​ហិរញ្ញវត្ថុ ព្រោះ​ប្រទេស​ជប៉ុន​គឺជា​ប្រទេស​ម្ចាស់បំណុល​ធំ​បំផុត​នៅលើ​ពិភពលោក ហើយ​មានការ​សន្ម​ត់​ថា​វិនិយោគិន​ជប៉ុន​នៅ​ទីនោះ​នឹងធ្វើ​មាតុភូមិនិវត្តន៍​ប្រាក់​របស់ខ្លួន ប្រសិនបើ​វិបត្តិ​កើតមានឡើង​មែន​នោះ​។​

​ប្រាក់​ហ្វ្រ​ង់​ស្វី​ស​ដែលជា​រូបិយ​បណ្ណ​ប្រពៃណី​ផ្សេង​មួយទៀត​ក្នុងចំណោម​រូបិយ​បណ្ណ​ដ៏​មាន​សុវត្ថិភាព​បំផុត​នោះ ក៏បាន​ទទួលផល​ប្រយោជន៍​ផងដែរ​។ កាលពី​២​សប្តាហ៍​មុន​វា​បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​ធៀប​នឹង​ប្រាក់​អឺរ៉ូ​ចាប់តាំងពី​ដើមឆ្នាំ ២០១៥ ។ ប៉ុន្តែ សប្តាហ៍​នេះ​ប្រាក់​ហ្វ្រ​ង់​ស្វី​សបាន​កើនឡើង​ខ្លាំង​បំផុត គិត​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ ២០១៦ មក​៕ ដោយ៖ កញ្ញាដាលីស