ចាក់​បញ្ចាំងភាពយន្ត​ឯកសារ “​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​” នៅ​ថ្ងៃទី​២៦​កក្កដា​នេះ​

1014
ចែករម្លែក

(​ភ្នំពេញ​)៖ សាលាក្តី​ខ្មែរក្រហម ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ត​ល់​ឯកសារ​ច្បាប់​ទាក់ទង​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា និង​មជ្ឈមណ្ឌល​សោតទស្សន៍​បុ​ប្ជា​ណា នឹង​រៀបចំ​ពិធី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​មាន​ចំណងជើង​ថា “​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​” នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៧ នៅ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ដែលមាន​ទីតាំង​ជាប់​នឹង​អគារ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា តាមផ្លូវ​ឧកញ៉ា​ម៉ុង​ឫទ្ធី ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស​បន្តថា មន្ត្រី​អង្គទូត និង​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប្រមាណ​ជាង​៣០០​នាក់​នឹងចូលរួម​ទស្សនា​ខ្សែ​ភាព​​យន្ត​នេះ​។​

​សេចក្តីប្រកាស​បន្តថា ការចាក់​បញ្ចាំង​ខ្សែភាពយន្ត “​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​”​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ គឺ​ចំ​ខួប​៧​ឆ្នាំ​នៃ​ការប្រកាស​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ប្រឆាំងនឹង​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង​សម័យ​ខ្មែរ​ក្រ​​ហម ដែល​កាលនោះ អង្គជំនុំជម្រះ​សាលាដំបូង បានសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ឌុ​ច រយៈពេល ៣៥ ឆ្នាំ​។ ប៉ុន្តែ​ក្រោយពី​មាន​​បណ្តឹងសាទុក្ខ អង្គជំនុំជម្រះ​តុលាការ​កំពូល បានសម្រេច​ផ្តន្ទាទោស​ឌុ​ច​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ បច្ចុប្បន្ន ឌុ​ច​កំពុង​អនុវត្ត​ទោស​​ជាប់ពន្ធនាគារ​អស់​មួយជីវិត នៅ​ពន្ធនាគារ​ខេត្តកណ្តាល​។​

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងថា ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការចងចាំ​​ជាពិសេស​សម្រាប់​យុវជន​ចងចាំ​ពី​ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ ដែល​បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម​។​

​លោក នេត្រ ភក្ត្រា បន្តថា ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​អំពី​កិច្ចការ​សាលាក្តី​ខ្មែរក្រហម​ក៏ដូចជា​ផ្តល់​​ព័ត៌មាន​ដល់​សាធារណជន​ជាពិសេស​និស្សិត​ឱ្យបាន​ជ្រាប​អំពី​វត្តមាន​នៃ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ទាក់ទង​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​កម្ពុជា ដែលជា​ទីកន្លែង​តម្កល់​រាល់​ឯកសារ​ទាំងឡាយ ទាក់ទង​នឹង​ការជំនុំជម្រះ​ក្តី​នៅ​ចំពោះមុខ​សាលាក្តី​ខ្មែរក្រហម​។

​លោកអ្នក​នាំពាក្យ បន្ថែមថា មជ្ឈមណ្ឌល​នេះ បាន​បើក​ដំណើរការ​ជា​ផ្លូវការ ហើយ​សាធារណជន​និស្សិត​និង​អ្នកសិក្សា​ស្រាវជ្រាវ​អាច​ចូល​​ទៅ​អាន និង​ស្រាវជ្រាវ​ពី​រឿង​រ៉ាង​ផ្សេងៗ ទាក់ទង​នឹង​ការជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​០០១ ប្រឆាំងនឹង​អតីត​ប្រធាន​គុក​ទួលស្លែង កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច​៕​ដោយ​៖ ម៉េង​ឆៃ​