ភាព​ទាក់ទាញ​នៃ​កីឡា​លើ​ទឹកនឹង​រួមចំណែក​ធ្វើឲ្យ​បណ្តុំ​ទេសចរណ៍​ទឹកឈូ​កាន់តែ​រស់​រវើក​

1293
ចែករម្លែក

ដោយ : បូកគោ​/កំ​ពត : កីឡា​លើទឹក​ដែលជា​ប្រភេទ​ល្បែង​កម្សាន្ត​លើកដំបូង ​បាន​កើតឡើង​ក្នុង​ដងស្ទឹង​កំចាយ​នឹង​បើក​ដំណើរការ​បម្រើភ្ញៀវ​ចាប់ពី​ចុងខែ​កញ្ញា​ឆ្នាំ​២០១៨​តទៅ​។ ប្រភេទ​កីឡា​ដែល​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​បែប​ស្តង់ដារ​ទំនើប​មួយ​នេះ ​នឹង​រួមចំណែក​ធ្វើឲ្យ​បណ្តុំ​ទេសចរណ៍​នៃ​រមនីយដ្ឋាន​ទឹកឈូ​ កាន់តែ​រស់​រវើក​ឡើង​ថែមទៀត​។​

តាម​ការ​ប្រាប់ឲ្យដឹងពី​អ្នកចម្ការ​ស្ថិតក្នុង​ភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ​ដែល​នៅ​កៀក​នឹង​មណ្ឌលកីឡា​លើទឹក​ថា ប្រហែល​មួយខែ​មកហើយ​ពួកគាត់​បានឃើញ​ក្រុម​ជាង​តម្រៀប​ឧបករណ៍​ជា​ពោង​ខ្យល់ និង​ប្រភេទ​ប៊ីដុង​ដើម្បី​ធ្វើជា​សសរ ស្ពាន និង​កន្លែង​សម្រាប់​ដើរ រត់ លោត​ក្នុង​ស្ទឹង​នេះ​។ ពួកគាត់​មិនបាន​ដឹងថា​ទីនេះ​គេ​នឹង​បង្កើតជា​កន្លែង​លេងល្បែង​កម្សាន្ត​អ្វី​ទេ​។

ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា តាម​ឮ​ក្រុម​ជាង​និយាយ​គ្នា​ថា ​មណ្ឌលកីឡា​នេះ​នឹង​សម្រេច​រួចរាល់​នាពេល​ដ៏​ខ្លី​ខាងមុខ ហើយ​បើក​ដំណើរការ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មិន​គិតលុយ​ពី​ភ្ញៀវ​ចូលរួម​លេង​ទេ​សម្រាប់​ថ្ងៃ​ដំបូង​នោះ​។ ដូច្នេះ​មានតែ​ចាំមើល​ថា​តើ​ជា​ប្រភេទ​កីឡា​បែបណា​។​

លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា នេះ​ជា​ប្រភេទ​កីឡា​លើ ទឹក និង​លើកដំបូង​ដែល​បាន​កើតឡើង​ក្នុង​ខេត្តកំពត​។ វត្តមាន​នៃ​សេវាកម្ម​កីឡា​លើទឹក​នៅ​ទី​ទាំងនោះ​ពិត​ជាមាន​លក្ខណៈ​វិសេសវិសាល​បំផុត ព្រោះ​បង្កើត​ផ្ទាល់​ជាមួយ​តំបន់​ធម្មជាតិ​។ ជាទូទៅ ការបង្កើតឡើង​នូវ​កីឡា​ប្រភេទ​នេះ នៅ​បរទេស​គេ​ធ្វើ​របៀប​សិប្បនិម្មិត ដោយ​បង្កើត​អាងទឹក​ដ៏​ធំ​មួយ ហើយ​ដំឡើង​ឆាក ឬ​ទីលាន​សម្រាប់​លេង​កម្សាន្ត​ក្នុង​អាង​នោះ​តែម្តង​។ លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ថា​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យមើល និង​ណែនាំ​ម្ចាស់​ឱ្យ​ប្រកាន់យក​គោលការណ៍​បី​ជាសំខាន់ គឺមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព សម្រាប់​ភ្ញៀវ ពោលគឺ​គ្រប់យ៉ាង​ត្រូវមាន​កម្រិតស្តង់ដារ​ជាក់លាក់​។ ទី​ពីរ​ត្រូវ​យកចិត្តទុកដាក់​ពី​បរិស្ថាន ដោយ​បញ្ចៀស​នូវ​ការបោះ​ពង្រាយ​រាល់​សំណល់​ផ្សេងៗ​នៅ​នឹង​ទីតាំង និង​បរិវេណ​ជុំវិញ​។ ទី​បី​គិតគូរ​ជា​ចាំបាច់​អំពី​ចីរភាព​បរិស្ថាន គឺ​រាល់​ការធ្វើ​អ្វីៗ​មិនត្រូវ​ឱ្យ​ប៉ះពាល់​ធនធានធម្មជាតិ​ក្នុង​ទំហំធំធេង​ពេក​នោះទេ​។

ទាក់ទិន​នឹង​ការកើតឡើង​នូវ​សមិទ្ធផល​ថ្មី​នេះ លោក​សយ ស៊ី​ណុល ​បាន​បញ្ជាក់ថា ប្រភេទ​កីឡា​លើទឹក​ដែល​ទើបនឹង​កើតមាន​លើកដំបូង​នេះ​ នឹង​រួមចំណែក​ធ្វើឲ្យបណ្តុំ​ទេសចរណ៍​នៃ​រមណីយដ្ឋាន​ទឹកឈូ​កាន់តែ​រស់​រវើក​ឡើង​ថែមទៀត​៕​B