ភាពជា​ម្ចាស់​និង​ភាពជា​ដៃគូ​

486

អ្នកដឹកនាំ​ត្រូវមាន​ភាពជា​អ្នកដឹកនាំ និង​ត្រូវតែ​ស្គាល់​ឲ្យ​ច្បាស់​នូវ​មូលដ្ឋានគ្រឹះ​នៃ​”​ភាពជា​ម្ចាស់ និង​ភាពជា​ដៃគូ​” បើ​មិន​ដូច្នោះ​ទេ​នឹង​ក្លាយជា​”​ភាពជា​កញ្ជះ​”​ហើយ​។​

​ក្នុង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងឡាយ ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ និង​ជាតិ​សាសន៍​មួយ​ថ្លៃថ្នូរ​គេ តែងតែ​អប់រំ​ឲ្យ​គ្រប់គ្នា​មាន​ស្មារតី​ស្គាល់​ឲ្យ​ច្បាស់​នូវ​គោលការណ៍​ភាពជា​ម្ចាស់​និង​ភាពជា​ដៃគូ (ownership and partnership) ។ យើង​ជា​ម្ចាស់​ប្រទេស និង​ម្ចាស់​លើ​ជោគវាសនា​របស់​ប្រជាជាតិ​របស់ខ្លួន​។ ដូចនេះ​មិនអាច ធ្វើ​អី្វៗ តាម​ការបង្គាប់បញ្ជារ​បស់​ប្រទេស​ដទៃ​បានទេ ទោះបីជា​អង្គការក្រៅរដ្ឋាភិបាល​និង​ក្រុមហ៊ុន​ក៏ដោយ កុំថាឡើយ​ស្ថាប​ន័​ជាតិ​និង​គណបក្សនយោបាយ​។ ភាពជា​ដៃគូ​សំដៅ​ដល់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ដោយ​រក្សាបាន​នូវ ផលប្រយោជន៍​ទៅវិញទៅមក ដោយ​គោរព​ភាពជា​ម្ចាស់​រៀងៗ​ខ្លួន​។ ឧទាហរណ៍​ថា បញ្ហា​ភាពក្រីក្រ​ជា​បញ្ហា របស់​យើង តែ​គេ​ជួយផ្តល់​ជា​ជំនួយ​ថវិកា​គាំទ្រ ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​។ ការដោះស្រាយ​ភាពក្រីក្រ ក្នុងនាម​ម្ចាស់​បញ្ហា​យើង​ត្រូវតែ​បង្ហាញ​ជំហរ​និង​គំនិត​ជា​យុទ្ធសាស្ត្រ​ដែល​យើង​ចង់​អនុវត្ត​ដោះស្រាយ​ភាពក្រីក្រ​នោះ​តាមរបៀប​យ៉ាងណា​។

​ដោយឡែក​ដៃគូ​យើង​ជា​ម្ចាស់​លុយ​ដូចនេះ​គេ​ក៏មាន​ភាពជា​ម្ចាស់​លើ​លុយ​ដែល​ត្រូវ​ជួយ​យើង​ដែរ ។ ដូចនេះ​យើង ត្រូវ​រក​ធាតុ​ចូលគ្នា យើង​មានគំនិត​មាន​យុទ្ធសាស្ត្រ​អនុវត្ត​តាមបែប​បច្ចេក​ទេស ជំនាញ​របស់​យើង​ហើយ​ខាង ដៃគូរ​អាច​ផ្តល់​ជា​ថវិកា​និង​លក្ខ​ខ​ណ្ឌ័​ដែល​ធានាបាន​នូវ​ការគោរព​គ្នា​ទៅវិញទៅមក ដែល​អាច​សំរេច​គោលដៅ​រួម​គឺ កាត់បន្ថយ​ភាពក្រីក្រ​។​តែបើ​យើង​គ្មាន​បំណង គ្មាន​គំនិត ហើយ​ចាំតែ​ធ្វើតាម​គេ​ទាំងអស់​យ៉ាងនេះ​ពិតណាស់ គ្មានទេ​ភាពជា​ម្ចាស់ និង​ភាពជា​អ្នកដឹកនាំ គឺ​មានតែ​ភាពជា​កញ្ជះ​ប៉ុណ្ណោះ​។ មាន​អ្នកនយោបាយ​ខ្លះ​ចូលចិត្ត យក​បរទេស​ទៅ​អួត​និង​បោក​កូន​ខែ្ម​រណាស់ ថា​ប្រទេស​មហាអំណាច​នេះ គេ​ជួយ​អ​ញ្ចេះ​គេ​គិត​អ​ញ្ចុះ ទើប​មាន ប្រជាធិបតេយ្យ​ពិតប្រាកដ​។​

​យើង​ឃើញ​ជនជាតិ​ខែ្មរ​យើង​មានគំនិត​ជាតិនិយម​ដ៍​ខ្លាំងក្លា​ណាស់ដែរ ហើយ​រឿង​ជឿ​បរទេស​ប្រឆាំង​ជាតិ​ឯង ហ្នឹង​ក៏​សំបូរ​គួរសម​ណាស់ដែរ​។ បន្ទាប់ពី​ជឿជាក់​ហើយ​គឺ​អាង​ដេក​ដួល​ទាំងស្រុង​តែម្តង ដូចជា អាង​មហា អំណាច​អាមេរិក អាង​ICC អាង​អ្នកនេះ​អាង​អ្នកនោះ ដោយ​គ្មាន​អាង​លើ​ខ្លួនឯង​និង​ជាតិ​ឯង​សោះ​ក៏មានដែរ​។ នេះ​គេ​ហៅថា គ្មាន​ភាពជា​ម្ចាស់​ទេ ហើយ​លទ្ធផល​ចុងក្រោយ​រលាយ​អាត្មា​ខ្លួនឯង ខាតបង់​ជាតិ និង​រលាយ ជាតិ​ឯង ដោយ​សារភាព​ខ្សត់ខ្សោយ​ខាង​ភាពជា​ម្ចាស់ ហើយ​មានតែ​អំណួត​និង​អាង​បរទេស​៕ ​ដោយៈ​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​