ភាគ​ខ្លះ​នៃ​ជីវិត​តារា​កំប្លែង​នាយ​វីតាមីន​សេ

1075
ចែករម្លែក
  • 43
    Shares

ដោយៈ បូ​រិ​ន/​ភ្នំពេញៈ តារា​កំប្លែង​នាយ វីតាមីន​សេ បានទទួល​មរណភាព​ដោយសារ​ជំងឺ​កាលពី​​រំលង​អ​ធ្រា​ត្រ​បន្តិច​ឈាន​ចូល​ថ្ងៃទី​៣០​ខែមីនា​ដោយ​បន្សល់​ភាព​អា​លោះ​អាល័យ​ពី​សំណាក់​មិត្ត​ភ័​ក្ត និង សមាជិក​ក្រុម​តារា​កំប្លែង​របស់​លោក​ព្រមទាំង​គ្រួសារ​។​នេះ​ជាលា ទស្សនិកជន​ជា​រៀងរហូត​។​សព​របស់លោក​នឹងត្រូវ​បូជា​នៅ​ម៉ោង​​៨​យប់​ថ្ងៃទី​១​ខែមេសា​ស្អែក​នេះ​នាវ​ត្ត​តាំង​កសាង​ដែល​ស្ថិតនៅ​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជ​ធានី​ភ្នំពេញ​(​ច្រក​ចូល​ទល់​មុន​ព្រលានយន្តហោះ​​អន្តជាតិ​ភ្នំពេញ​)​។​

​ពិធី​បុណ្យសព​ធ្វើ​នៅផ្ទះ​លេខ 188c ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខជិះពីផ្លូវត្រឡោក​បែក​ឡើងមក រកមើល​ហាង​ឈ្មោះ វាយ​ហ្វា​យ​(Wifi) ហើយ​រកមើល​ផ្លូវលំ​លេខ​៥៩៨ ចុះមក​ក្នុង​បន្តិច​ប្រហែល​៤០​ម៉ែត្រ​។​ប្រសិន​បងប្អូន​មិត្ត​សិល្បៈ​ណា​រក​មិនឃើញ​នោះ​ទំនាក់ទំនង​មក​នាង​ផ្ទាល់​តាម​លេខ​០១០ ៥៨៣ ៣៧៦ ។

នាយវីតាមីនសេ

.​ជីវប្រវត្តិ​នាយ​វីតាមីន​សេៈ​
តាម​ការ​ចងក្រង​ជីវប្រវត្តិ​របស់​នាយ​វីតាមីន​សេ​បង្ហាញថា​លោក ម៉ៅ សាមឿន ហៅ នាយ​វីតាមីន​សេ កើត​នៅ​ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៩៤៨ ស្ថិតក្នុង​ភូមិ​កោង​កាង ឃុំ កោង​កាង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។ លោក​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៥​នាក់​ប្រុស​៣ ស្រី​២​។ បច្ចុប្បន្ន​ប្អូន​របស់លោក​ស្លាប់​ចំនួន​២ នាក់​ក្នុង​របប​ប៉ុលពត​។ ឪពុក​របស់លោក​ឈ្មោះ ទូច ម៉ៅ ជា​កសិករ ស្លាប់ ម្ដាយ​ឈ្មោះ ឃឹម យាន ជា​កសិករ ស្លាប់​។​

​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ ១៩៧២ ជាមួយ អ្នកស្រី លីវ ស៊ីថា បច្ចុប្បន្ន​ភរិយា​របស់លោក គឺជា ស្ត្រី​មេផ្ទះ មាន​អាយុ ៦៥ ឆ្នាំ ។ លោក​មានកូន​ចំនួន ៥ នាក់​ប្រុស ២ ស្រី ៣​។ ក្នុងចំណោម​កូន​ទាំង ៥ នាក់ របស់​លោក គឺ​លោក​បាន​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយជា​អ្នកសិល្បៈ​បាន​ម្នាក់ គឺ អ្នកស្រី មឿ​ន និមល ហៅ​ប៉េងប៉ោង​។ បច្ចុប្បន្ន​លោក​បានរៀបចំ​ទុកដាក់​កូន​របស់លោក​ឲ្យ​មានគូស្រករ​បាន​ចំនួន​២ នាក់ ហើយ​ទទួលបាន​ចៅ​ចំនួន​២ នាក់​។​

