ភាពយន្ត​វៀតណាម​ទទួលពាន​នៅក្រៅ​ប្រទេស ដែលមាន​តួអង្គ​អាយុ​១៣​ឆ្នាំ​នៅក្នុង​ឈុត​រួមភេទ រង​ការរិះគន់​យ៉ាង​ចាស់ដៃ​នៅក្នុង​ស្រុក​

373
ចែករម្លែក

​ក្នុង​ខែកក្កដា នៅ​មហោស្រព​ភាពយន្ត​អាស៊ាន​នៅ​ទីក្រុង​បាងកក ខ្សែភាពយន្ត​របស់​វៀត​ណា​ម The Third Wife (​ប្រពន្ធ​ទី​បី​) ត្រូវ​បានផ្តល់​រង្វាន់​ជា​រង្វាន់​ពិសេស ជាមួយ​គណៈវិនិច្ឆ័យ​បានកត់សម្គាល់​នូវ​សិល្បៈ​ហត្ថកម្ម​ដ៏​អស្ចារ្យ ការសម្តែង​ដ៏​ល្អឥតខ្ចោះ និង ការដឹកនាំ​រឿង​ប្រកបដោយ​ភាពជឿជាក់​។​

​នៅក្នុង​ខ្សែភាពយន្ត​ដែល​កំណត់​ទីតាំងនៅ​ជនបទ​នៃ​ប្រទេស​វៀតណាម​នៅ​ចុង​សតវត្សរ៍​ទី​១៩ ក្មេងស្រី​តូច​ម្នាក់​បាន​ក្លាយជា​ភរិយា​ទី​៣​របស់​ម្ចាស់​ដី​ដ៏​មានទ្រព្យ​ស្តុកស្តម្ភ​ម្នាក់​។ មាន​ឈុត​ឆាក​រួមភេទ​និង​ឈុត​ឆាក​ដទៃទៀត​បង្ហាញ​ពី​ការចាប់​កំណើត​របស់​ទា​រក​។​

​ប៉ុន្តែ​ខណៈដែល​ខ្សែភាពយន្ត​នេះ​ទទួលបាន​ការគាំទ្រ​នៅក្រៅ​ប្រទេស​យ៉ាងច្រើន​រួមទាំង​ការ​ឈ្នះ​រង្វាន់​នៅឯ​មហោស្រព​ភាពយន្ត​អន្តរជាតិ​តូ​រុន​តូ វា​បែរជា​ជួប​បញ្ហា​នៅក្នុង​ប្រទេស​វៀតណាម​ទៅវិញ ដែលនាំឱ្យ​ខ្សែភាពយន្ត​នេះ​ត្រូវបាន​ដក​ចេញពី​រោងកុន​កាលពី​ចុងខែ​ឧសភា​។​

​សារព័ត៌មាន Vietnam News បាន​រាយការណ៍​ថា ទស្សនិកជន​មានការ​តក់ស្លុត ដែល​តួឯក​ស្រី​ត្រូវបាន​សម្តែង​ដោយ​កុមារី​ឈ្មោះ ង្វៀន ភួង​ត្រា​មី ដែល​គ្រានោះ​មាន​អាយុ​ទើបតែ ១៣ ឆ្នាំ​។​

​ពួក​អ្នកលេង​អ៊ីនធឺណិត​បាន​រិះគន់​ខ្លាំងៗ​ដាក់​ផលិតករ​វៀតណាម​លោកស្រី អាស មេ​ហ្វែ​រ ជុំវិញ​ការសម្រេចចិត្ត​ជ្រើស​តួអង្គ​របស់លោក​ស្រី​។​

​ម្តាយ​របស់​កុមារី​ត្រា​មី​ក៏​ត្រូវគេ​ស្តីបន្ទោស​ផងដែរ​ចំពោះ​ការអនុញ្ញាតឱ្យ​កូនស្រី​របស់គាត់​ចូលរួម​សម្តែង ជាមួយ​ពួក​អ្នក​រិះគន់​ខ្លះ​ឆ្ងល់​ថា​តើ​ម្តាយ​នេះ​ត្រូវបាន​ធ្វើឱ្យ​ពិការភ្នែក​ដោយសារតែ​ការស្វែងរក​កិត្តិនាម​ឱ្យ​កូនស្រី​និង​ទឹកប្រាក់​ឬ​យ៉ាងណា​។​

​វេ​ប​សាយ VnExpress បាន​ដកស្រង់​សម្តី​អ្នកជំនាញ​ការពារ​កុមារ​ដោយ​និយាយថា ឈុត​សិច​នោះ​អាចមាន​ផលប៉ះពាល់​ផ្លូវចិត្ត​លើ​តារា​ស្រី​វ័យក្មេង​។​

​លោកស្រី​មេ​ហ្វែ​របា​ន​ប្រាប់​វេ​ប​សាយ Hollywood Reporter ថា “​យើង​មិន​បានធ្វើ​អ្វី​ខុស​ទេ ហើយ​យើង​មិនបាន​រំលោភច្បាប់​ដែរ​។ ពួកគេ​មិនអាច​វាយប្រហារ​យើង​ដោយ​ហេតុផល​នេះ​បានទេ ដូច្នេះ​មានការ​ប៉ុនប៉ង​ធ្វើឱ្យ​ខូច​ដល់​ក្រមសីលធម៌​របស់​ម្តាយ​របស់​តារា​ស្រី ដោយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ម្តាយ​នាង​តាម​អ៊ីនធឺណិត និង​និយាយថា​ម្តាយ​នោះបាន​លក់​កូនស្រី​ដើម្បី​ប្រាក់​។​

​និយាយ​ការពារ​ប្រធានបទ​នៅក្នុង​ខ្សែភាពយន្ត​របស់ខ្លួន លោកស្រី​មេ​ហ្វែ​រ​និយាយថា “​សំណួរ​ទាំងអស់នេះ​គឺ​បើកទូលាយ​សម្រាប់​ការជជែក​វែកញែក ហើយ​ខ្ញុំ​មិនមាន​បញ្ហា​អ្វី​ទេ​។ យើង​និយាយ​អំពី​សិទ្ធិ​របស់​ស្ត្រី ហើយ​យើង​គិតគូរ​ខ្លាំងណាស់​អំពី​ប្រពៃណី​តឹងរ៉ឹង ដែលមាន​នៅក្នុង​ប្រទេស​អស់​ជាច្រើន​សតវត្សរ៍​”​។

​នាង​មី​ត្រូវបាន​ជ្រើសរើស បន្ទាប់ពី​អ្នកដឹកនាំ​រឿង​បានធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​លើ​បេ​ក្ខ​នារី​ជាង ៩០០ នាក់​។​

​នាង​មី ដែល​ឥឡូវនេះ​មាន​អាយុ ១៥ ឆ្នាំ និង​ត្រូវគេ​និយាយថា​បាន​បញ្ចុះបញ្ចូល​ឪពុកម្តាយ​របស់​នាង​ថា​នាង​អាច​សម្តែង​តួអង្គ​នេះ​បាន​នោះ បាន​សម្តែង​ការខកចិត្ត ដែល​ខ្សែភាពយន្ត​នេះ​មិនអាច​ទស្សនា​ដោយ​ជនជាតិ​វៀតណាម​បាន ទោះបី​វា​បានទទួល​ការអបអរសាទរ​នៅ​ប្រទេស​ផ្សេង​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

ង្វៀន ភួង​ត្រា​មី តួឯក​ស្រី​នៅក្នុង​រឿង The Third Wife
#