ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​កើនឡើង​ដោយសារ​ផ្លូវ​ដឹក​ប្រេង ខណៈ​អឺរ៉ុប​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

3055
ចែករម្លែក

​កងទ័ពជើងទឹក​អាមេរិក​ត្រៀម​ធានា​នាវាចរណ៍​និង​លំហូរ​ពាណិជ្ជកម្ម​ដោយ​សេរី នេះ​បើតាម​ការបញ្ជាក់​របស់​បញ្ជាការ​កណ្តាល​របស់​យោធា​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​៥​កក្កដា ក្រោយពី​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​ព្រមាន​រារាំង​ការដឹកជញ្ជូន​ប្រេង​កាត់​តាម​ច្រក​សមុទ្រ​Hormuz បើ​ចាំបាច់​។​

​នៅពេល​ភាព​តានតឹង​កំពុង​កើនឡើង​ដោយសារតែ​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​នេះ សហភាព​អឺរ៉ុប​កំពុង​ស្នើ​ផែនការ​មួយ​សំរាប់​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុ​ជាតិ​​មួយ​ជាមួយ​អ៊ីរ៉ង់​ក្រោយពី​អាមេរិក​ដកខ្លួន​ចេញពី​វា តែ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាស​សាន់ រ៉ូ​ហា​នី បាន​ប្រាប់​មេដឹកនាំ​នៅ​ក្រុងប៉ារីស​និង​ប៊ែ​រ​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​៥​កក្កដា​ថា សំណើរ​ជា​កញ្ចប់​នេះ​មិន​គ្រប់គ្រាន់​ទេ​។​

​លោក​រ៉ូ​ហា​នី និង​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​ខ្លះ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​បាន​គំរាម​រាំងខ្ទប់​ការដឹកជញ្ជូន​ប្រេង​ពី​បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ ប្រសិនបើ​អាមេរិក​ព្យាយាម​​មួ​លក​ខ្ទប់​ច្រមុះ​ការនាំចេញ​របស់​អ៊ីរ៉ង់​។​

​ក្នុងការ​ដំឡើង​ជំហរ​កាន់តែ​មាំទាំ​ប្រឆាំងនឹង​អាមេរិក ប្រមុខ​កង​ឆ្មាំ​បដិវត្តន៍​បាន​និយាយថា កងកម្លាំង​របស់លោក​ត្រៀមខ្លួន​រារាំង​ច្រក​សមុទ្រ​Hormuz​ដែល​ភ្ជាប់​ឈូង​​សមុទ្រ​ទៅកាន់​លំហ​សមុទ្រ​អន្តរជាតិ​។​

​សូមបញ្ជាក់ថា កាលពី​ខែឧសភា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ខាងលើ​ដែល​ក្រោម​កិច្ចព្រមព្រៀង​នេះ​ទណ្ឌកម្ម​ប្រឆាំង​​អ៊ីរ៉ង់​ត្រូវបាន​ដកចេញ ជា​ថ្នូរ​នឹង​ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​។​ចាប់តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ប្រទេស​នាវា​អោយ​​ឈប់​ទិញ​ប្រេង​អ៊ីរ៉ង់ បើ​មិន​ធ្វើតាម​ទេ​នឹង​ប្រឈម​វិធានការ​ហិរញ្ញវត្ថុ​។​

​ម៉ូ​ហា​ម៉ា​ត អា​លី ចា​ហ្វា​រី ដែល​ដឹកនាំ​អង្គភាព​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម បាន​ឆ្លើយតប​កាលពី​ថ្ងៃ​៥​កក្កដា ដោយ​លោក​បាន​និយាយថា​”​បើ​អ៊ីរ៉ង់​មិនអាច​លក់​ប្រេង​ដោយ​​សារ​តែ​សម្ពាធ​អាមេរិក នោះ​គ្មាន​ប្រទេស​ណា​ក្នុង​តំបន់​នឹង​អនុញ្ញាត​ដូចគ្នា​ដែរ​។​យើង​នឹង​ធ្វើអោយ​សត្រូវ​របស់​យើង​យល់ថា ប្រទេស​ទាំងអស់​អាច​ឬ​មិនអាច​ប្រើ​​ច្រក​សមុទ្រ​Hormuz “៕​ដោយ​៖​វាសនា​

​ច្រក​សមុទ្រ​Hormuz ជា​ផ្លូវ​ដឹក​ប្រេង​ឆ្លងកាត់​ដ៏​សំខាន់បំផុត​នៅក្នុង​លោក ដោយ​ប្រេង​ប្រមាណ​១​ភាគ​៥​ដែល​ប្រើ​លើ​លោក​សព្វថ្ងៃ​ឆ្លងកាត់​ច្រក​នេះ​ជា​រៀងរាល់ថ្ងៃ​