ភាពវឹកវរ​នយោបាយ​នៅ​ស្រ៊ី​លង្កា​ទំនងជា​មិន​ធ្វើអោយ​រង្គើឥទ្ធិពល​ចិន​

418

លទ្ធផលនៃវិបត្តិនយោបាយដែលកំពុងកើតមាននៅស្រ៊ីលង្ការ ទំនងជាមិនប៉ះពាល់ឥទ្ធិពលចេះតែកើនឡើងរបស់ចិននៅក្នុងប្រទេសអាស៊ីខាងត្បូងនេះទេ ខណៈរដ្ឋាភិបាលក្រុងប៉េកាំងធានាបានវត្តមានរយៈពេលវែងមួយតាមរយៈគំរោងហេដ្ឋារចនាសម្ពន្ធនានា, នេះបើតាមពួកអ្នកវិភាគប្រាប់សារព័ត៌មានរុស្ស៊ីមួយ។

ចលាចលនយោបាយនៅស្រីលង្ការកាន់តែដុនដាបឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតី​Maithripala SirisenaតែតាំងលោកMahinda Rajapaksaជំនួសនាយករដ្ឋមន្រ្តីរបស់ប្រទេស ដើម្បីបង្កើតគណៈរដ្ឋមន្រ្តីថ្មីមួយ។

Ranil Wickremesingheបានហៅការបណ្តេញលោកចេញពីតំណែងថាអធម្មនុញ្ញ និងអះអាងថាលោកនៅតែជានាយករដ្ឋមន្រ្តីដោយសារគណបក្សUNPរបស់លោកមានសម្លេងភាគច្រើននៅក្នុងសភា។ជាការឆ្លើយតប ទៅនឹងការទាមទាររបស់Wickremesingheអោយកោះប្រជុំសភាដើម្បីកំណត់សំរេចថាតើនរណាជានាយករដ្ឋមន្រ្តីពិតប្រាកដ លោកប្រធានាធិបតីបានសំរេចព្យួរសភារហូតដល់ថ្ងៃ១៦វិច្ឆិកា ទំនងជារង់ចាំពេលកៀងគររកសម្លេងក្នុងសភា តែទីបំផុតបានសុខចិត្តកោះប្រជុំសភានៅថ្ងៃ០៧វិច្ឆិកាវិញដោយសារមានសម្ពាធពីប្រធានសភា។

ការវិលរបស់លោកRajapaksa ដែលបានធ្វើជាអធិបតីនៃគំរោងវិនិយោគចិនធំៗនៅក្នុងប្រទេសក្នុងអំឡុងពេលលោកកាន់តំណែងប្រធានាធិបតី២០០៥-២០១៥មកកាន់អំណាចវិញ បង្កជាសំណួរអំពីថាតើចិនស្វះស្វែងសាងឥទ្ធិពលរបស់ខ្លួននៅក្នុងស្រីលង្ការឬបន្ទាប់ពីលោកRajapaksaមិនបានក្លាយជានាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតសកលនៅឆ្នាំ២០១៥។

ទោះជាយ៉ាងណា មិនថានរណាជានាយករដ្ឋមន្រ្តីចេញពីការតស៊ូអំណាចនេះទេ ឥទ្ធិពលកាន់តែកើនឡើងរបស់ចិននៅស្រីលង្ការទំនងជានឹងមិនប៉ះពាល់។

ដាមេន ឃីងប៊ឺរី សាស្រ្តាចារ្យខាងនយោបាយអន្តរជាតិនៅសកលវិទ្យាល័យDeakin Universityប្រទេសអូស្រ្តាលី បានប្រាប់កាសែតSputnikថា«នេះជាឧទាហរណ៍ល្អណាស់មួយនៃមធ្យោបាយទន់របស់ចិននៅក្នុងទំនាក់ទំនងបរទេស។តាមរយៈកំចីការប្រាក់ទាបនិងការវិនិយោគនៅក្នុងប្រទេសទទួលឥណទានមួយចំនួន ចិនអាចទិញវត្តមានរយៈពេលវែងមួយដោយប្រសិទ្ធភាពនៅក្នុងប្រទេសទាំងនោះ ។វាមិនត្រឹមតែធានាការវិនិយោគ និងឥទ្ធិពលយុទ្ធសាស្រ្ត តែគោលដៅរយៈពេលវែងថែមទៀត។យើងដឹងថា ចិនមានផែនការច្បាស់លាស់មួយក្នុងការក្លាយខ្លួនជាមហាអំណាចផុតលេខនៅយ៉ាងយូរត្រឹមឆ្នាំ២០៥០ ។តាមការទស្សន៍ទាយរបស់ខ្ញុំគឺថាចិននឹងសំរេចបានគោលដៅនោះមុនឆ្នាំ២០៥០»។

