ភាព​តានតឹង ៧ ទសវត្សរ៍​រវាង​កូរ៉េ​ទាំងពីរ​

535

កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បានរៀបចំ​ការចរចា​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ កាលពី​ថ្ងៃ​អង្គារ​ទី​៩​មករា ដោយ​ជំរុញឱ្យមាន​ក្តីសង្ឃឹម​អំពី​ការសាកសួរ​សុខទុក្ខ​គ្នា​រវាង​ប្រទេសជិតខាង​ដែល​បែកបាក់​គ្នា​យ៉ាង​ជូរចត់​នេះ​។​

​ភាព​តានតឹង​បាន​កើនឡើង​កាលពី​ឆ្នាំមុន​នៅពេលដែល​កូរ៉េខាងជើង​បានធ្វើឱ្យ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដែល​គេ​ហាមឃាត់​របស់ខ្លួន​ខណៈ​ពេលដែល​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បាន​ចូលរួម​ក្នុង​សង្គ្រាមពាក្យសម្តី​យ៉ាងខ្លាំង​ក្លា​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង គឺ លោក​គីម ជុង​អ៊ុន​។​

​នេះ​ជា​ពេលវេលា​ដ៏​សំខាន់​មួយចំនួន​នៅក្នុង​ការប្រឈមមុខ​ជា​ច្រើន​ទសវត្សរ៍​រវាង​កូរ៉េ​ទាំងពីរ ៖

១. សង្គ្រាម​

​នៅ​ខែមិថុនា​ឆ្នាំ ១៩៥០ ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​រវាង​ពួក​កុម្មុយនីស្ត​ខាងជើង​និង​ពួក​មូលធននិយម​ខាង​ត្បូង ដោយ​បង្កឱ្យមាន​សង្គ្រាម​ដ៏​ឃោរឃៅ​សម្លាប់​មនុស្ស​ពី ២ ទៅ ៤ លាន​នាក់​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​គាំទ្រ​ព្យុងយ៉ាង​ក្នុង​ជម្លោះ​រយៈពេល ៣ ឆ្នាំនេះ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​គាំទ្រ​កូរ៉េខាងត្បូង ដែល​ក្រោយមក​នៅតែ​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​ដ៏​ស្ថិត​ស្ថិរ​។​

​កូរ៉េ​ទាំងពីរ​បាន​ជាប់ផុង​នឹង​ជម្លោះ​ដ៏​គ្រោះថ្នាក់​ជាច្រើន ចាប់តាំងពី​សង្គ្រាម​បានបញ្ចប់​នៅ​ឆ្នាំ ១៩៥៣ ក្រោម​លក្ខខណ្ឌ​បទ​ឈប់​បាញ់ ជាជាង​សន្ធិសញ្ញា​សន្តិ​ភាពជា​ផ្លូវការ ជាហេតុ​ទុកឱ្យ​ប្រទេស​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​នឹង​គ្នា​នៅឡើយ បើ​ផ្អែក​តាមន័យ​បច្ចេកទេស​។​

២. ការបញ្ជូន​ឃាតករ​មក​សម្លាប់​

​ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​នូវ​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​ជាមួយ​ការវាយប្រហារ​ជាច្រើន​។​

​ប្រទេស​អា​ថ៍កំ​បាំង​នេះ​បាន​បញ្ជូន​ក្រុម​កុម្ម៉ង់ដូ​ចំនួន ៣១ នាក់​ទៅ​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ប៉ុនប៉ង​ធ្វើឃាត​លោក​ប្រធានាធិបតី​ប៉ាក់ ជុង​ហ៊ី ក្នុង​ឆ្នាំ ១៩៦៨​។ ក្នុងចំណោម​ក្រុម​កុម្ម៉ង់ដូ​ទាំងនោះ មាន ២ នាក់​ប៉ុណ្ណោះ​ត្រូវបាន​សម្លាប់​។​

​នៅក្នុង​ឧបទ្ទវហេតុ​លប​ធ្វើឃាត​មួយ​ក្នុង​ឆ្នាំ ១៩៧៦ ទាហាន​កូរ៉េខាងជើង​បាន​វាយប្រហារ​លើ​ក្រុមការងារ​មួយ ដែល​កំពុង​ព្យាយាម​កាប់​ឈើ​នៅ​ខាងក្នុង​តំបន់​គ្មាន​យោធា ដោយ​បណ្តាលឱ្យ​ទាហាន​អាមេរិក​ពីរ​នាក់​ស្លាប់​។​