​សម្រាប់​ការសិក្សា វិ​លោក​រៀន​មិនបាន​ច្រើន​ទេ គឺ​រៀន​បាន​ត្រឹម​ថ្នាក់​ទី ៨ កាលពី​សម័យ​ដើម ដែល​ស្មើនឹង​ថ្នាក់​ទី ៤ បច្ចុប្បន្ន​។ សាលា​ដែល​លោក​រៀនមាន​ឈ្មោះថា “​សាលារៀន​វត្ត​ព្រះ​សម្បូរ​” ។​លោក​រៀន​បាន​ចំនួន​២​ឆ្នាំ បន្ទាប់មក​បាន​ផ្លាស់​មក​រៀន​នៅ “​សាលារៀន​ជាន់​ដំបូង​” ស្ថិតក្នុង ភូមិ​កោង​កាង ឃុំ កោង​កាង ស្រុក ពញា​ក្រែក ខេត្តកំពង់ចាម​។ នៅ​អំឡុង​ឆ្នាំ ១៩៥៨ កុមារា សាមឿន បាន​កំព្រា​ឪពុក​តាំងពី​នៅ​វ័យ ១០ ឆ្នាំ​។ ឪពុក​របស់ សាមឿន បាន​ស្លាប់​ដោយសារ​ជំងឺ​។ បន្ទាប់ពី ឪពុក​ស្លាប់ទៅ ទ្រព្យសម្បត្តិ ដីធ្លី និង ផ្ទះ​របស់​ក្រុមគ្រួសារ​ត្រូវបាន​ម្ចាស់បំណុល​រឹបអូស​យក​អស់​។ ដោយសារតែ សាមឿន នៅ​វ័យក្មេង​ពេក សាមឿន មិន​ចងចាំ​ថា តើ​ម្ចាស់បំណុល​រឹបអូស​ទ្រព្យសម្បត្តិ​ដោយសារ​រឿង​អ្វី​នោះឡើយ​។​

​ក្រោយពី​ម្ចាស់បំណុល​រឹបអូស​ទ្រព្យសម្បត្តិ ដីធ្លី និង ផ្ទះ​ទៅ​អស់ ម្ដាយ និង ប្អូនៗ​របស់ សាមឿន បាន​ចាក​ចេញពី​ស្រុកកំណើត ទៅ​រស់នៅ ក្នុង ឃុំ​កំពង់ទ្រាស ស្រុក ក្រូចឆ្មារ ខេត្ត កំពង់ចាម ដែលជា​ស្រុកកំណើត​ម្ដាយ​របស់​សាមឿន​។​

​កាល​វ័យ​ជាង ១០ ឆ្នាំ សាមឿន បាន​ស៊ីឈ្នួល​បម្រើ​តាម​ផ្ទះ អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​មួយ ក្នុងស្រុក ពញាក្រែក​។ តម្លៃ​ពលកម្ម ជា​អ្នកបម្រើ របស់​សាមឿន ត្រូវបាន​ថៅកែ ឲ្យ​គិត​ជា​ស្រូវ​៣០​ថាំង​ក្នុង​១​ឆ្នាំ ។ ការងារ ដែល​កុមារា រូបនេះ​ធ្វើ ដូចជា មើល​គោក្របី ធ្វើស្រែ​-​ចម្ការ រែក​ទឹក ជាដើម​។​