លោកបានពន្យល់ថា ប្រទេសមួយចំនួនតួយ៉ាងដូចស្រីលង្ការ នឹងបន្តពឹងលើការវិនិយោគរបស់ចិនសំរាប់គំរោងហេដ្ឋារចនាសម្ព័ន្ធ ដោយសារតែមិនអាចរកប្រាក់ធ្វើដោយខ្លួនឯង ទោះជាគំរោងដូច្នេះផ្តល់ផលសំរាប់សេដ្ឋកិច្ចមូលដ្ឋានមានកំរិត។

លោកថា«ការវិនិយោគរបស់ចិនបំរើអោយកំពង់ផែចិននិងប្រើទំនិញមានប្រភពមកពីចិន។ផលដុលរបស់វាលើសេដ្ឋកិច្ចក្នុងស្រុកមានកំរិតតូច។ផលប្រយោជន៍ពិតមកពីគំរោងវិនិយោគរបស់ចិន គឺគេច្រើនតែសង់ហេដ្ឋារចនាសម្ពន្ធណាដែលប្រទេសសាមីមិនមានលទ្ធភាពធ្វើដោយខ្លួនឯង»។

ស្រីលង្កាបានប្រគល់ការគ្រប់គ្រងកំពង់ផែHambantotaនៅឆ្នេរខាងត្បូងទៅចិនកាលពីខែធ្នូឆ្នាំ២០១៧បន្ទាប់ពីរដ្ឋាភិបាលក្នុងស្រុកតស៊ូរកប្រាក់ចំនួន១.៣០០លានដុល្លារសំរាប់សងកំចីពីធនាគារចិនមួយសំរាប់គំរោងកំពង់ផែ។ក្រោមកិច្ចព្រមព្រៀងជួល៩៩ឆ្នាំ បណ្តាក្រុមហ៊ុនចិនកាន់កាប់ភាគហ៊ុន៧០ភាគរយនៅក្នុងកំពង់ផែយុទ្ធសាស្រ្តនេះ។

ក្នុងអំឡុងសន្និសីតកាសែតជាទៀងទាត់របស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកលូកាង បានបញ្ជាក់អះអាងសាជាថ្មីថា ចិនមិនកាន់ជើងខាងណាទេនៅក្នុងវិបត្តិនៅស្រីលង្កា គឺគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។«អ្វីកំពុងកើតនៅស្រីលង្កាជាកិច្ចការផ្ទៃក្នុងរបស់គេ។យើងជឿថារដ្ឋាភិបាល បណ្តាគណបក្សនិងប្រជាជនស្រីលង្កាមានការវៃឆ្លាតនិងវិធីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន»។

តែចាប៊ីន ចាកូប អ្នកវិភាគនយោបាយនិងជាអតីតនាយករងនៃវិទ្យាស្ថាននៃការសិក្សាចិននៅ ក្រុងញូវដេល្លី ប្រទេសឥណ្ឌា បាននិយាយថា« ស្រីលង្កាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ មិនមែនជារដ្ឋផ្តាច់ការទេ។ប្រជាជនមានឱកាសបោះឆ្នោតសំរាប់ការបោះឆ្នោតខាងមុខ។ប្រជាជនមានសម្លេងនិងប្រជាជននឹងប្រតិកម្ម។ចិនមិនអាចនិយាយថាមិនខ្វល់បានទេ»។

ការបង្កើនវត្តមានចិននៅអាស៊ីខាងត្បូងក៏នាំអោយឥណ្ឌាមានការព្រួយបារម្ភផងដែរ ដោយសារតែខ្លួនធ្លាប់តែជាអ្នកមានឥទ្ធិពលខ្លាំងប្រចាំតំបន់ បើនិយាយអំពីភូមិសាស្រ្តនយោបាយ។អ្វីដែលឥណ្ឌាអាចធ្វើបានដើម្បីទប់ទល់នឹងចិនគឺគ្រឿងលើកទឹកចិត្តបែបទន់ ស្រដៀងនឹងចិនដែរ។វាសុទ្ធតែនាំមកប្រយោជន៍សំរាប់ស្រីលង្កាព្រោះ នៅពេលអ្នកមានមហាអំណាចពីរនៅអមសងខាងនិងព្យាយាមដាក់ឥទ្ធិពល ផលបានមកលើប្រទេសតូចនៅកណ្តាល នេះបើតាមលោកសាស្រ្តាចារ្យ ឃីងប៊ឺរី។

ចំណែកលោកចាកូប បានសម្តែងគំនិតស្រដៀងគ្នាថា កំណើនឥទ្ធិពលចិននឹងបង្ខំអោយឥណ្ឌាកាន់តែសុភាពឡើងនៅក្នុងការដោះស្រាយការងារជាមួយប្រទេសជិតខាង៕ដោយ៖វាសនា