ភាពមិនប្រាកដប្រជា​ស​កល​លោក​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​ថយចុះ​

81
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​កំណើន​ដ្ឋ​កិ​ច្ចនៃ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ត្រូវបាន​រំពឹងទុក​ថា​នឹង​ថយចុះ​ពី ៦,៣ ក្នុង​ឆ្នាំ​២០១៨ មក​នៅត្រឹម ៥,៨​ភាគរយ​ក្នុង​ឆ្នាំ​២០១៩ ។​វា​បន្ត​ថយចុះ​ដល់​៥,៧​និង​៥,៦​ភាគរយ​ក្នុង​ឆ្នាំ​២០២០​និង​២០២១​នេះ​ដោយសារ​ការ​ធា្ល​ក់​ចុះ​ទូទៅ​នៃ​កំណើន​ក្នុងការ​នាំចេញ និង​ក្នុង​សកម្មភាព​ផលិត​ទំនិញ​ឧស្សាហកម្ម​។

​ការថយចុះ​នៃ​តម្រូវការ​ទូទាំង​សកលលោក​រួមទាំង​ពី​ប្រទេស​ចិន​ផង​និង​ស្ថាន​ភាពមិនប្រាកដប្រជា​កា​ន់​តែ​ខ្លាំង​ឡើង​ជុំវិញ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​បានធ្វើឱ្យ​វិស័យ​នាំចេញ​និង​កំណើន​នៃ​ការវិនិយោគ​មាន​ឱនភាព គំរាម​ដល់​ភាព​រឹងប៉ឹង​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​តំបន់​នេះ​។

នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​ធនាគារពិភពលោក​ក្រោម​ចំណងជើង​ថា​ពុះពារ​ក្រោម​គំនរ​ហានិភ័យ​(WeatheringGrowingRisks)​ដែលជា​ការធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៩ ហើយ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១០​ខែតុលា ឆ្នាំ​២០១៩​។​
​របាយការណ៍​នេះ​បានឱ្យដឹង​ទៀតថា​លើកលែងតែ​ប្រទេស​ចិន​ចេញ​នៅក្នុង​តំបន់​នេះ​កំណើន​នៃ​ការ​ទទួលទាន​ប្រើប្រាស់​នៅ​នឹង​ដោយសារ​មានការ​គាំពារ​របស់​គោលនយោបាយ​រូបិយវត្ថុ​និង​សារពើពន្ធ ថ្វីបើ​វា​ធ្លាក់​ទាប​ជាង​បន្តិច​ក៏ដោយ​បើ​ប្រៀប​ទៅនឹង​កម្រិត​កំណើន​ក្នុង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​កន្លងទៅ​។

​ក៏ប៉ុន្តែ​កំណើន​នៅតាម​ប្រទេស​មាន​សេដ្ឋកិច្ច​ទំហំ​តូច​នៅក្នុង​តំបន់​នេះ​នៅតែមាន​សភាព​ស្វាហាប់​នៅឡើយ​ដែលជា​ការឆ្លុះបញ្ចាំង​អំពី​ការវិវត្ត​ជាក់លាក់​ក្នុងប្រទេស​នីមួយៗ​មានដូចជា​កំណើនថេរ​ក្នុង​វិស័យ​ទេសចរណ៍​, អចលនទ្រព្យ​, និង​ឧស្សាហកម្ម​និស្សា​រណកម្ម ជាដើម​។

​លោកស្រី វិច​តូ​រី​យ៉ា ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក មានប្រសាសន៍ថា​៖«​កាលណា​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​ថយចុះ​អត្រា​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ក៏​ថយចុះ​ទៅតាម​ហ្នឹង​ដែរ​។​» លោកស្រី​ពោល​បន្តទៀតថា​៖ «​បច្ចុប្បន្ននេះ យើង​ប៉ាន់​ស្មានថា មាន​ជិត​មួយ​ភាគ​បួន​នៃ​ប្រជាជន​ទាំងអស់​ក្នុងប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​កំពុង​រស់នៅ​ក្រោម​៥,៥​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​។​ដែលជា​ក្រិត​បន្ទាត់​ភាពក្រីក្រ​សម្រាប់​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។​នេះ​បូក​រួមទាំង​មនុស្ស​ជិត​៧​លាន​នាក់​ដែល​យើង​បាន​ប៉ាន់ប្រមាណ​ទុក​កាលពី​ខែមេសា​ដែល​កាលនោះ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​នៅមាន​សភាព​ស្វាហាប់​នៅឡើយ​»​។

​របាយការណ៍​នេះ​បង្ហាញ​ច្បាស់​ថា​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ផ្នែក​ពាណិជ្ជកម្ម​កំពុង​នាំមក​នូវ​ការ​គំរាម​យូរអង្វែង​មួយ​ដល់​កំណើនសេដ្ឋកិច្ច​នៅក្នុង​តំបន់​។​ខណៈដែល​ប្រទេស​ខ្លះ​សង្ឃឹមថានឹង​ទាញ​បាន​ផលចំណេញ​ពី​ការប្រែប្រួល​នៃ​សណ្ឋាន​របស់​ទីលាន​ធ្វើ​ពាណិជ្ជកម្ម​សកលលោក​ភាព​មិនអាច​បត់បែន​បាន​ខ្សែចង្វាក់​តម្លៃ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ហក់​ឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយចំនួន នៅក្នុងពេល​ខ្លី​ខាងមុខ​។