​ក្រោយ​ធ្វើជា​អ្នកបម្រើ​របស់គេ​ពិបាក​ពេក សាមឿន ធ្វើ​បានតែ​៦​ខែ​ប៉ុណ្ណោះ ក៏​សុំ​ឈប់​វិញ​។ សាមឿន ត្រូវ​វិល​ទៅ​រស់នៅ​ជាមួយ​ម្ដាយ និង ប្អូនៗ​ចំនួន​៤​នាក់​ទៀត​នៅ ឃុំ កំពង់ទ្រាស ស្រុក ក្រូចឆ្មារ​។ ត្បិតតែ​នៅ​ក្មេង តែ​ក្នុងនាម​ជា​កូនច្បង សាមឿន និង ម្ដាយ ត្រូវ​ស្វះស្វែង​រកប្រាក់ ក្នុងនាម​ជា​អ្នករ៉ាប់រង​ចិញ្ចឹម​ប្អូនៗ​។ សាមឿន ត្រូវ​ទូល​ពោត​ស្ងោរ នំអាកោ រែក​ទឹកត្នោត រាវ​ខ្ចៅ​ខ្ច​ង យកទៅលក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​
​កាល​វ័យ ១៣ ឆ្នាំ ដោយសារតែ​គ្រួសារ​មាន​ជីវភាព​លំបាក​ពេក ហើយ​គួបផ្សំ កុមារា រូបនេះ មាន​និស្ស័យ​ផ្នែក​សិល្បៈ​ផង សាមឿន បាន​សុំ​ម្ដាយ​របស់ ចូល​លេងល្ខោន​បាសាក់ ក្នុង​វង់​ល្ខោន ” តា​អូ​ក្លូ​ញ ” ស្ថិតក្នុង​ស្រុក​របស់​សាមឿន​។​

​ជីវ​ភាពជា​អ្នកសិល្បៈ ម្ដាយ​របស់ សាមឿន មិន​ចង់​ឲ្យ​ប្រឡូក​ឡើយ ដោយ​ម្ដាយ​បាន​ហៅ​សាមឿន​ជារឿយៗ​ឲ្យ​ត្រឡប់មកផ្ទះ​វិញ ។​ប៉ុន្ដែ ដោយសារតែ សាមឿន មាន​និស្ស័យ​ខាង​សិល្បៈ​ខ្លាំងពេក ទើប​អង្វរ​ម្ដាយ​សុំ​លេងល្ខោន​បាសាក់​នេះ ដោយ​សន្យា​ចំពោះមុខ​ម្ដាយ​ថា នៅពេលដែល​រកស៊ី​មានបាន​ទើប​លោក​ត្រឡប់​មកជួប​ម្ដាយ​វិញ ប៉ុន្ដែ ប្រសិនបើ​រកស៊ី​មិនមាន​បានទេ សាមឿន​មិន​ត្រឡប់​មកជួប​ម្ដាយ​វិញ​ឡើយ​។​

​កាល​នៅក្នុង​វង់​ល្ខោន “​តា​អូ​ក្លូ​ញ​” ដំបូង​ឡើយ សាមឿន ធ្វើជា​អ្នក​វាយ​ស្គរ វាយ​ឈឹង ជាដើម​។ ក្រោយមក សាមឿន ក៏បាន​ប្ដូរ​វង់​ល្ខោន “​តា​អូ​ក្លូ​ញ​” មក​ចូល​លេង​ក្នុង​វង់​ល្ខោន “​អ្នក​ទម្លាប់​” ប៉ុន្ដែ នៅក្នុង​វង់​នេះ​មិន​បាន​យូរ​ប៉ុន្មាន មួយឆ្នាំ​ក្រោយមក សាមឿន បាន​ផ្លាស់​មកលេង​ក្នុង​វង់​ល្ខោន “​ថី​ឌុល​” ក្នុង​ទឹកដី​ខេត្តបាត់ដំបង​។​
​នៅ​បាត់ដំបង សាមឿន មាន​បងធម៌ ឈ្មោះ ប៉ែន សន ដែលជា​តួឯកល្ខោន​ក្នុង​វង្ស​ល្ខោន “​ថី​ឌុល​” នៅក្នុង​វង់​នេះ បាន​ប្រហែលជា​មួយឆ្នាំ សាមឿន ក៏មាន​ឱកាស​ចូលមក​លេង​ក្នុង វង់​ល្ខោន “​បាក់​ស្រេង​” នៅឯ​ក្រុងភ្នំពេញ​ជាមួយ​បងធម៌ ឈ្មោះ ប៉ែន សន​។ ត្រង់នេះ សាមឿន បាន​បញ្ជាក់ថា កាលណោះ​ថៅកែ បាក់​ស្រេង និង អ្នកស្រី អ៊ុន វ៉ាង បាន​ទិញ លោក ប៉ែន សន ដែល​ត្រូវជា​បងធម៌​មក​ចូលក្នុង វង់​ល្ខោន “​បាក់​ស្រេង​” ព្រោះ​នៅ​សម័យ​នោះ លោក ប៉ែន សន គឺ​តួឯកល្ខោន​ដែល​ល្បី​នៅក្នុង​ខេត្ត បាត់ដំបង​។

