ភាតរភាព​, ភារៈ​, ភេរវៈ​, ភាគ​, ភោគ​, វិភាគ​, វិនយ​, វាត​, វគ្គ​, វាល​, វារៈ​, វៃ​, វោហារ​, វិស្សម​, វិបស្សនា

987
ចែករម្លែក

ភាតរភាព ភាត​រ៉ៈ​ភាប បា​.; សំ​. ( ន​. ) (– + ភាវ​; ភ្រា​ត្ឫ + ភាវ​) ភាវៈ​នៃ​បងប្អូន​; សេចក្ដី​រាប់រក​គ្នា​ដូច​បង​ដូច​ប្អូន : ភាតរភាព ឬ ភាតុភាព​របស់​ពួក​មនុស្ស​, សង្គ្រោះ​គ្នា​ដោយ​ភាតរភាព​, និយាយស្ដី​រកគ្នា​ដោយ​ភាតរភាព ឬ ដោយ​ភាតុភាព ។

​ភារៈ សំ​. បា​. ( ន​. ) (​ភារ​) ទម្ងន់​, របស់​ធ្ងន់​; បន្ទុក​, គ្រឿង​ផ្ទុក​; កិច្ចការ​ធ្ងន់​; កិច្ចការ​រវល់ : ទទួលភារៈ គឺ​ទទួលបន្ទុក​, ទទួល​កិច្ចការ​ធ្ងន់​; នាំ​ភារៈ​ទៅ គឺ​នាំ​គ្រឿង​ផ្ទុក គ្រឿង​ដឹក​នាំទៅ​; ជា​ភារៈ​លើ​ខ្លួន គឺ​ទទួល​រ៉ាប់រង​លើ​ខ្លួន ។ ភារកិច្ច (–​រៈ​កិ​ច​) កិច្ច​ជា​ភារៈ ។

​ភេរវៈ –​រៈ​– បា​.; សំ​. ( គុ​. ) (​ភៃរ​វ​) ដែល​គួរ​ខ្លាច​, ដែល​គួរ​ស្បើម​, គួរ​ភ្លឹក​, គួរ​ស្លុតរន្ធត់ ។ ពាក្យ​នេះ​ច្រើន ប្រើ​រៀង​ខាងដើម​សព្ទ​ឯទៀត ដូចជា ភេរវកម្ម​, ភេរវសព្ទ ជាដើម ។ ភេរវកម្ម អំពើ​ដែល​គួរ​ខ្លាច​, គួរ​ឲ្យ​តក់ស្លុត​, អំពើ​ចលាចល​ជ្រួលច្របល់ ដែល​បណ្ដាលមកពី​ការធ្វើ​ឃាតកម្ម ដោយ​សម្ងាត់​ជាដើម : នាំ​បង្កបង្កើត​ភេ​វរ​កម្ម ។ ភេ​វរជន ជន​អ្នកបង្ក​បង្កើត​ភេ​វរ​កម្ម ។ ភេ​វរ​ភាព ភាព​ដែល​គួរ​ឲ្យ​ខ្លាច ។ ភេ​វរ​សញ្ញា សញ្ញា​ដែល​គេ​ធ្វើ​ឲ្យ​ដឹងថា មាន​ភ័យ​អាសន្ន​, ដំណឹង​ជា​គ្រឿង​សម្គាល់​ក្នុងពេល​ដែលមាន​ភេរវកម្ម ដូចជា​ភ្លើង​ឆេះ​ផ្ទះ​ជាដើម ។​

​ភាគ ភាក សំ​. បា​. ( ន​. ) ចំណែក : ចែកជា ៤ ភាគ​, ច្រើន​ភាគ ។ ភាគទាន (​ភា​គៈ​–) ចំនួន​ប្រាក់​រៃអង្គាស​ដែល​ជន​ម្នាក់ៗ​ចូលក្នុង​កិច្ចការ​កុសល​ណាមួយ : បង់​ភាគទាន​ប្រចាំខែ​ចំនួន ២០ រៀល​; ឃោសនា​សុំ​ឲ្យ​គេ​ជួយ​ចូល​ភាគទាន ។ ភាគ ភាក សំ​. បា​. ( ន​. ឬ គុ​. ) ជោគ​, បុណ្យ​, ស្រីសួស្ដី ។​ល​។ ឬ​ដែល​មានជោគ​, មានបុណ្យ​,​មាន​ស្រីសួស្ដី ។​ល​។ ព្រះ​មាន​ព្រះ​ភាគ ព្រះ​មានជោគ​, ព្រះ​មានបុណ្យ (​ព្រះសម្មាសម្ពុទ្ធ​) ។

