ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​កើនឡើង ខណៈ​អាម៉េរិក​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អ៊ីរ៉ង់​

604
ចែករម្លែក

​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​បាន​កើនឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា នៅពេលដែល​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយថា​កងទ័ពជើងទឹក​អាម៉េរិក​បាន​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អ៊ីរ៉ង់​ដែល​គំរាមកំហែង​ដល់​កប៉ាល់ចម្បាំង​របស់​ខ្លួន ខណៈដែល​វា​ហោះចូល​ទៅកាន់​ច្រក​សមុទ្រ​ហ័​រ​មូស​។​

​វា​ជាការ​ចូលរួម​ពាក់ព័ន្ធ​លើកដំបូង​របស់​យោធា​អាម៉េរិក​ជាមួយ​អ៊ីរ៉ង់​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​។​

​លោក​ត្រាំ​បានប្រកាសថា នាវាចម្បាំង​អាម៉េរិក​ឈ្មោះ USS Boxer “​បាន​ចាត់វិធានការ​ការពារ​ខ្លួន​ប្រឆាំងនឹង​ដ្រូ​ន​របស់​អ៊ីរ៉ង់ ព្រោះ​វា​គំរាមកំហែង​ដល់​សុវត្ថិភាព​នៃ​នាវា​និង​នាវិក​”​។​

​លោក​ត្រាំ​បាន​និយាយថា ដ្រូ​ន​នោះ​ត្រូវបាន​បំផ្លាញ​ភ្លាមៗ បន្ទាប់ពី​វា​បាន​ចូល​ទៅជិត​នាវា USS Boxer ប្រមាណ ៩១៤ ម៉ែត្រ​។​

​លោក​បាន​និយាយថា “​នេះ​គឺជា​សកម្មភាព​បង្កហេតុ​ចុងក្រោយបង្អស់​និង​ប្រទូសរ៉ាយ​របស់​អ៊ីរ៉ង់​ចំពោះ​នាវា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ដែនទឹក​អន្ដរជាតិ​។ សហរដ្ឋ​អាម៉េរិក​សូម​រក្សា​សិទ្ធិ​ក្នុងការ​ការពារ​បុគ្គលិក​យោធា​របស់​យើង ទីតាំង​របស់​យើង និង​ផលប្រយោជន៍​របស់​យើង និង សូម​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ថ្កោលទោស​ការប៉ុនប៉ង​រប​ស់​អ៊ីរ៉ង់​ដើម្បី​រំខាន​ដល់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ពាណិជ្ជកម្ម​ពិភពលោក​”​។​

​អ្នកការទូត​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាត ហ្សា​រី​ហ្វ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “​លោក​មិន​ទទួលបាន​ព័ត៌មាន​អំពី​ការបាត់បង់​ដ្រូ​ន​នៅថ្ងៃនេះ​ទេ​” ខណៈ​លោក​បាន​ទៅដល់​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ដើម្បី​ជួបប្រជុំ​ជាមួយ​អគ្គលេខាធិការ​លោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស​។​

​ការប្រឈមមុខគ្នា​នេះ​បានកើត​ឡើង ខណៈ​អ៊ីរ៉ង់​បាន​ការពារ​ការឃុំ​ឃាំង​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​លើ “​នាវា​ដឹក​ប្រេង​បរទេស​មួយគ្រឿង​” ដែល​គេ​ជឿថា​ជានា​វា​ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា​ឈ្មោះ Riah និង​ក្រុម​នាវិក ១២ នាក់​របស់​នាវា​នេះ ដោយសារតែ​ការរត់ពន្ធ​ប្រេងឥន្ធនៈ​។​

​វេ​ប​សាយ Sepahnews របស់​កងទ័ព​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយថា “​នាវា​នេះ​កំពុងធ្វើដំណើរ​ទៅ​ដឹក​ប្រេង​រត់ពន្ធ ដែល​បានទទួល​ពី​ទូក​អ៊ីរ៉ង់​ទៅកាន់​នាវា​បរទេស​នៅ​តំបន់​ឆ្ងាយៗ នៅពេល​វា​ត្រូវបាន​ស្ទាក់ចាប់​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និយាយថា នាវា USS Boxer បាន​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