​ព្យុងយ៉ាង​បានចាប់ផ្តើម​ប៉ុនប៉ង​ធ្វើឃាត​ដ៏​បំផុត​របស់ខ្លួន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ ១៩៨៣ នៅពេលដែល​គ្រាប់បែក​មួយ​បាន​ផ្ទុះ​នៅក្នុង​ចេតិយ​មួយ​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​ប្រទេស​ភូមា ក្នុងអំឡុង​ទស្សនកិច្ច​មួយ​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ជុន ឌូ​វ៉ាន់ ។ គាត់​បាន​រស់រានមានជីវិត ប៉ុន្តែ​មនុស្ស ២១ នាក់​រួមទាំង​រដ្ឋមន្ត្រី​មួយចំនួន​ត្រូវបាន​សម្លាប់​។​

​ក្នុង​ឆ្នាំ ១៩៨៧ គ្រាប់បែក​នៅលើ​យន្តហោះ​កូរ៉េខាងត្បូង​មួយ​បាន​ផ្ទុះ​នៅលើ​សមុទ្រ​អានដាម៉ាន់ ដោយ​សម្លាប់​មនុស្ស​ទាំង ១១៥ នាក់​នៅលើ​យន្តហោះ​នោះ​។ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​ចោទប្រកាន់​ក្រុង​ព្យុងយ៉ាង តែ​ពួកគេ​បដិសេធ​។​

៣. ការប្រឈមមុខគ្នា​ដោយផ្ទាល់​

​មេដឹកនាំ​ស្ថាបនិក​របស់​កូរ៉េខាងជើង​លោក​គីម អ៊ី​ល​ស៊ុ​ង​បានទទួល​មរណភាព​ក្នុង​ឆ្នាំ ១៩៩៤ ប៉ុន្តែ​នៅក្រោម​ការដឹកនាំ​របស់​កូនប្រុស​គាត់ គឺ​លោក​គីម ជុងអ៊ីល កូរ៉េខាងជើង​នៅតែ​បន្ត​រករឿង​កូរ៉េខាងត្បូង​។​

​ក្នុង​ឆ្នាំ ១៩៩៦ នាវាមុជទឹក​របស់​កូរ៉េខាងជើង​មួយ​នៅលើ​បេសកកម្ម​ចារកម្ម​បាន​បើក​ចូល​កំពង់ផែ​ក្រុង​កាង​ណឹ​ង​ភាគ​ខាងកើត​កូរ៉េខាងត្បូង ដោយ​បង្កឱ្យមាន​ការតាមប្រមាញ់​នាវាមុជទឹក​នេះ​រយៈពេល ៤៥ ថ្ងៃ ដែល​បានបញ្ចប់​ទៅដោយ​ស្លាប់​សមាជិក​នាវិក ២៤ នាក់​។​

​ការប៉ះទង្គិច​គ្នា​រវាង​នាវា​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​ក្នុង​ឆ្នាំ ១៩៩៩ បាន​បណ្តាលឱ្យ​ទាហាន​កូរ៉េខាងជើង​ចំនួន ៥០ នាក់​ស្លាប់​។​

​នៅ​ខែមីនា​ឆ្នាំ ២០១០ ក្រុង​សេ​អ៊ូ​ល​បាន​ចោទប្រកាន់​ក្រុង​ព្យុងយ៉ាង​ថា​បាន​បាញ់​ពន្លិច​នាវាចម្បាំង​មួយគ្រឿង ដោយ​សម្លាប់​សមាជិក​នា​វិក​ចំនួន ៤៦ នាក់​។ ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​នៅ​ខែវិច្ឆិកា​ឆ្នាំ​ដដែល​នោះ កូរ៉េខាងជើង​បានចាប់ផ្តើម​បើក​ការវាយប្រហារ​ជា​លើកដំបូង​របស់ខ្លួន​នៅលើ​តំបន់​ជន​ស៊ីវិល ចាប់តាំងពី​សម័យ​សង្គ្រាម ដោយ​បាញ់កាំភ្លើង​ធំ​ចំនួន ១៧០ គ្រាប់​លើ​កោះ​យិន​ព្យឹ​ង (Yeonpyeong)​។ មនុស្ស ៤ នាក់​ត្រូវបាន​សម្លាប់​ក្នុងនោះ​មាន​ជន​ស៊ីវិល ២ នាក់​។​