​ភោគ សំ​. បា​. ( ន​. ) (​ភោគ​) សម្បត្តិ​, ទ្រព្យ​; សេចក្ដីសុខ​, ការបរិភោគ​; សួយ​; ភ្នេន​, របត់​, ផ្នត់​…​។ ភោគបតី (​ភោគៈ​ប៉ៈ​ដី​) ម្ចាស់ទ្រព្យ​; អ្នកមាន​ទ្រព្យ​; អ្នកត្រួតត្រា​ស្រុក​សួយ (​ចៅហ្វាយស្រុក​) ។ ភោគព័ស្តុ ឬ ភោគភ័ស្តុ (​ភោក​–​ព័ស ឬ​-​ភ័ស​) ទ្រព្យសម្បត្តិ​ផ្សេងៗ ។ ភោគ​លាប (​ភោគៈ​លាប​) ការ​បានទ្រព្យ​; ការប្រាក់ ឬ ប្រាក់​ការ​; ចំណេញ ។ ភោគវ័ត​, ភោគវ័ន្ត ឬ ភោគី អ្នកមាន​ទ្រព្យ​; បើ​ស្ត្រី​ជា ភោគវតី​, ភោគវន្តី​, ភោគិនី ។ ភោគៈ​

​វិភាគ សំ​. បា​. ( ន​. ) ការចែក​, ការ​បែង​, ការញែក​ធាតុ​; ចំណែក​, វគ្គ​, សង្កាត់​, ។ ធន​វិភាគ (​ធៈនៈ​–) ការចែក​ទ្រព្យ ។ ធម្ម​វិភាគ ការចែក​ធម៌​ជា​ពួក​ជា​កង​; ចំណែក​ធម៌​, កងធម៌ ។ វចន​វិភាគ ចំណែក​ពាក្យ ។​ល​។

​វិនយ –​នៈ​យៈ សំ​. បា​. ( ន​. ) (​វិនយ​) ការដឹក​នាំទៅរក​ផ្លូវ​ល្អ​; ច្បាប់​, ច្បាប់​បញ្ញត្ត​ឬ​ច្បាប់​អនុញ្ញាត , ច្បាប់​ប្រដៅ​ឲ្យ​ប្រព្រឹត្ត​ត្រឹមត្រូវ​; ច្បាប់​ប្រដៅ​ឲ្យ​សង្រួម​កាយវាចា​ឲ្យ​ត្រឹមត្រូវ​; ឲ្យ​ចុះ​បែបបទ​; ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​; ច្បាប់​សម្រាប់​បព្វជិត : កាន់​វិន័យ​, ធ្វើតាម​វិន័យ​, ខុស​វិន័យ ។​

​វាត វាត សំ​. ( កិ​. ) (​វា​ឍ “​ច្រើន​, ដែលមាន​ច្រើន​; ទូលាយ​”) ធ្វើ​ឲ្យ​ទូលាយ​, ឲ្យ​ធំ​; ផ្សាយ​អំណាច : វាតដី​, វាតទី​; វាតមុខ​; វាតងារ​; វាតអំណាច ។ កកាយ​ទឹក​ចូល​ដោយ​ច្រវា​ដើម្បី​ឲ្យ​ទូក​ងាក​ចេញ​ឬ​ងាក​ចូល : វាតទូកចូល ។

វាត –​តៈ សំ​. បា​. ( ន​. ) ខ្យល់​; អាកាស​; ខ្យល់​ក្នុង​សព៌ាង្គកាយ ។ វាតគុល្ម (–​តៈ​គុល​) ខ្យល់កំបុតត្បូង​, ចក្រវាត​, ពាយុគុល្ម ។ វាតណ្ឌៈ (​សំ​. បា​. < វាត + អណ្ឌ​) រោគ​អណ្ឌៈធំ (​រោគ​កោប​) ។​

​វគ្គ វ័ក បា​.; សំ​. ( ន​. ) (​វ​គ៌​) ពួក​, បន​; ក្រុម​; ប្រជុំ​; សង្កាត់​; គ្នា : វគ្គអក្សរ​, សេចក្ដី​ច្រើន​វគ្គ ។ វគ្គក្ខរៈ (​វ័ក​-​គ័ក​-​ខៈ​រ៉ៈ​; បា​. វគ្គ​ក្ខ​រ < វគ្គ + អក្ខរ​) អក្សរ​ក្នុង​វគ្គ គឺ​ព្យញ្ជនៈ ២៥ តួ តាំងពី ក ដល់ ម ចែកជា​វគ្គ​មាន ៥ គឺ វគ្គក​, វគ្គច​, វគ្គដ​, វគ្គត​, វគ្គប​, តាំងពី យ រៀង​ទៅ​ហៅថា អក្សរ​សេសវគ្គ ឬ អក្សរ​អវគ្គ (​ព​. វ​.) ។