នៅពេលដែល​លោក​បាន​ចូល​លេង​ក្នុង វង់​ល្ខោន បាក់​ស្រេង លោក​បាន​ចេះ​ពី​របៀប​លេងល្ខោន​ច្រើន និង អាច​សម្ដែង​បាន​គ្រប់​តួ​ទាំងអស់ ព្រោះ​នៅក្នុង​វង់​ល្ខោន​បាក់​ស្រេង​ជា​វង្ស​ល្ខោន​ដែល​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុ​ជានា​សម័យ​នោះ​។ បាក់​ស្រេង មាន​រហូតដល់​ទៅ ៣ វង់ ហើយ​មាន​គ្រួ​ជំនាញ​ខាង​ល្ខោនបាសាក់​ជួយ​បង្ហាត់​លោក​ជាច្រើន​។ លោក​បាន​លេង​ក្នុង​វង់​ល្ខោន​បាក់​ស្រេង​បាន​ច្រើន​ឆ្នាំ​គួរសម​។​

​នៅ​ឆ្នាំ ១៩៦៩ លោក សាមឿន ហៅ នាយ​វីតាមីន​សេ មាន​វ័យ ២១ ឆ្នាំ គឺ លោក​បាន​ឈប់​ពី​វង់​ល្ខោន​បាក់​ស្រេង មក​ចូល​លេង​ក្នុង វង់​ល្ខោន “​ឃុន​ព្រះ​ម្នាង​យិន តាត ” នៅ​ជិត​ផ្សា​ស៊ីឡឹប​។ លោក​ចូល​លេង​ក្នុង វង់​ល្ខោន បាន​រហូតដល់​សម័យ លន់ នល់ ធ្វើ រដ្ឋប្រហារ ទម្លាក់​សម្តេចឪ គឺ​នៅ​ថ្ងៃ ១៨ មីនា ១៩៧០ ទើប​ឈប់​។ បន្ទាប់ពី​លោក​បាន​ឈប់​ពី វង់​ល្ខោន ឃុន​ព្រះ​ម្នាង​យិន តាត លោក​ក៏​មក​ចូល​លេង​ក្នុង​វង់​ល្ខោន បាក់​ស្រេង ម្ដងទៀត ។​

​ជីវិត​ក្នុង​របប ៣ ឆ្នាំ ៨ ខែ ២០ (​ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥​ដល់​៧​មករា​១៩៧៩) ដែល​​ស្គាល់​ថា ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ ហៅថា របប​អាវខ្មៅ ដែល​បានសម្លាប់​ប្រជាជន​ខ្លួនឯង​អស់​ប្រមាណ​ជា​ជិត ២ លាន​នាក់ និង របប​មួយ​នេះ បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​គ្រប់ៗ​គ្នា នៅក្នុង​នោះ​ក៏មាន​គ្រួសារ​របស់ លោក សាមឿន ហៅ​នាយ វីតាមីន​សេ​ផងដែរ​។​

​ក្នុង​របប​ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​លោក និង ភរិយា ក៏ដូចជា ប្រជាជន​ផ្សេងទៀត​ឲ្យ​ធ្វើការ​យ៉ាង​លំបាក​វេទនា​បំផុត​។ លោក និង ភរិយា ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើការ ដូចជា ជីក​ប្រឡាយ លើក​ទំនប់ ធ្វើ ស្រែ​-​ចម្ការ ជាដើម​។ អ្វីដែល​លោក​មិនអាច​បំភ្លេចបាន​នោះ​គឺ ខ្មែរក្រហម​បាន​បង្ខំ​លោក​ក៏ដូចជា​ប្រជាជន​ផ្សេងទៀត ឲ្យ​ជីក អាងទឹក​កំពីងពួយ យ៉ាង​លំបាក​បំផុត​។ ការរស់នៅ​ហូប​តែ​បបរ​មិន​ឆ្អែត ហើយ​ធ្វើការ​ងារ​លើស​កម្លាំង​លោក​មិនអាច​បំភ្លេច​ទេ​មួយជីវិត​របស់លោក​នៅ​សម័យ​នោះ​។ នៅ​ឆ្នាំ ១៩៧៧ ភរិយា​របស់លោក បាន​បង្កើត​កូនស្រី​មួយ​ឈ្មោះ មឿ​ន និមល ហៅ​ប៉េងប៉ោង ដែលជា​តារា​កំប្លែង​បច្ចុប្បន្ន​។​