៤. ដំណាក់កាល​អាវុធ​នុយក្លេអ៊ែរ

​កូរ៉េខាងជើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ដើម្បី​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ដែល​គេ​ហាមឃាត់ ចាប់តាំងពី​ការសាកល្បង​ដំបូង​នៃ​គ្រាប់បែកបរមាណូ​ក្នុង​ឆ្នាំ ២០០៦ ខណៈដែល​ខ្លួន​សម្លឹងមើល​ការផលិត​រ៉ុក្កែត​ដែលមាន​សមត្ថភាព​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​សហរដ្ឋអាមេរិក​។​

​ការរីកចម្រើន​របស់​ខ្លួន​បាន​ព​ន្លឿ​ន​ក្រោម​ការដឹកនាំ​របស់លោក​គីម ជុង​អ៊ុន ដោយ​ឈានដល់​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​ធំ​បំផុត​ទី ៦​របស់ខ្លួន​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៧​។​

​ចាប់តាំងពី​ពេលនោះ​មក លោក​គីម​បានប្រកាសថា​ប្រទេស​នេះ​ជា​ប្រទេស​នុយក្លេអ៊ែរ​។​

៥. ការបើក​ខ្សែ​ទូរស័ព្ទ​ទាក់ទង​គ្នា​ឡើងវិញ​

​ទោះបី​ជាមាន​ផលប៉ះពាល់​អាក្រក់​ពី​ការប៉ះទង្គិច​គ្នា​និង​ការដាក់​អាវុធ​ព្រោងព្រាត​នៅ​ទឹកដី​កូរ៉េខាងជើង​ក្បែរ​ព្រំដែន​ដើម្បី​គំរាមកំហែង​ក្រុង​សេ​អ៊ូ​ល​យ៉ាងណាក្តី ក៏​ប្រទេស​ទាំងពីរ​នៅតែ​ធ្លាប់ធ្វើ​កិច្ចចរចា​ជាមួយគ្នា​នា​គ្រាកន្លងមក​។​

​បន្ទាប់មក មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ីល បាន​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ចំនួន ២ ជាមួយ​សម​ភាគី​មកពី​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ ២០០០ និង ២០០៧ ដែល​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេសជិតខាង​នេះ​។​

​កិច្ចចរចា​កម្រិត​ទាប​ចាប់តាំងពី​ពេលនោះ​មក​ត្រូវបានធ្វើ​ឡើងជា​ហូរហែ ប៉ុន្តែ​ខកខាន​ក្នុងការ​បង្កើត​លទ្ធផល​ដ៏​សំខាន់​។​

​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ខែក្រោយ​នេះ​នៅ​កូរ៉េខាងត្បូង​បានផ្ដល់​ឱ្យ​អ្នកជិតខាង​ទាំងពីរ​នូវ​លេស​មួយ​ដើម្បី​បើក​ខ្សែ​ទូរស័ព្ទ​ទាក់ទង​គ្នា​ឡើងវិញ ក្រោយពី​ផ្អាក​អស់​រយៈពេល ២ ឆ្នាំ​។​

​ខ្សែ​ទូរស័ព្ទ​ឆ្លងកាត់​ព្រំដែន​ពិសេស​មួយ​បានចាប់ផ្តើម​ឡើងវិញ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៦ កាលពី​សប្តាហ៍​មុន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក​គីម ជុង​អ៊ុន ដែលថា​ក្រុង​ព្យុងយ៉ាង​អាច​បញ្ជូន​ក្រុមកីឡា​មួយ​ទៅ​ចូលរួម​ការប្រកួត​នៅ​កូរ៉េខាងត្បូង ដែល​គេ​ចាត់ទុកថា​ជា “​អូឡាំពិក​សន្តិភាព​”៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត​ដេលី​មែ​ល​

ទាហាន​កូរ៉េខាងជើង