ភាព​តានតឹង​កើន​ឡើង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន នៅតាម​បណ្តោយ​ព្រំដែន​តំបន់​កា​ស្មៀរ​

788
ចែករម្លែក

ភាពតានតឹងបានកើនឡើងនៅថ្ងៃពុធទី២៣ខែឧសភានៅតាមបណ្តោយព្រំដែនដែលមានជម្លោះនិងអំពើហិង្សារវាងឥណ្ឌានិងប៉ាគីស្ថាន​នៅតំបន់កាស្មៀរនៃតំបន់ភ្នំហេមពាន្ត ស្របពេលដែលពួកទាហានជាគូប្រជែងគ្នាបានបាញ់កាំភ្លើងធំទៅលើភូមិនិងប៉ុស្តិ៍យាមតាមព្រំដែន ដែលបានឈានចូលដល់ថ្ងៃទី៦។

ក្រុមមន្ត្រីនៃប្រទេសទាំង២នេះ បាននិយាយថា ជនស៊ីវិល៥នាក់ និងទាហាម្នាក់ ត្រូវបានសម្លាប់លើទឹកដីទាំងសងខាង ដែលបាននាំឱ្យមានអំពើហិង្សាកើនឡើងនៅតំបន់ដែលមានជម្លោះនេះ។ប្រទេសទាំង២នេះ បានស្តីបន្ទោសគ្នាទៅវិញទៅមកអំពីការវាយប្រហារមុននោះ។

ប៉ូលិសឥណ្ឌាបាននិយាយថាពួកទាហានប៉ាគីស្ថានបានបន្តវាយប្រហារដោយបាញ់កាំភ្លើងផ្លោងនិងកាំភ្លើងយន្តលើប៉ុស្តិ៍យាមព្រំដែននិងភូមិជាច្រើនរបស់ឥណ្ឌានៅតំបន់Jammu ។ ជនស៊ីវិលយ៉ាងតិចណាស់ចំនួន៤នាក់ត្រូវបានសម្លាប់និងមនុស្ស៣០នាក់ផេ្សងទៀតបានរងរបួសនៅខាងភាគីឥណ្ឌា។

នៅប៉ាគីស្ថាន ​ក្រុមមន្រ្តីសន្តិសុខបាននិយាយថាកងទ័ពប៉ាគីស្ថាននិងទាហានឥណ្ឌាបានបាញ់ដាក់គ្នានៅជិតទីក្រុងSialkot ប្រទេសប៉ាគីស្ថាន ។ ពួកគេបាននិយាយថា ភាគីទាំង២ បានបាញ់ដាក់គ្នាអស់រយៈពេលជាង៤៨ម៉ោង ដោយបានសម្លាប់ជនស៊ីវិលម្នាក់និងទាហាម្នាក់។

ក្រុមមន្រ្តីបាននិយាយថាមនុស្សជាច្រើននាក់បានរងរបួសផងដែរ ដោយរួមទាំងឆ្មាំព្រំដែន៣នាក់ ។

ដូចកាលពីមុនដែរ ប្រទេសនីមួយៗនេះបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការផ្ដួចផ្ដើមវាយប្រហារមុននៅតាមព្រំដែន ចុងក្រោយបំផុតនេះនិងបានចោទដាក់គ្នាអំពីការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ២០០៣ ៕

ផ្ទះមួយនៅភូមិJora នៅតំបន់ព្រំដែនJammu របស់ឥណ្ឌា ត្រូវបានបំផ្លាញដោយការបាញ់កាំភ្លើងពីទឹកដីប៉ាគីស្ថាន កាលពីថ្ងៃអង្គារ