​ក្រោយ​ពីថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ លោក និង ក្រុមគ្រួសារ​មិនបាន​ត្រឡប់មក​ស្រុកកំណើត​ឯ​ខេត្តកំពង់​ចាម​​វិញ​ទេ គឺ​បន្ត​នៅក្នុង​ខេត្តបាត់ដំបង​តែម្ដង​។​​មូលហេតុ​ដែល​លោក​មិន​ចង់​វិល​មក​ស្រុកកំណើត​ឯ​ខេត្ត​កំពង់​ចាម​វិញ ព្រោះ​លោក​គិតថា លោក​បាន​ស្គាល់​អ្នកស្រុក​នៅ​ទីនោះ​ច្រើន ព្រោះ​កាលដែល​លោក​នៅ​លេងល្ខោន លោក​មាន​មិត្ត​ភ័ក្ដិ​ច្រើនណាស់​នៅក្នុង​ខេត្តបាត់ដំបង​នេះ ហើយ​ម្យ៉ាងទៀត លោក​ចង់​បន្ដ​អាជីព​ជា​អ្នកលេង​ល្ខោន​។​

​លោក និង នាយ ព្រួញ មាស បាន​ប្រមែប្រមូល​សិល្បករ សិល្បការិនី ដែល​សេសសល់​ពី​ការកាប់សម្លាប់​ក្នុង​របប​ខ្មៅ​ងងឹត បង្កើតជា​ក្រុម​ល្ខោន​មួយ ដែលមាន​ឈ្មោះថា ” ក្រុម​សិល្បៈ​មហាជន ” នៅ​ក្ដុល​ដូនទាវ​ខេត្តបាត់​ដំបង​។ ក្រុម​ល្ខោន​របស់លោក​កាលពី​សម័យ​នោះ បាន​ដើរលេង​គ្រប់​ច្រកល្ហក ក្នុង​ទឹកដី​ខេត្តបាត់ដំបង ដោយ​ដូរ​យក​អង្ករ ព្រោះ​កាល​នោះគេ​មិន​ចាយលុយ​ទេ​។​

​កាលណោះ​តួឯកល្ខោន​តម្លៃ​ខ្លួន ១ យប់​បាន ៣០ កំប៉ុង​អង្ករ ហើយ​តួ​រាយរង​បាន ១០ កំប៉ុង ។ ដោយសារតែ​ការស្រលាញ់​សិល្បៈ​ក្រុម​របស់លោក​បាន​លេង​ក្នុង​ទឹកដី​ខេត្ត បាត់ដំបង រហូត មានការ​ទទួលស្គាល់​ពី​មន្ទីរ​ឃោសនាការ​និង ព័ត៌មាន ខេត្ត បាត់ដំបង​។​

​នៅ​ឆ្នាំ ១៩៨៩ ក្រុម​សិល្បៈ​មហាជន​របស់លោក បាន​ចូលរួម​ប្រឡងប្រជែង ក្នុង​កម្មវិធី​មហោស្រព​សិល្បៈ​មហាជន​ទូទាំងប្រទេស​នៅ​សាល​មហោស្រព​ទន្លេបាសាក់​។ កាលនោះ​ក្រុម​របស់លោក​បាន យក “​រឿង លំពែង​ផ្ដាច់ជីវិត​” យកមក​ប្រកួត ។ រឿង លំពែង​ផ្ដាច់ជីវិត ដែល​ក្រុម​របស់លោក​យកមក​ចូលរួម​ប្រកួត​នេះ គឺជា​ការនិពន្ធ​ដោយ​រូបលោក និង នាយ​ព្រួញ មាស ព្រមទាំង​មានការ​ចូលរួម​ខាង​មន្ទីរ​ឃោសនាការ និង ព័ត៌មាន ខេត្ត បាត់ដំបង ។ ជា​លទ្ធផល​ក្រុម​របស់លោក​បាន ទទួលបាន​ពានរង្វាន់ លេខ ២ ខាង​សម្ដែង និង ពានរង្វាន់​លេខ​១ ខាង​និពន្ធ​រឿង​។ ដោយ​មើលឃើញ​ពី​ស្នាដៃ​និពន្ធ​រឿង​របស់លោក​មានការ​រីកចម្រើន នាយ​ព្រួញ មាស បាន​ទាក់ទង ផលិតកម្ម នៅឯ​ភ្នំពេញ​ដើម្បី​ឲ្យ​លោក​បាន​ចូលធ្វើការ​។​

