ភាព​តានតឹង​អំពី​ជំនួយ​កើនឡើង ខណៈ​ទាហាន​វេ​ណេ​ស៊ុយអេ​ឡា​បាញ់​សម្លាប់​អ្នក​រារាំង​២​នាក់​

539
ចែករម្លែក
  • 426
    Shares

ទាហាន​វេ​ណេ​ស៊ុយអេ​ឡា​បាន​បាញ់​លើ​ជនជាតិដើម​នៅ​ជិត​ព្រំដែន​ប្រេ​ស៊ីល​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កុម្ភៈ ដោយ​បាន​សម្លាប់​មនុស្ស​២​នាក់ ខណៈ​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ​​ព្យាយាម​រារាំង​កិច្ច​ខិតខំ​ដោយ​អាមេរិក​ដើម្បី​នាំ​ជំនួយ​ចូល​ក្នុង​ប្រទេស​ដែល​ជួប​វិបត្តិ​របស់​លោក​។​

តានតឹងតាមព្រំដែនដោយសារជំនួយអាមេរិក។១៥នាក់ត្រូវបាញ់អោយរបួសដោយសាររារាំងកងទ័ព

​អាមេរិក ដែល​ប្រកាស​គាំទ្រ​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា កំពុង​ដឹក​ជំនួយ​មក​ដាក់​តាម​ព្រំដែន​ប្រទេស​នៅ​អាមេរិក​ឡាទីន​មួយ​នេះ ទាំង​ព្រំដែន​គោក​និង​ទឹក ដើម្បី​នាំ​​ចូល​នៅ​ចុង​សប្តាហ៍​នេះ តែ​លោក​ម៉ា​ឌូ​រ៉ូ បាន​បញ្ជា​ទាហាន​អោយ​បិទ​ព្រំដែន​មិន​អោយ​នាំ​ជំនួយ​ចូល ដោយសារ​តែ​មើលឃើញថា​វា​ជា​លេស​ដើម្បី​ចូល​ឈ្លានពាន​ប្រទេស​របស់​​លោក​។​

​លោក​ថា កិច្ចខិតខំ​របស់​ក្រុមប្រឆាំង​ជាការ​«​សម្តែង​ដ៏​ថោក​»​មួយ​ដែល​គាំទ្រ​ដោយ​អាមេរិក​។​

​ប្រធានាធិបតី​សង្គមនិយម​រូបនេះ បាន​ប្រកាស​បិទ​ព្រំដែន​ជា​ប់ប្រេ​ស៊ីល​និង​បាន​គំរាម​បិទ​ព្រំដែន​កូឡុំប៊ី​ផងដែរ មុន​ក្រុមប្រឆាំង​ចាប់ផ្តើម​ផែនការ​នាំ​ជំនួយ​អាមេរិក​ចូលក្នុង​​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​ទី​២៣​កុម្ភៈ​។​

​មេដឹកនាំ​ប្រឆាំង ហ្ស័​ន ក្វាយ​ដូ កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញមុខ​នៅ​ការប្រគំ​តន្ត្រី​រៃអង្គាស​ប្រាស់​មួយ​នៅ​ទីប្រជុំជន​ជាប់​ព្រំដែន​គូ​គូ​តា របស់​កូឡុំប៊ី ដែល​គាំទ្រ​ដោយ​មហាសេដ្ឋី​​អង់គ្លេស រី​ឆាត ប្រ៊ែន​សុន និង​បាន​ទាក់ទាញ​មនុស្ស​ជិត​២០​ម៉ឺន​នាក់​។​

​ការបង្ហាញ​ខ្លួន​របស់​លោក​ជា​មួយ​ប្រធានាធិបតីកូឡុំ​ប៊ីជា​ការបង្ហាញ​ការផ្គើន​យ៉ាង​ចំហ​ចំពោះ​លោក​ម៉ា​ឌូ​រ៉ូ​ទោះ​ជា​តុលាការ​ជាន់ខ្ពស់​វេ​ណេ​ស៊ុយអេ​ឡា​បាន​ចេញ​បំរាម​មិន​អោយ​លោក​ក្វាយ​ដូ ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេសក្តី​ក្នុងពេល​មានការ​ស៊ើបអង្កេត​លើ​រូប​លោក​ក្តី​។​

​អំពើហិង្សា​កាលពី​ថ្ងៃ​សុក្រ​បាន​កើតឡើង​នៅក្នុង​ភូមិ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស ក្រោយ​ពី​សហគមន៍​ជនជាតិដើម​មួយ​បាន​រារាំង​មិន​អោយ​ក្បួន​រថយន្ត​ធ្វើដំណើរ​ទៅកាន់​​ព្រំដែន​ជា​ប់ប្រេ​ស៊ីល ពីព្រោះ​ពួកគេ​គិត​ថា​យោធា​ទាំងនោះ​នឹង​ទៅ​រារាំង​មិន​អោយ​ជំនួយ​ចូល​។​

​ពួក​មេដឹកនាំ​សហគមន៍​បាន​និយាយថា ទាហាន​បាន​ចូល​ក្នុង​ភូមិ​និង​បាញ់​សម្លាប់​មនុស្ស​២​នាក់ និង​របួស​ជាច្រើន​នាក់​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា អ្នករបួស​៧​នាក់​ក្នុងចំណោម​អ្នករងរបួស​១៥​នាក់ ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ជាប់​ព្រំដែន បូ​អា វី​ស្តា​។​

​ជុំវិញ​សភាពការណ៍​នៅវេ​ណេ​ស៊ុយអេ​ឡានេះ អគ្គលេខា​អង្គការសហប្រជាជាតិ បាន​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​វេ​ណេ​ស៊ុយអេ​ឡា នៅ​ក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​សុក្រ ហើយ​បាន​​ទទូច​អោយ​អាជ្ញាធ​រវេ​ណេ​ស៊ុយអេ​ឡាកុំ​ប្រើ​កងកម្លាំង​អាវុធលើ​បាតុករ​។​

​ក្នុងពេល​ជាមួយគ្នា តំណាង​អាមេរិក​ប្រចាំ​នៅវេ​ណេ​ស៊ុយអេ​ឡា ដែល​បាន​ចូលរួម​ជាមួយ​មេដឹកនាំ​ប្រឆាំង​និង​មេដឹកនាំ​តំបន់​ដទៃ​ទៀត​នៅ​ក្រុង​គូ​គូ​តា បាន​ហៅ​ការសម្លាប់​នេះ​​ថា​ជា​«​ឧក្រិដ្ឋកម្ម​និង​ភាពអាម៉ាស​មួយ​» និង​បាន​ប្តេជ្ញា​នាំ​ជំនួយ​ចូល​វេ​ណេ​ស៊ុយអេ​ឡា​។​

​តែ​ចិន ដែល​នៅតែ​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ ដូច​រុស្ស៊ី​ដែរ បាន​ព្រមាន​ថា ជំនួយ​មនុស្សធម៌​មិន​គួរ​ត្រូវ​បង្ខំ​នាំ​ឆ្លងកាត់​ព្រំដែន ដោយសារតែ​ការ​ធ្វើ​ដូច្នេះ​នាំ​ដល់​អំពើ​ហិង្សា​៕​ដោយ​៖​វាសនា​

​ការប្រឈមមុខ​គ្នា​នៅ​ព្រំដែន​រវាង​ទាហាន​វេ​ណេ​ស៊ុយអេ​ឡា និង​ក្រុម​ដែល​ចង់​នាំ​ជំនួយ​ចូល

#