ភាគី​សហជីព​សម្រេចយក​តួ​លេខ​១៩២​ដុល្លារ​សម្រាប់​កិច្ច​ចរ​ចាប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៩ ​ ​

1129
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​បន្ទាប់ពី​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៩​ក្នុង​វិស័យ​កាត់ដេរ​លើក​ទី​២​បាន​បញ្ចប់​ដោយ​មិនទាន់​លេច​ជា​តួលេខ​ណាមួយ​នៅឡើយ​។ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​លើកឡើងថា សម្រាប់​កិច្ចប្រជុំ​លើក​ទី​៣​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤​ខែកញ្ញា​ខាងមុខ​ក្រុម​សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត នឹង​លើកយក​តួលេខ​ចំនួន​១៩២​ដុល្លារ​អាមេរិក ដើម្បី​ធ្វើការ​ពិភាក្សា​បន្ត​។​

​លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា​តួលេខ​ដំបូង​ដែល​គ្រោង​នឹង​លើកយក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ខាងមុខ​គឺ​ចំនួន​២១១,៦៧​ដុល្លារ​។​ប៉ុន្តែ​ក្រោយពី​បាន​ប្រជុំ​ច្រើនលើកច្រើនសារ​រួចមក​ករ​វាង​ក្រុម​សហជីព​ក៏បាន​សម្រេចយក​តួរលេខ​ចំនួន​១៩២​ដុល្លារ​វិញ​។​សម្រាប់​កិច្ចប្រជុំ​លើក​ទី​៣​ខាងមុខ​ខណៈដែល​តួ​លេខ​ភាគី​តំណាង​ឲ្យ​និយោជក​មិនទាន់​លេចចេញ​នៅឡើយ​។​ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​គ្រោង​នឹង​លើកយក​តួលេខ​ចំនួន​១៧៧​ដុល្លារ​ដើម្បី​ធ្វើ​ការចចារ​បន្ត​។​

ជាមួយគ្នានេះ​លោក​បាន​ទទួលស្គាល់ថា​ការ​តម្លើង​ប្រាក់​ឈ្នួល​បន្តបន្ទាប់​ក៏មាន​ផលប៉ះពាល់​ផងដែរ​ទៅដល់​ផ្នែក​សិប្បកម្ម​ខ្នាតតូច​ក៏ដូចជា​កម្មករ​មួយចំនួនធំ​ផ្សេងទៀត​។​ទន្ទឹមនេះ​លោក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ដែលមាន​ការយកចិត្តទុកដាក់​និង​តែងតែ​គិតគូរ​ដល់​កម្មករនិយោជិត​ផ្នែក​វិស័យ​កាត់ដេរ​។

​អំពាវនាវ​បន្ថែម​ដល់​ថ្នាក់លើ​គួរ​ព​ន្លឿ​ន​ឲ្យ​ឆាប់រហ័ស​លើ​របប​ប្រាក់​សោធន​(​ប្រាក់​រឺ​ត្រែ​ត​)​។ ព្រោះនេះ​ជា​រឿង​សំខាន់​ណាស់​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​ដែល​រំពឹងទុក​ថា​នឹង​អាច​ទទួលបាន​ដូច​វិស័យ​រដ្ឋ​ដែរ​ក្រោយ​ចូលនិវត្ត​ចាស់ជរា ឬ​បាត់បង់​ការងារ​ក្តី​ជាដើម​។​

​តាម​ការបញ្ជាក់​របស់​លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ក្រោយ​ចប់​កិច្ចប្រជុំ​លើក​ទី​២​កន្លងទៅនេះ​បាន​ឲ្យ​ដឹងថា​“​រៀងរាល់​ពេល​ច​ចារ​ដំណាក់​ដំបូង​ភាគី​នីមួយៗ​តែងតែមាន​ក្តី​រំពឹង​រៀងៗ​ខ្លួន​ដើម្បី​ជា​សំណើរ​សម្រាប់​ឲ្យ​ភាគី​ម្ខាង​ទៀត​ពិចារណា​។

យើង​ផ្តើម​ពី​តួលេខ​ខ្ពស់​ហើយក៏​ចុះមក​ម្តង​តិច រីឯ​ភាគី​និយោជក​ផ្តើម​ពី​តួលេខ​ទាប ឡើង​ម្តង​បន្តិច អីចឹង​ខ្ញុំ​គិតថា​តួរ​លេខ​ណាមួយ​ក៏ដោយ​ដែល​បង្ហាញ​ដោយ​ភាគី​នីមួយៗ​ក្រៅផ្លូវការ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ នៅ​មិនទាន់​ក្លាយជា​តួលេខ​ផ្លូវ​ការដែល​តំណាង​ឲ្យ​ភាគី​របស់ខ្លួន​នៅឡើយ​ទេ​”​។​
​ ​
​លោក​អនុប្រធាន​បាន​បន្តថា​ដូច្នេះ​យើង​នៅ​រង់ចាំ​មើលថា​តើ​នៅ​ថ្ងៃ​ខាងមុខ​ភាគី​នីមួយៗ​មាន​សំណើរ​ផ្លូវការ​របស់គាត់​ក្នុង​កម្រិត​ប៉ុណ្ណា​។​ប៉ុន្តែ​ទោះបីយ៉ាងណា​យើង​មិន​ភ្ញាក់ផ្អើល​ទៅលើ​ការលើកឡើង​របស់​ភាគី​ណាមួយ ឬក៏​បុគ្គល​ណាមួយ​ទេ ពីព្រោះ​យើង​ស្ថិតក្នុង​ដំណាក់កាល​ចរ​ចា​គ្នា​នៅឡើយ​។

​ទាក់ទង​នឹង​កិច្ចប្រជុំ​លើក​ទី​ពីរ​កន្លងទៅ​លោក​ឲ្យ​ដឹងថា​គឺ​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​ល្អ​ហើយ​មាន​ភាពចាស់ទុំ​ច្រើន​។​ដូច្នេះហើយ​បានជា​សាធារណជន​ឆ្ងល់​ហើយ​ថា​កិច្ចប្រជុំ​លើក​នេះ​មិនទាន់មាន​តួលេខ​ណាមួយ​ជាក់​ច្បាស់ ព្រោះ​យើង​មិនទាន់​ចេញ​តួ​លេខ​ណាមួយ​ដែល​ទៅ​ដែលជា​តួរ​លេខ​ដំបូង ហើយ​ដល់ពេល​ចុងក្រោយ​ទៅ​ខុសពី​នឹងធ្វើ​ឲ្យ​សាធារណជន​ឆ្ងល់​ទៅវិញ​។​អីចឹង​យើង​សុខចិត្ត​យឺត​តិច​ក្នុង​ការបញ្ចេញ​តួរ​លេខ​។​

​ប៉ុន្តែ​តួ​លេខ​ដែល​ចេញមក​ដែល​អាចមាន​ភាពប្រាកដប្រជា​និង​កៀក​ជាង​ឆ្នាំមុនៗ​សម្រាប់​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ឆ្នាំ​២០១៩​ត្រូវបាន​លោក​បណ្ឌិត​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា​នឹង​បញ្ចប់​ឱ្យបាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​៥ ខែតុលា​ខាងមុខ​៕S/សរន

ភាគី​សហជីព​សម្រេចយក​តួរ​លេខ​១៩២​ដុល្លារ​សម្រាប់​កិច្ច​ច​ចារប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៩