​នៅ​ចុងឆ្នាំ ១៩៨៩ លោក​បានមក​ភ្នំពេញ ដោយ​ធ្វើការ​ជា​អ្នកនិពន្ធ​រឿង និង ជា​តារា​សម្ដែង​ឲ្យ​ផលិតកម្ម​មួយ នៅ​ក្រុងភ្នំពេញ​។ លោក​មិនបាន​ចាំ​ឈ្មោះ​ផលិតកម្ម ដែល​លោក​បាន​ចូលធ្វើការ​នោះទេ ប៉ុន្តែ​លោក​នៅចាំ​ឈ្មោះ​ថៅកែ គឺ​ឈ្មោះ យាយ រ៉ា​ន់ នៅ​ទួលគោក​។​ក្រោយមក​លោក​ក៏បាន​ស្គាល់​អ្នកកំប្លែង​ជាច្រើន​ផ្សេងទៀត​ដូចជា នាយ ជ្រុ​ញ​, នាយ កុយ​, នាយ​ក្រឹម​, សាន​ម៉ៅ​, នាយ​ហើម​, នាយ​ម្ទេស​ប្លោក និង តួ​ជាច្រើន​ទៀត រួចហើយ​ក៏មាន​ឱកាស​ចូល​លេង​កំប្លែង​ជាមួយគ្នា​តែម្ដង​។​

​កាល​នៅ​លេងល្ខោន​ឯ ខេត្តបាត់ដំបង លោក​ត្រូវបាន លោក ប៉ែន សេង ហៅ នាយ ស៊ុយ ដែលជា​តារា​កំប្លែង​ដៃគូ តា ម៉ុង​ដូលី​ន លោក ឆោម ឆន ( ឪពុក​អ្នកស្រី ឆោម ឆ​វិ​ន លោក ឆោម ប៊ុន​យ៉ុង ) និង ថៅកែ បាក់ ស្រេង បានដាក់​ឈ្មោះ ឲ្យ​លោក​ថា វីតាមីន​។ ប៉ុន្តែ ក្រោយមក នាយ​ជ្រុ​ញ​, នាយ​កុយ​, នាយ​ក្រឹម​, នាយ​សាន​ម៉ៅ​, នាយ​ហើម​, នាយ​ម្ទេស ប្លោក ជាដើម​បាន​បន្ថែម​ឈ្មោះ​ឲ្យ​លោក​មួយ​ទៀតថា​” សេ​” ទៅជា​វីតាមីន​សេ តែម្ដង​។​

​មក​ភ្នំពេញ លោក​បានមក​រស់នៅក្នុង​តំបន់​អាណាធិបតេយ្យ ជាមួយ ក្រុម​សិល្បៈ​យោធា ក្នុង​សង្កាត់​ទឹកល្អក់​២ ជិត​ផ្សារ​ទួលគោក ហើយ​ក្រោយមក​លោក​បាន​ចូល​បម្រើការ​ជា​យោធា​ផ្នែក​សិល្បៈ របស់​កង​អង្គរក្ស​របស់​សម្តេច​​នាយ​ក​រដ្ឋមន្ត្រី ។ បច្ចុប្បន្ន​លោក​គឺ​កង​អង្គរក្ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ដែលមាន​ឋានន្តរសក្ដិ​វរសេនីយ៍ឯក “​ស័​ក្ត​៥”​។ ក្រោយមក​លោក​ក៏បាន​ទិញ​ដី​មួយកន្លែង ស្ថិត​ក្នុងភូមិ ទំនប់ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ហើយក៏​សង់ផ្ទះ​បាន​ចំនួន​២ ល្វែង កំពុង​រស់នៅ​បច្ចុប្បន្ន​។​