​វាល ( ន​. ) ទី​ដែល​ស្រឡះ​ឥតមាន​ព្រៃ​, ឥតមាន​អ្វី​បាំង​; លំហ : វាលស្រែ​, ដាក់​អីវ៉ាន់​ចោល​កណ្ដាលវាល ។ វាលកាល វាល​ស្រឡះ​ស្អាត​ធេង ។ វាលវង់ វាល​មាន​មណ្ឌល​មូល​សម្រាប់​បរសេះ​ប្រណាំង ។ ព​. ប្រ​. វាលខ្លួន ស្រឡះ​ខ្លួន​ឥត​ទីពឹង​, ឥត​ពំនាក់ ។​ល​។

​វារៈ សំ​. បា​. ( ន​. ) (​វារ​) ថ្ងៃ (​ក្នុង​សប្តាហ៍​); វេលា​; វេន​, ឱកាស​: ក្នុង​វារៈ​នេះ​… ។ ការរារាំង​, ការពារ​; ការ​ណាត់​ឬ​មត់គ្នា​, ការបិទ​, ខ្ទប់​, គ្រប​; គម្រប​;… ។

​វៃ ល​. ស​. ( គុ​. ) ឆាប់​, រហ័ស​, ភ្លាម​, ឆាប់​ភ្លាម​: ឆាប់​វៃ​, ទៅ​វៃៗ ។ ឈ្លាស​; ស្ទាត់​ប្រាកដ​; ជំនាញ​, ប៉ិន​; ដែល​ឆាប់​យល់​, ឆាប់​ឮ : ប្រាជ្ញា​វៃ​, ត្រចៀក​វៃ ។ វៃវាង ដូចគ្នា​នឹង វាងវៃ ដែរ ។

​វោហារ បា​.; សំ​. ( ន​. ) (​វ្យា​ហារ​) ពាក្យ​, ពាក្យពេចន៍​; សំនួន​សម្តី : បញ្ចេញ​វោហារ​, បាន​វោហារ ។ វោហារកោសល (–​រ៉ៈ​កោសល់​) អ្នក​ឈ្លាសវៃ​, ប៉ិនប្រសប់​ខាង​វោហារ​, ខាង​ពាក្យសម្តី​ថ្វីមាត់ (​ប្រើ​ជា គុ​. ក៏បាន​) ។ វោហារកោសល្យ (–​សល់​) ការ​ឈ្លាសវៃ​, ការ​ប៉ិនប្រសប់​ស្ទាត់ជំនាញ​ក្នុង​វោហារ​, ការចេះ​និយាយ​ថ្លែងសេចក្ដី​យ៉ាង​ពីរោះ ក្បោះក្បាយ ឥតមាន​រអាក់រអួល : វោហារកោសល្យ ជា​ឧបនិស្ស័យ​មាន​ប្រចាំ​នៅក្នុង​សន្តាន​នៃ​បុគ្គល​ខ្លះ ។

​វិស្សម វិះ​-​សៈម៉ៈ បា​. ( ន​. ) ការ​សម្រាក​; ការឈប់​សម្រាក​, ដំណើរ​ឈប់ (​មិន​ធ្វើការ​); ការ​សំណាក់ ។ វិស្សមកាល​, វិស្សមមាស ឬ​វិស្សមោកាស (​បា​. < វិស្សម + ឱកាស​) ពេល​, ខែ ឬ​ឱកាស ដែល​ឈប់សម្រាក​មិន​ធ្វើការ​ឬ​មិន​ចូល​សាលារៀន ។ វិស្សមដ្ឋាន ទី​សម្រាប់​ឈប់សម្រាក​; ទី​សម្រាប់​សំណាក់​; ទី​សម្រាប់​ចត​, ទីសំចត ។ វិស្សមមាល ឬ វិស្សមសាលា រោង​សម្រាប់​សំណាក់​, សាលាសំណាក់ ។​

​វិបស្សនា –​បុ័​ស​-​សៈ ន៉ា បា​. ( ន​. ) ការពិចារណា​ឃើញច្បាស់​តាមពិត​; ប្រាជ្ញា ពិចារណា​ឃើញច្បាស់​នូវ​ដំណើរ​សង្ខារធម៌​តាម​ការណ៍​ពិត (​ព​. ពុ​.) ។ វិបស្សនាញាណ ឬ វិបស្សនា​បញ្ញាញាណ​ឬ​ប្រាជ្ញា​ដែល​ពិចារណា​ឃើញ​នូវ​ដំណើរ​សង្ខារធម៌​តាម ការណ៍​ពិត (​ព​. ពុ​.) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​