​លោក អេ​ន​ឌ្រូ ម៉េ​សុន សេដ្ឋវិទូ​ជាន់ខ្ពស់​សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក មានប្រសាសន៍ថា​៖ «​ខណៈដែល​បណ្តា​ក្រុមហ៊ុន​កំពុង​នាំគ្នា​ស្វែងរក​វិធី​ដើម្បី​ចៀសឱ្យផុត​ពី​ការជាប់​អត្រាពន្ធគយ គេ​មិន​ងាយ​រំពឹង​បាន​ថា​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​។​ដែល​កំពុងអភិវឌ្ឍន៍​នេះ អាច​ដើរតួនាទី​ជំនួស​ប្រទេស​ចិន​ក្នុង​ខ្សែចង្វាក់​តម្លៃ​សកល​នៅក្នុង​រយៈពេល​ខ្លី​ខាងមុខ​បានទេ ដោយសារ​ថា​ប្រទេស​ទាំងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មិន​គ្រប់គ្រាន់​និង​ផលិតកម្ម​ក្នុង​ទ្រង់ទ្រាយ​តូចៗ​នៅឡើយ​»​។

របាយការណ៍​ដដែល​នេះ​បាន​ព្រមាន​ថា​ហានិភ័យ​កាន់​តែមាន​សភាព​ខ្លាំង​ឡើង​ហើយ​ចំពោះ​លទ្ធភាព​នៃ​កំណើនសេដ្ឋកិច្ច​នៅក្នុង​តំបន់​នេះ​។​ការអូសបន្លាយ​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​នឹង​បន្ត​ជះ​ផល​មិនល្អ​ទៅលើ​កំណើន​នៃ​ការវិនិយោគ​ដោយសារ​តែមាន​ភាពមិន​ប្រា​ដក​ប្រជា​ច្រើនពេក​។ ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច​លឿន​ហួស​ពី​ការ​ស្មាន​នៅក្នុង​ប្រទេស​ចិន​, ក្នុង​តំបន់​សេដ្ឋកិច្ច​ចាយប្រាក់​អឺរ៉ូ​។​នៅក្នុង​សហរដ្ឋអាមេរិក​គួបផ្សំ​ដោយ​ភាព​រញ៉េរញ៉ៃ​ជុំវិញ​បញ្ហា​ប្រិ​ក​ស៊ិដ​(Brexit)​ផង​អាច​នឹង​កាន់តែ​ធ្វើឱ្យ​ចុះខ្សោយ​នូវ​តម្រូវការ​ពី​ខាងក្រៅ​សម្រាប់​ការនាំ​ចេញពី​ក្នុង​តំបន់​នេះ​។

បំណុល​ខ្ពស់​និង​ចេះតែ​កើនឡើង​នៅក្នុង​ប្រទេស​ខ្លះ​ក៏​កំពុងតែ​រឹតត្បិត​លទ្ធភាព​នៃ​ប្រទេស​ទាំងនោះ​ក្នុងការ​អនុវត្ត​គោលនយោបាយ​សារពើពន្ធ​និង​រូបិយវត្ថុ​ដើម្បី​សម្រាល​ផលប៉ះពាល់​ពី​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ដែរ​។​លើសពីនេះ​ការប្រែប្រួល​ដោយ​គំហុក​ណាមួយ​នៅក្នុង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកលលោក​អាច​នាំឱ្យមាន​ការចំណាយ​កាន់តែ​ខ្ពស់​លើ​ការ​ខ្ចីបុល​សម្រាប់​តំបន់​ដោយ​វា​ដាក់​សម្ពាធ​សង្កត់​ទៅលើ​កំណើន​ឥណទាន​។​

​បន្ថែម​បន្ទុក​ទៅលើ​ការវិនិយោគ​របស់​វិស័យ​ឯកជន​និង​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ទៀតផង​។​ដើម្បី​ពុះពារ​ជម្នះ​ហានិភ័យ​ទាំងនេះ​របាយការណ៍​បានផ្តល់​អនុសាសន៍​ថា​ប្រទេស​ទាំងឡាយណា​ដែលមាន​លទ្ធភាព​អន្តរាគមន៍​ផ្នែក​គោលនយោបាយ​គ្រប់គ្រាន់​គួរតែ​ប្រើប្រាស់​វិធានការ​សារពើពន្ធ​និង​/​ឬ​រូបិយវត្ថុ​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យទៅ​មុខ​ហើយ​ព្រម​ពេល​គ្នា​នោះ​ការពារ​ឱ្យបាន​នូវ​និរន្តរភាព​សារពើពន្ធ​និង​បំណុល ផងដែរ​។

​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏​នឹង​ទទួលបាន​ផលចំណេញ​ដែរ​ពី​ការបន្ត​រក្សា​ការបើកចំហ​ផ្នែក​ពាណិជ្ជកម្ម និង​ពី​ការធ្វើសមាហរណកម្ម​តំបន់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​ជម្លោះ​ពាណិជ្ជកម្ម​ដែល​បន្ត​មាន​រវាង​សហរដ្ឋអាមេរិក និង​ចិន អមដោយ​ការធ្លាក់ចុះ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​សកលលោក​ផង ។​ក៏​អាច​កាន់​តេ​បង្កើន​ភាពចាំបាច់​ឱ្យ​ប្រទេស​ក្នុង​តំបន់​បន្តធ្វើ​ការកែទម្រង់​ដើម្បី​លើកកម្ពស់​ផលិតភាព​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​។​ក្នុងនោះ​មានការ​កែទម្រង់​បទ​ប្បញ្ញត្តិ​ដែល​ធ្វើឱ្យ​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​កាន់​តែមាន​ភាពប្រសើរឡើង​ដើម្បី​ទាក់ទាញ​ការវិនិយោគ​និង​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ទំនិញ​,​បច្ចេកវិទ្យា​,​និង​ចំណេះធ្វើ​៕S/