ភាព​តានតឹង​កើនឡើង ខណៈដែល​អាមេរិក​គំរាម កម្ចាត់​ចោល​មី​ស៊ី​ល​រុស្ស៊ី​

860
ចែករម្លែក

 

ការគំរាមកំហែងពីអ្នកការទូតអាមេរិកជាន់ខ្ពស់ម្នាក់ដើម្បីកម្ចាត់ចោលមីស៊ីលរុស្ស៊ីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីន​តោនជឿថាកំពុងរំលោភលើសន្ធិសញ្ញាទប់ស្កាត់អាវុធសម័យសង្រ្គាមត្រជាក់ទំនងជាបង្កឱ្យមានភាពតានតឹងបន្ថែមទៀតជាមួយរដ្ឋាភិបាលក្រុងមូស្គូមុនពេលកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការពារជាតិអង្គការNato ដែលធ្វើនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនៅថ្ងៃពុធទី៣ខែតុលានេះ។

លោកស្រី Kay Bailey Hutchison ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការNatoបាននិយាយនៅមុនកិច្ចប្រជុំនេះហើយបានលើកឡើងម្តងទៀតអំពីការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថារុស្ស៊ីកំពុងរំលោភកិច្ចព្រមព្រៀង​នុយក្លេអ៊ែរកម្រិតមធ្យម(INF) ឆ្នាំ១៩៨៧។

សន្ធិសញ្ញានេះបានហាមឃាត់ អាវុធមីស៊ីលដែលមានចម្ងាយមធ្យមដែលអាចបាញ់គោលដៅនៅចម្ងាយពី ៥០០ទៅ​៥.៥០០គីឡូម៉ែត្រ ។

ទោះបីជាមានការបដិសេធរបស់រុស្ស៊ីក៏ដោយ ឥឡូវនេះសហរដ្ឋអាមេរិក អះអាងថា រដ្ឋាភិបាលក្រុងមូស្គូមានមីស៊ីលថ្មីចម្ងាយមធ្យម គឺ មីស៊ីល Novator 9M729 ឬ មីស៊ីលSSC-8 នៅឃ្លាំងអាវុធរបស់ខ្លួន ដែលនឹងអាចឱ្យរុស្ស៊ីវាយប្រហារដោយអាវុធនុយក្លេអ៊ែរទៅលើបណ្តាប្រទេសជាសមាជិកអង្គការNato ដោយប្រើរយៈពេលខ្លីបំផុត។

លោកស្រី Kay Bailey Hutchisonបាននិយាយថាសហរដ្ឋអាមេរិក ចង់ស្វែងរកដំណោះស្រាយការទូតចំពោះបញ្ហានេះ។ប៉ុន្តែ លោកស្រី ហាក់ដូចជាបង្ហាញថា សហរដ្ឋអាមេរិកអាចពិចារណាចំណាត់ការយោធាប្រសិនបើ ការអភិវឌ្ឍប្រព័ន្ធអាវុធមីស៊ីលរបស់រុស្ស៊ី នៅតែបន្តនោះ៕ដោយ:សុខា/sn

លោកស្រី Kay Bailey Hutchison ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការNato

 

#