​នៅ​អំឡុង​ឆ្នាំ ១៩៩២ មាន​ទស្សនិកជន​ចាប់ផ្ដើម​ស្គាល់​កាន់តែច្រើន គឺ​បន្ទាប់ពី​លោក បាន​សម្ដែង ក្នុង​កម្មវិធី កំប្លែង​របស់​ទូរទស្សន៍​ជាតិ ជាមួយ​តារា​កំប្លែង​ចាស់ ដូចជា នាយ ស៊ី​ត្រូ នាយ​សង់​ស៊ី​ស នាយ​ម្ទេស​ប្លោក នាយ​ជ្រុ​ញ នាយ​ប៉ិក​គក់ យាយ​ណា​ង យាយ​យ៉យ យាយ​អឿន នាយ​កុយ​ជាដើម​។ បន្ទាប់មក​ក៏​ចាប់ផ្ដើម ថត​ខ្សែ​ភាពយន្ត ខារ៉ាអូខេ និង រឿង​កំប្លែង​ជាច្រើន​សម្រាប់​លក់​ក្នុងស្រុក និង ក្រៅ​ស្រុក​។​

​ក្រោយពី​ទូរទស្សន៍​ឯកជន និង ផលិតកម្ម​ក្នុងស្រុក​ចាប់ផ្ដើម​បង្កើត​កាន់តែច្រើន លោក ក៏ដូចជា តារា​កំប្លែង​ផ្សេងៗ​ទៀត​បាន​បែក​គ្នា​ជា​បណ្ដើរ ដោយ​ត្រូវបង្កើត​ក្រុម​កំប្លែង​តូចៗ​រៀងៗ​ខ្លួន ដើម្បី​តម្រូវការ​ទីផ្សា​សិល្បៈ​។ ក្នុងនោះ លោក​បាន​បង្កើត​ក្រុម​កំប្លែង​ផ្ទាល់ខ្លួន​មួយ​ដែលមាន​ឈ្មោះថា “​ក្រុម​កំប្លែង​នាយ​វីតាមីន​សេ​” ដែល​មាន​សមាជិក ដូចជា នាយ​ស៊ី​ត្រូ នាយ​សង់​ស៊ី​ស យាយ​ណា​ង នាយ​សេត នាយ​ស្វិត នាយ​ឆើត នាយ​តឹង នាង​បុ​ទុម និង នាង​ប៉េងប៉ោង ដែលជា​កូន​របស់លោក​ជាដើម​។​

​ចំពោះ ការចេញ​សម្ដែង​នៅក្រៅ​ប្រទេស លោក​ធ្លាប់​ចេញទៅ​សម្ដែង​ទៅបាន​ចំនួន ២ ប្រទេស ក្នុងនោះ​មានដូច​ជា នៅ​សហរដ្ឋអាមេរិក​មួយ​លើក កាលពី​ឆ្នាំ ១៩៩៤ គឺ​លោក​ទៅ​សម្ដែង​នៅ​ទីនោះ​មួយឆ្នាំ​ពេញ​តែម្ដង​។ ក្រោយ​មក លោក​បាន​ទៅ​សម្ដែង នៅ​ប្រទេស​បារាំង​ម្ដង​នៅ​ឆ្នាំ ២០០១ ។​
​ចំពោះ ប័ណ្ណសរសើរ មេដៃ ព្រមទាំង​គ្រឿង​ឥស្សរិយយស វិញ លោក​ធ្លាប់​បានទទួល​ច្រើន​គួរសម ប៉ុន្តែ ប័ណ្ណ​សរសើរ និង គ្រឿង​ឥស្សរិយយស មួយចំនួន​ត្រូវបាន​បាត់បង់​អស់​ខ្លះ​បន្ទាប់ពី​លោក ឧស្សាហ​រើ​ផ្ទះ​ច្រើនលើក​ពេក​។ បច្ចុប្បន្ន​នៅសល់តែ ២ ឬ ៣ ប៉ុណ្ណោះ ក្នុងនោះ​មាន​ប័ណ្ណសរសើរ ចេញ​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ចំនួន ២ លើក ផងដែរ​៕មន